លោក ប៉ុន សុខ ស្នងតំណែងលោក ជួន ណារិន ខណៈលោក ហ៊ុន សាមុត នៅដដែល(video)

ភ្នំពេញ៖ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានជាប់ជាសមាជិក ប្រតិបត្តិថ្មីរបស់ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) ជំនួសតំណែងលោក ឧត្តមសេនីយ៍ត្រី ជួន ណារិន ដែលផុតអាណត្តិ និងមិនបន្ដឈរឈ្នោះ ឲ្យគេបោះឆ្នោតជាថ្មី ខណៈលោក ហ៊ុន សាមុត បានបន្ដជាប់ឆ្នោតធ្វើជា សមាជិកប្រតិបត្តិសហព័ន្ធដដែល ក្រោយទទួលបានសម្លេង គាំទ្រច្រើនជាងគេ ។

នៅថ្ងៃទី១៦ ខែមីនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើមហាសន្និបាត លើកទី១០ ដើម្បីប្រកាសពី សមិទ្ធិផល ក៏ដូចជាលើកទិសដៅ អភិវឌ្ឍន៍ឆ្នាំថ្មី ប៉ុន្ដែជាមួយគ្នាសហព័ន្ធ បានរៀបចំកម្មវិធី បោះឆ្នោតជ្រើសរើស សមាជិកប្រតិបត្តិថ្មី ២រូប ដើម្បីជំនួសតំណែង សមាជិក ២រូប ដែលផុតអាណត្តិ រួមមានលោក ជួន ណារិន និងលោក ហ៊ុន សាមុត ។

ជាគោលការណ៍សមាជិកផុតអាណត្តិ គឺអាចឈរឈ្មោះជា បេក្ខជនឲ្យគេ បោះឆ្នោតបាន ប៉ុន្ដែ ក្នុងចំណោមមន្ដ្រីទាំង ២រូប ដែលផុតអាណត្តិលោក ជួន ណារិន មិនបានប្រកាសឈរឈ្មោះឲ្យគេ បោះឆ្នោតនោះទេ ខណៈលោក ហ៊ុន សាមុត បានឈរឈ្មោះឲ្យគេបោះឆ្នោតបន្ដទៀត ដើម្បីក្លាយជា សមាជិកសហព័ន្ធបន្ដ ។

ជាមួយគ្នានោះក៏មានបេក្ខជនថ្មីសរុប ៧រូបផ្សេងទៀត បានចូលរួមឈរឈ្មោះ ឲ្យគេបោះឆ្នោតផងដែរ ប៉ុន្ដែជាលទ្ធផលលោក ហ៊ុន សាមុត បាន ទទួលសម្លេង គាំទ្រច្រើនជាងគេ ក្នុងចំណោមសន្លឹក ៣០ (សន្លឹកឆ្នោតបានការ) មានអ្នកបោះឆ្នោតឲ្យលោក ២៥សម្លេង ខណៈបេក្ខជនថ្មីលោក ប៉ុន សុខ ទទួលបានការគាំទ្រ ២៤សម្លេង ដូច្នេះលោក ហ៊ុន សាមុត នៅតែបន្ដធ្វើជា សមាជិកដដែល រីឯលោក ប៉ុន សុខ ក៏បានឡើង កាន់តំណែងជំនួស លោក ជួន ណារិន តែម្ដង ៕

លោក ប៉ុន សុខ ស្នងតំណែងលោក ជួន ណារិន ខណៈលោក ហ៊ុន សាមុត នៅដដែល(video)