បារាំង​គិត​ដូរ តួរអេហ្វែល ដាក់​រូប​ចម្លាក់ ស្លាតាន់ ជំនួស​វិញ?

តើ ស្លាតាន់ អ៊ីប្រ៊ាហ៊ីម៉ូវិក (Zlatan Ibrahimovic) កីឡាករបាល់ទាត់​អន្តរជាតិ មកពីប្រទេសស៊ុយអ៊ែត ពិត​ជា​នៅ​ទាត់​​ឲ្យក្រុមប៉ារីស នៅរដូវកាលក្រោយទៀតឬ? ជាចម្ងល់ដែលរកចម្លើយ មិនចេញ តាំង​ពីច្រើន​ខែ​មក​ហើយ ខណៈ​កីឡាករ​រួបនេះ នឹងផុតកិច្ចសន្យារបស់ខ្លួន នៅខែមិថុនាខាងមុខ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យនេះ កីឡាករ​បាន​ចេញ​មុខ មក​បក​ស្រាយ តាម​របៀប​កំប្លែង​លេងសើច​មួយ ដែលនឹកស្មានមិនដល់។
បារាំង​គិត​ដូរ តួរអេហ្វែល ដាក់​រូប​ចម្លាក់ ស្លាតាន់ ជំនួស​វិញ?

កីឡាករបាល់ទាត់​អន្តរជាតិ មកពីប្រទេសស៊ុយអ៊ែត ស្លាតាន់ អ៊ីប្រ៊ាហ៊ីម៉ូវិក និង តួរអេហ្វែល នៃរដ្ឋធានីប៉ារីស។ (រូបថតឯកសារ)

នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាអ្នកគាំទ្រក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint Germain) បានផ្អើលជ្រួលជ្រើម ស្ទើរហើបជើងពីដី សឹងតែរៀងៗខ្លួន ព្រោះពាក្យសំដីលេងសើច​ក្អាកក្អាយ របស់កំពូលកីឡាករបាល់ទាត់ ដ៏ល្បីឈ្មោះ មកពីប្រទេសស៊ុយអែត ស្លាតាន់ អ៊ីប្រ៊ាហ៊ីម៉ូវិក (Zlatan Ibrahimovic) ដែលមកដល់ថ្ងៃនេះ បានជាប់ជាកំពូលកីឡាករ ដែលរកគ្រាប់បាល់​បានច្រើនជាងគេ នៅទ្វីប​អ៊ឺរ៉ុប ខ្លាំងជាងកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅក្រុមរៀល ម៉ាឌ្រីត (Real Madrid) ឬ​កីឡាករ លីយ៉ូណែល ម៉េស៊ី (Lionel Messi) នៅក្រុមបាសឺឡូន (Barcelona) ទៅទៀត។

ពាក្យសំដីកំប្លែងលេងសើច របស់កីឡាករនោះ បានធ្វើឡើង ដើម្បីជាការឆ្លើយតប ទៅនឹងសំនួរ ដែលបាន​ចោទ​សួរ តាំងពីច្រើនខែមកហើយ ថាតើ កីឡាករស៊ុយអ៊ែតខាងលើ នឹងនៅទាត់ឲ្យក្រុមប៉ារីសទៀតឬទេ? បន្ទាប់​ពី​រកគ្រាប់បាល់ បានរហូតដល់ទៅ៤គ្រាប់តែឯង នៅក្នុងការប្រកួតរវាងក្រុមប៉ារីស និងក្រុមត្រ័រ កាល​ពី​រសៀល​ថ្ងៃអាទិត្យកន្លងមក កីឡាករ ស្លាតាន ដែលមានមាឌធំក្រអាង បានថ្លែងទៅកាន់ទូរទស្សន៍ «BeIN Sports» របស់បារាំងថា៖ «សម្រាប់ពេលឥឡូវ ខ្ញុំនឹងមិននៅ​ក្នុងក្រុមប៉ារីស​ទៀតទេ នៅក្នុងរដូវកាលក្រោយ។ ខ្ញុំនៅ​មាន​រយៈពេល ១ខែកន្លះនៃរយៈពេល នៅក្នុងកិច្ចសន្យាទៀត។ អញ្ចឹងខ្ញុំចង់ឆ្លៀតឱកាស ឲ្យបាន​ច្រើន​បំផុត ជាមួយ​នឹងវត្តមានរបស់ខ្ញុំ នៅទីនេះ។ ខ្ញុំមិនទាន់ដឹងថា នឹងមានរឿងអ្វីកើតឡើង នៅរដូវកាល​ក្រោយ​ឡើយ ប៉ុន្តែ​សម្រាប់​ពេល​នេះ ខ្ញុំនឹងមិននៅណ្នឹងទៀតទេ។»

នៅចំពោះសំនួរបន្ថែម របស់អ្នកសារព័ត៌មាន ដែលចង់ដឹងថា តើកីឡាករ ស្លាតាន់ មិនទទួលបាន​ការ​ចូលចិត្ត​គ្រប់គ្រាប់ ពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេសបារាំងឬ? កីឡាករបាននិយាយ ទាំងសើចក្អាកក្អាយឡើងថា៖ «ខ្ញុំមិនជឿថា ពួកគេ (អ្នកគាំទ្រនៅក្នុងប្រទេសបារាំង) អាចប្ដូរ តួរអេហ្វែល (Tour Eiffel) ដោយ​ដាក់​ជំនួស​ដោយ​រូបចម្លាក់របស់ខ្ញុំនោះទេ។ អញ្ចឹង... បើសូម្បីនាយកក្រុមបាល់ទាត់ (ប៉ារីស) ក៏ពួកគេមិនអាច​ធ្វើបាន​ដែរ។ តែបើពួកគេអាចធ្វើបាននោះ ខ្ញុំសន្យាថា ខ្ញុំនឹងនៅទីនេះបន្តទៀត។»

គេមិនដឹងថា តើចម្លើយរបស់កីឡាករខាងលើនេះ មានអត្ថន័យយ៉ាងណាទេ។ តែវាអាចជាសំពាធមួយ ដើម្បី​ជាលក្ខខណ្ឌ ក្នុងការជជែកតម្លៃខ្លួន ជាមួយនាយកក្រុមបាល់ទាត់ ប៉ារីស សម្រាប់ការបន្តទាត់ឲ្យក្រុមនេះ នា​រដូវ​កាល​ខាងមុខ។ នៅមុខកិច្ចសម្ភាសជាកីឡាករ ស្លាតាន ទូរទស្សន៍ «BeIN Sports» ដដែលក៏បាន​ជួប​សម្ភាស ជាមួយនាយកក្រុមប៉ារីស លោក «Nasser Al-Khelaifi» ដែរ ពីអនាគតរបស់កំពូលកីឡាករ នៅក្នុង​ក្រុម សម្រាប់ឆ្នាំខាងមុខ។ លោក «Nasser» បានឆ្លើយថា៖ «ក្រុមប៉ារីស ចង់ឲ្យកីឡាកររូបនេះ នៅបន្ត​ទៀត»។

បារាំង​គិត​ដូរ តួរអេហ្វែល ដាក់​រូប​ចម្លាក់ ស្លាតាន់ ជំនួស​វិញ?

តែពាក្យសំដីលេងសើច របស់កីឡាករស្លាតាន់ ទាក់ទងនឹង «តួរអេហ្វែល» ខាងលើ បានធ្វើឲ្យមនុស្ស​ជា​ច្រើន​ប្រតិកម្ម។ ពីក្នុងចំណោមនោះ ស្ថាប័នដែលគ្រប់គ្រង «តួរអេហ្វែល» ខ្លួនឯង បានសរសេរតប តាម​បណ្ដាញ​សង្គម​ទ្វីសធើរ ទៅកាន់កីឡាករ ស្លាតាន់ វិញថា៖ «ខ្ញុំចូលចិត្តភាពកំប្លុកកំប្លែង របស់អ្នកឯង @Ibra_Official ... ហើយ​ក៏ចូលចិត្ត ទេសភាពរបស់រដ្ឋធានីប៉ារីស មើលពីលើ តួរអេហ្វែល ដែរ។ តែ តួរអេហ្វែល គឺ(មានតែ) ខ្ញុំ (ប៉ុណ្ណោះ)។» នៅមួយថ្ងៃក្រោយមកទៀត «តួរអេហ្វែល» ដដែលបានបន្តផ្លែផ្កា ដាក់កីឡាករទៀតថា៖ «និយាយ​មើល៏ ថាអ្នកឯង (ស្លាតាន) នឹងមកវាស់កំពស់ ជាមួយនឹងខ្ញុំ នៅថ្ងៃព្រហស្បត្តិ៍នេះឬ? កាំជណ្ដើរ​ទាំង​១៦៦៥កាំ​របស់​ខ្ញុំ រង់ចាំតែអ្នកឯងប៉ុណ្ណោះ»៕

------------

» រូបភាពចំអកមួយចំនួនទៀត៖

បារាំង​គិត​ដូរ តួរអេហ្វែល ដាក់​រូប​ចម្លាក់ ស្លាតាន់ ជំនួស​វិញ?

បារាំង​គិត​ដូរ តួរអេហ្វែល ដាក់​រូប​ចម្លាក់ ស្លាតាន់ ជំនួស​វិញ?

បារាំង​គិត​ដូរ តួរអេហ្វែល ដាក់​រូប​ចម្លាក់ ស្លាតាន់ ជំនួស​វិញ?

------------