ទិន ហ្វី​ត្រូវ​គេ​ចោទ​ជា​”អណ្ដើក​ក្នុង​ស្នូក”ខ្ចី​លុយ​មិន​សង និងលួច​ស្រា​គេ​ផឹក​ទៀត​

ក្ដៅ​ក្រហាយ​ចំពោះ​មតិ​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត លោក​ស្រី Chen Lam បាន​ចេញ​មុខ​ចោទ​តារា​សម្ដែង​ល្បី​ឈ្មោះ ទិន ហ្វី​​ថា​ជំពាក់​លុយ​ខ្លួន ១​លាន​ដុល្លារ​មក​ដល់​​ពេល​នេះ​មិន​ទាន់​សង។

 

ទិន ហ្វី​ត្រូវ​គេ​ចោទ​ជា​”អណ្ដើក​ក្នុង​ស្នូក”ខ្ចី​លុយ​មិន​សង និងលួច​ស្រា​គេ​ផឹក​ទៀត​

 

ព្រឹក​ថ្ងៃ​ទី ១៦​ខែ​មីនា គ្រប់​បណ្ដាញ​ព័ត៌មាន​កម្សាន្ត​ធំ​ៗ​ទាំង​អស់​ចិន​ដូច​ជា Sina, Ifeng, Phoenix បាន​ចុះ​ផ្សាយ​ព្រម​គ្នា​ថា Chen Lam បុគ្គល​មាន​ឥទ្ធិពល​ក្នុង​វិស័យ​សិល្បៈ​ចិន​បាន​បង្ហោះ​អត្ថបទ​វែង​មួយ​នៅ​លើ​បណ្ដាញ​សង្គម Weibo ចោទ​ស្ដេច​កំប្លែង​ហុងកុង Stephen Chow បោក​លុយ​ខ្លួន​មិន​សង ព្រម​ទាំង​ហៅ​ទិន ហ្វី​ថា​ជា​ “អណ្ដើក​ក្នុង​ស្នូក” ទាមទារ​ឲ្យ​លោក​ចេញ​មក​ទទួល​ខុស​ត្រូវ។

 

តាម​ប្រភព​ទាំង​ឡាយ​ខាង​លើ លោក​ស្រី Chen Lam បាន​សរសេរ​អត្ថបទ​មួយ​នៅ​លើ Weibo អត្ថន័យ​បង្កប់​ថា​មាន​មនុស្ស​ម្នាក់​ខ្ចី​លុយ​របស់​ខ្លួន​មក​ដល់​ពេល​នេះ​មិន​ទាន់​សង។ អ្នក​គាំទ្រ​របស់​ផលិតករ​រឿង “The Mermaid” បាន​ពួយ​គ្នា​ចូល​គណនី​របស់​នារី​រូប​នេះ​និង​បញ្ចេញ​មតិ​ថា៖ “យាយ​ឯង​ហ៊ាន​និយាយ​នៅ​លើ Weibo ថា ទិន ហ្វី​ជំពាក់​លុយ​យាយ​ឯង​ឬ? លើក​នេះ​អ្នក​គាំទ្រ​ពួក​ខ្ញុំ​នឹង​ចេញ​មុខ​សង​បំណុល​ជួស​​គាត់។ ប្រទេស​ចិន​មាន​អ្នក​គាំទ្រ​របស់ ទិន ហ្វី ៣០០​លាន​នាក់ ១​នាក់ ១០​យាន់​គឺ​បាន​៣​ពាន់​លាន​ហើយ”។ ភ្លាម​ៗ​នោះ យប់​ថ្ងៃ​ដដែល លោក​ស្រី Chen Lam បាន​ស្លឈាម​បង្ហោះ​អត្ថបទ​វែង​មួយ​នៅ​លើ Weibo បក​អាក្រាត​​ទិន ហ្វី​ជំពាក់​លុយ​ខ្លួន​មិន​ព្រម​សង។

 

ទិន ហ្វី​ត្រូវ​គេ​ចោទ​ជា​”អណ្ដើក​ក្នុង​ស្នូក”ខ្ចី​លុយ​មិន​សង និងលួច​ស្រា​គេ​ផឹក​ទៀត​

 

តាម​នោះ​ដែរ ក្នុង​ឆ្នាំ ១៩៩០ លោក​ស្រី Chen បាន​ឲ្យ Stephen Chow ខ្ចី​ប្រាក់​ចំនួន ២​លាន​ដុល្លារ​ហុងកុង (៣០ ម៉ឺន​ដុល្លារ​អាមេរិក)។ មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ២៦ឆ្នាំ​​ហើយ ទិន​ ហ្វី​នៅ​តែ​មិន​ព្រម​សង។ ការ​ប្រាក់​ឥលូវ​នេះ​បាន​ឡើង​ដល់ ៨​លាន​ដុល្លារ​ហុងកុង (១​លាន​ដុល្លារ​អាមេរិក)។ មិន​បញ្ឈប់​ត្រឹម​នោះ លោក​ស្រី Chen បាន​បន្ថែម​ថា ២០​ឆ្នាំ​មុន ទិន ហ្វី​បាន​បោក​ប្រាស់​ឈ្នួល​របស់​ខ្លួន លួច​ស្រា​ក្រហម​របស់​​គ្រួសារ​​អ្នក​ស្រី​អស់ ៨​ដប។ នារី​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា៖ “ឈប់​ធ្វើ​អណ្ដើក​ពួន​ក្នុង​ស្នូក​អីចឹង​​ទៀត​ទៅ បើ​ជា​កូន​ប្រុស​មែន ត្រូវ​ហ៊ាន​ចេញ​មក​ទទួល​ខុស​ត្រូវ”។

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អ្នក​​ស្រី Chen Lam ​ចេញ​មក​ហែក​កេរ្តិ៍​របស់ ទិន ហ្វី។ គ្រួសារ​​អ្នក​ស្រី និង​ទិន ហ្វី​មាន​​គំនុំគុំកួន​យូរ​ឆ្នាំ។ Chen Lam គឺ​ជា​ភរិយា​របស់​កំពូល​មហាសេដ្ឋី​វិស័យ​សិល្បៈ Charles Heung ក្ដាប់​គ្រប់​អំណាច​នៅ​ក្នុង​ដៃ។ លោក​ស្រី​ធ្លាប់​រិះគន់ ទិន ហ្វី​​ថា​ជា​មនុស្ស​មិន​ស្គាល់​គុណស្រ័យ ដល់​ត្រើយ​សើយ​គូទ ប្រើ​ឥទ្ធិពល​បង្ខំ​ឲ្យ Cecilia Cheung កោរសក់​បណ្ដាល​ឲ្យ​នាង​បាត់​បង់​កុងត្រា​ពាណិជ្ជកម្ម ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ស្វាមី​លោក​ស្រី​សង​លុយ​គេ​រាប់​លាន​ដុល្លារ។

 

ទិន ហ្វី​ត្រូវ​គេ​ចោទ​ជា​”អណ្ដើក​ក្នុង​ស្នូក”ខ្ចី​លុយ​មិន​សង និងលួច​ស្រា​គេ​ផឹក​ទៀត​

Chen Lam និង​ស្វាមី​ Charles Heung កំពូល​មហាសេដ្ឋី​វិស័យ​សិល្បៈហុងកុង

 

ចុចអាន៖“សិស្ស​ប្អូន​ទី​៦” ​របស់ទិនហ្វី​និយាយ​រឿង​ជីវិត​ទាល់​ច្រក​​សឹង​សម្លាប់​ខ្លួន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14