រន្ធត់​! រថយន្តខុស​បច្ចេកទេស បើក​បុក​ចូល​ផ្ទះ​ស្លាប់​១ របួសធ្ងន់​-​ស្រាល​៣

ខេត្តក្រចេះ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់មួយ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ បាន​បើក​លឿន​ពេកក៏​ជ្រុល​ចង្កូត​ទៅ​បុក​​រះ​ផ្ទះ​អ្នក​ភូមិ​ចំនួន​២​ខ្នង ក្នុង​នោះផ្ទះ​តៀម​មួយ​ខ្នង​ត្រូវ​បាក់​ខ្ទេច ក្មេង​ស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ប្រុស​៣​នាក់ ​​រង​របួសធ្ងន់​-​ស្រាល ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ទី​១៦ មីនា ស្ថិត​លើ​ផ្លូវជាតិ​ក្នុង​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ដោយ​បន្ថែម​លើ​នេះ រថយន្ត​កូរ៉េ​ខាងលើ​ជ្រុល​ទៅ​បុក​បន្ត​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ដែល​ចត​ចោល​នៅ​មុខ​ផ្ទះ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​ខូចខាត​ផង​ដែរ ។

អ្នក​បើករថយន្ត និង​ព្រូ​រថយន្ត​ត្រូវ​កៀប​ជាប់​ និង​កាប៊ី​ន​រថយន្ត​ទាំង​ពីរ​នាក់ ហើយ​ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍ ជួយ​ចាប់​គាស់​ទាញ​ចេញ​មក​ក្រៅ ហើយ​បាន​នាំ​ទៅ​សង្គ្រោះ​ដោយ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ។

នាយ​រង​​នគរបាល​ចរាចរណ៍ លោក​ណាប់ ទឹ​ដ្ឋា បានឱ្យ​ដឹង​ថា ក្នុង​ឧប្បត្តិ​ហេតុនេះ ក្រៅពី​ជន​ជា​តៃកុង​រថយន្ត និង​ព្រូ​ បាន​រង​របួស​ធ្ងន់ ក៏​មាន​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ខណៈ​នាង​កំពុង​តែ​ដើរ​លើ​ចិញ្ចើម​ផ្លូវ និង​បុរស​ជា​ម្ចាស់ផ្ទះ​តៀម​បាន​រង​របួស ដោយ​ត្រូវ​រថ​យន្ត​បុក​ប៉ើង ពេល​កំពុង​ដេក​លើ​ប៉ៅ​អី​នៅ​ខាង​មុខ​ផ្ទះ តែ​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។ ហើយ​ផ្ទះ​តៀម​មួយ​ខ្នង ត្រូវ​បុក​បាក់​រៀប​ដល់​ដី និង​​ផ្ទះ​ឈើ​មួយ​ខ្នង​ទៀត ក៏​រង​ការ​ខូចខាត ។

តាម​​ការ​ឆ្លើយ​របស់​អ្នក​បើករថយន្ត​ថា មូលហេតុ​ឱ្យ​មាន​គ្រោះថ្នាក់ គឺ​ដោយសា​តែ​កំហុស​បច្ចេកទេស ពេល​បើក (​រថយន្ត​ដាច់​ម៉ែត្រ​ចង្កូត​) ទើប​បណ្តាល​ឱ្យ​រេ​ចង្កូត​បុក​រះ​បែប​នេះ ។