ពលករ​ខ្មែរ​៤​នាក់ ដែល​ជួប​ការលំបាក​ក្នុង​ការងារ នៅ​ម៉ាឡេស៊ី ត្រូវបាន​ជួយ មក​ប្រទេស​វិញ

ភ្នំពេញ:
យោងតាម​សេចក្តីប្រកាស របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ចេញ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ បានអោយដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការី​នី​កម្ពុជា ចំនួន​៤​រូប អោយបាន​ត្រឡប់មក​មាតុប្រទេស​វិញ​។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ពល​ការិនី​ទាំង​៤ រូបនោះ មាន​

១- ឈ្មោះ កាន សៅ អាយុ​២៧ ឆ្នាំ បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ បន្ទាប់ពី​ស្ថានទូត បានទាមទារ​ឲ្យ​ថៅកែ​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ ពល​ការិនី​រូបនេះ បាន​មកដល់​មាតុប្រទេស​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ តាម​ជើងយន្តហោះ AK ៥៣៦​។​

២- ឈ្មោះ សាយ ច្រឹប អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃនប់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៤ និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ស្ថានទូត បានទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី​រូបនេះ ត្រឡប់មក​កម្ពុជា​វិញ​។​

៣- ឈ្មោះ ជិន កក្កដា អាយុ ៣២ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អូ​តាប៉ាង ឃុំ​ឧក​ញា​ហេង ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៤ និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ស្ថានទូត បានទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី​រូបនេះ ត្រឡប់មក​កម្ពុជា​វិញ​។​

៤- ឈ្មោះ ថន សាន អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ផាន់​ញ៉ើ​ម ឃុំ​ផ្តៀក ស្រុក​ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤ និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ ត្រូវបាន​ថៅកែ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ បន្ទាប់ពី​មានការ​ទាមទារ​យ៉ាង​ស្វិតស្វាញ​របស់​ស្ថានទូត​។​

​លោក ជុំ សុន្ទរី បន្តថា ពល​ការិនី សាយ ច្រឹប  ជិន កក្កដា និង ថន សាន នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦៖៣០ តាម​ជើងយន្តហោះ MH ៧៦២​។ កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​- ចុក​ជូន​ដល់​ពល​ការិនី​ទាំង ៤​រូប ខាងលើ​។​

​លោក​បញ្ជាក់​បន្ថែមថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី ឲ្យ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ ចំនួន​២៥​រូប​ហើយ នេះ​បើ​គិតពី​ខែ មករា ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ​៕​