រុស្សី​ដក​យន្តហោះ​បន្ថែម​​ទៀត​ចេញ​ពី​ប្រទេស​ស៊ីរី

រុស្សី​ដក​យន្តហោះ​បន្ថែម​​ទៀត​ចេញ​ពី​ប្រទេស​ស៊ីរី

នេះ​ជារូបភាពដែល​ផ្តល់​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី បង្ហាញ​ពី កងទាហាន​ស៊ីរីហែ​ក្បួន​អំឡុង​ពេល​ពិធី ជូន​ដំនើរ​ទាហាន​រុស្សីនៅអាកាសយាន​ Hemeimeem ដែល​មាន​មូលដ្ឋាន​នៅស៊ីរីកាល​ពី​ថ្ងៃទី​១៥ មីនា ២០១៦។​

ក្រសួង​ការពារ​ជាតិ​រុស្សី​បាន​និយាយ​ថា​យន្តហោះ​របស់​ខ្លួន​កាន់​ច្រើន​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី ​នៅ​ថ្ងៃ​ពុធ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ដកទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​នោះ​ខណៈ​អង្គការ​សហប្រជាជាតិ បាន​រៀបចំ​កិច្ច​ចរចា​សន្តិភាព​ដោយ​ប្រយោល​ក្នុង​ទីក្រុង​ហ្សឺណែវ ជាមួយ​ភាគី​ជម្លោះ​នៅ​ប្រទេស​ស៊ីរី។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក John Kerry គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​មូស្គូ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin អំពី​ការ​ដក​ទ័ព​ចេញ​ពី​ប្រទេស​ស៊ីរី​និង​ការ​ជំរុញ​ថ្មីៗ​ទៀត​ឲ្យ​មាន​សន្តិភាព​នៅក្នុង​ប្រទេស​ដែល​ខ្ទេចខ្ទី​ដោយ​សារ​សង្គ្រាម​នោះ។

លោក ឃែរី បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ទាំង​លោក ពូទីន និងរដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក Sergei Lavrov អំពី​របៀប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដើម្បី​នាំ​មក​នូវ​ដំណោះ​ស្រាយ​នយោបាយ​មួយ​ ចំពោះ​ជម្លោះ​ដែល​មាន​រយៈពេល​៥ឆ្នាំ​នេះ។

លោក ឃែរី បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា «នេះ​គឺ​ជា​ពេល​វេលា​មួយ​ដែល​ត្រូវ​ចាប់​យក ​មិន​ត្រូវ​ឲ្យ​ខាតបង់​ទេ»។ លោក​បន្ត​ថា «នៅ​ខណៈ​ពេល​នេះ​ទី​បំផុត​យើង​មាន​សមត្ថភាព​ដើម្បី​ចាត់​វិធានការ​ ឆ្ពោះ​ទៅ​បញ្ចប់​សង្គ្រាម​និង​ការ​បង្ហូរ​ឈាម»។

ការ​វាយប្រយុទ្ធ​គ្នា​នៅ​ស៊ីរី ​បាន​ថមថយ​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​មាន​ការ​បន្ថយ​ភាព​ប្រទូសរ៉ាយ​ដាក់​គ្នា​នៅក្នុង​រយៈពេល​ប្រមាណ​៣​សប្តាហ៍​មក​នេះ ។

ប៉ុន្តែ លោក​ឃែរី បាន​ព្រមាន​ថា​សន្តិភាព​យូរ​អង្វែង​ នឹង​មិន​អាច​រក​បាន​ទេ ប្រសិនបើ ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad នៅ​កាន់​អំណាច​នោះ។

កងទ័ព​រុស្សី​មុន​គេ​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី​បាន​វិល​ទៅដល់​ប្រទេស​របស់​ពួកគេ​វិញ​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​មាន​ហ្វូង​មនុស្ស​ម្នា​អបអរសាទរ។​

លោក ពូទីន បាន​ធ្វើ​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា កងកម្លាំង​រុស្សី​មួយ​ចំនួន​នឹង​ចាកចេញ​ពី​ប្រទេស​ស៊ីរី​នៅ​ពេល​នេះ ដោយសារ​ពួកគេ​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ចប់​សព្វគ្រប់​ហើយ​នៅ​ប្រទេស​ស៊ីរី​នោះ៕