​ឃែ​រី​ត្រៀម​ស្កាត់​ជួប​លោក ពូ​ទីន ជជែក​ពី​បញ្ហា​ស៊ី​រី​ក្រោយ​រុស្ស៊ី​ដកទ័ព​

​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី ត្រៀម​ធ្វើដំណើរ​ទៅ​ក្រុង​មូ​ស្គូ ដើម្បី​ជួប​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​ជជែក​គ្នា​ពី​ដំណោះស្រាយ​នយោបាយ​សម្រាប់​បញ្ចប់សង្គ្រាម​ស៊ី​រី​នៅ​សប្តាហ៍​ក្រោយ​។ ជំនួប​ពិសេស​នេះ​ត្រូវបាន​កំណត់ឡើង​ក្រោយ​ពេលដែល ប្រមុខរដ្ឋ​រុស្ស៊ី​បញ្ជា​ឲ្យ​ដកទ័ព​មួយចំនួន​ចេញពី​ស៊ី​រី​ដើម្បី​ឲ្យ​ការចរចា​គ្នា​នៅ​ហ្សឺ​ណែវ​កាន់តែ​ងាយស្រួល​។ ជំនួប​នៅពេល​ខាងមុខ​រវាង​តំណាង​ក្រុង​វ៉ាស៊ីនតោន និង​មេដឹកនាំ​ក្រុង​មូ​ស្គូ នឹង​អាចជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការកសាង​សន្តិភាព​នៅ​ស៊ី​រី ហើយ​គេ​រំពឹងថា​សង្គ្រាមស៊ីវិល​ស៊ី​រី​មិន​ឈានដល់​ឆ្នាំ​ទី ៦​ឡើយ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​កងទ័ពអាកាស​រុស្ស៊ី​ចាប់ផ្តើម​ចាក​ចេញពី​ទឹកដី​ស៊ី​រី​បណ្តើរៗ គិត​ចាប់​ពីថ្ងៃ​ម្សិលមិញ​នេះ​។ បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី  RT  យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយក្រុម ចាកចេញ​កាលពី​ម្សិលមិញ ទី​១៥ មីនា ហើយ​មួយក្រុម​ទៀត​ចាកចេញ​នៅ​ថ្ងៃ​ពុធ​ទី ១៦​មីនា​នេះ​។

​អាច​ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន គោរព​ពាក្យសន្យា​របស់​ខ្លួន​ដែល​បញ្ជា​ឲ្យ​ដកទ័ព​មួយចំនួន​ចេញពី​ស៊ី​រី ហើយ​ងាក​មក​ត្រលប់​ផ្តោតលើ​វិធី​ការទូត​វិញ ដើម្បី​ជំរុញ​ឲ្យ​ការរក​ដំណោះស្រាយ​នយោបាយ​នៅ​ហ្សឺ​ណែវ​ជោគជ័យ​។   ភាគី​នីមួយៗ ទាំង​ក្រុមប្រឆាំង អាមេរិក និង​អង្គការសហប្រជាជាតិ បាន​ស្វាគមន៍​ការសម្រេចចិត្ត​ដកទ័ព​ចេញ​ដោយ​ផ្នែក​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​នេះ ហើយ​គេ​រំពឹងថា គោលជំហរ​របស់លោក ពូ​ទីន នឹង​ជំរុញ​ឲ្យ​ការចរចា​មាន​ផ្លែផ្កា​ខ្ពស់​។​

១.​ច​ន ឃែ​រី ត្រៀម​ជួប​លោក ពូ​ទីន ដើម្បី​ជជែក​ពី​ដំណោះស្រាយ​បន្ទាប់​
​ថ្ងៃ ១៥ មីនា ម្សិលមិញ ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃែ​រី បានប្រកាសថា​លោក ត្រៀមលក្ខណៈ​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មូ​ស្គូ​ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov នៅ​សប្តាហ៍​ក្រោយ​ជុំវិញ​ដំណោះស្រាយ​នយោបាយ​ស៊ី​រី​។

 លោក​នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ដោយ​រក​វិធាន​ការរួម​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណោះស្រាយ​នយោបាយ​អាច​ទៅមុខ​រួច ហើយ​លោក​ក៏​សង្ឃឹមថា​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ឈានដល់​ឆ្នាំ​ទី ៥​នេះ​មិន​បន្ត​ឈានដល់​ឆ្នាំ​ទី​៦​ឡើយ​។ ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម​និង​បង្កើត​បទ​ឈប់​បាញ់​ស៊ី​រី​ដែល​ចូល​ជា​ធរមាន​តាំងពី​ថ្ងៃ ២៧ កុម្ភៈ​នោះ មហាអំណាច​ទាំងពីរ​កំពុង​ស្វះស្វែង​ជំរុញ​ឲ្យ​ភាគី​ដាក់ចិត្ត​ដាក់​កាយ​អង្គុយ​តុ​ចរចា​ដើម្បី​សម្រេច​លទ្ធផល​ប្រសើរ​។

​ប៉ុន្តែ​កាលវិភាគ​ជាក់លាក់​នៃ​ដំណើរ​ទស្សនកិច្ច​មិនទាន់​ត្រូវបាន​គេ​កំណត់​នៅឡើយ​ទេ​។ តែ​ទស្សនកិច្ច​នៅ​សប្តាហ៍​ក្រោយ​អាច​កើតឡើង​នៅក្រោយ​ថ្ងៃ​អង្គារ ពោលគឺ​ក្រោយពេល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជាមួយ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ប្រទេស​គុយបា​។​

២.​អឺរ៉ុប​ថា​រុស្ស៊ី​នឹងមាន​តួនាទី​សំខាន់​ដើម្បី​បញ្ចប់​ជម្លោះ​ស៊ី​រី​
​ក្រោយ​មាន​បញ្ជា​ដកទ័ព​ចេញពី​ស៊ី​រី  អឺរ៉ុប​ក៏​សរសើរ​ប្រធានាធិបតី​រុស្ស៊ី​ផងដែរ ហើយ​គេ​រំពឹងថា រុស្ស៊ី​នឹង​បន្ត​ដឹកនាំ​និង​គាំទ្រ​ការចរចា​បង្កើត​សន្តិភាព​នៅ​ស៊ី​រី​។ សមាជិកសភា​អឺរ៉ុប​ម្នា​ក់ថា រុស្ស៊ី​នឹង​បន្ត​តួនាទី​របស់ខ្លួន​ក្នុង​ការគាំទ្រ​ការផ្សះផ្សា​ជាតិ​ស៊ី​រី និង​បង្កើត​ដំណោះស្រាយ​នយោបាយ​មួយ​ពេញលេញ​។ ហើយ​វា​ក៏​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​វិបត្តិ​មនុស្សជាតិ​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ស៊ី​រី​ដែរ​។​

​បណ្តា​អ្នកការទូត​លោកខាងលិច​យល់ថា ការ​ដកទ័ព​ចេញពី​ស៊ី​រី ជាការ​ដាក់​សម្ពាធ​បន្ថែម​លើ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​បច្ចុប្បន្ន​ដែល​រឹងទទឹង​មិនសូវ​ចង់​ចរចា​។ ឲ្យ​តែ​និយាយ​ដល់​ជោគវាសនា​របស់​ប្រធានាធិបតី បា​សា អាល់​អាសាដ តំណាង​រដ្ឋាភិបាល​ព្រមាន​ភ្លាម​ថា បើ​លើក​រឿងនេះ​ទៀត ការចរចា​មិនអាច​កើតចេញ​ទៅរួច​ឡើយ​។​

​បើតាម​សារព័ត៌មាន​រុស្ស៊ី Sputnik  ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន ទើបតែ​ប្រា​ប់លោក បា​សា អាល់​អាសាដ ប៉ុន្មាន​ថ្ងៃមុន​ប្រកាស​ដកទ័ព​ប៉ុណ្ណោះ​។ ការដាក់​សម្ពាធ​បែបនេះ បង្ខំ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​បន្ទន់​ជំហរ​ខ្លះ និង​ធ្វើ​សម្បទាន​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​សន្តិភាព​កើតចេញ​ជា​ផ្លូវការ​។ ប៉ុន្តែ​យ៉ាងណាមិញ ដើម្បី ឈានទៅ​បង្កើត​ដំណោះស្រាយ​នយោបាយ​ដែល​ភាគី​ជម្លោះ​ព្រម​ទទួល​ទាំងសងខាង បែប​ត្រូវ​ចំណាយពេល​យូរណាស់​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​