ឪពុកម្ដាយ​មិន​ប្រយ័ត្ន កូន​ស្រីលង់ទឹក​ស្លាប់

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ទៅ​លេង​ទឹក​បឹង​ខាងក្រោយ​ផ្ទះ ខណៈ​ជីតា និង​ឪពុក​ម្តាយ​មិនដឹង​បណ្តាល​ឲ្យ​លង់​ស្លាប់​គួរ​ឲ្យ​ស​ង្វែ​ក​។ ហេតុការណ៍​ក្មេង​ស្រី​លង់ទឹក​ស្លាប់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​បឹង​រមាស ស្ថិត​ក្នុងភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឆ​ន សុភា អាយុ​៨​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​មាន​ឪពុក​ឈ្មោះ ស្តើង ឆ​ន និង​ម្តាយ​ឈ្មោះ​សោម សំអាត មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ងូតទឹក​លេង​នៅ​ចំណុច​បឹង​រមាស​ខាងក្រោយ​ផ្ទះ ដោយ​ជីតា​និង​ឪពុក​ម្តាយ​មិន​បានដឹង លុះដល់​វេលា​ម៉ោង​ខាងលើ​ស្រាប់តែ​មាន​ក្មេង​តូច​ម្នាក់​រត់​មក​ប្រាប់​ជីតា (​ក្មេង​ស្រី​រង​គ្រោះ​) ឈ្មោះ សំ ស៊ុ​យ អាយុ​៥០​ឆ្នាំថា ចៅ​លង់ទឹក​។ គ្រាន់តែ​ឮ​ក្មេង​នោះ​មក​ប្រាប់​ភ្លាម​លោកតា សំ ស៊ុ​យ ក៏​រត់​ទៅ​ជួយ​ចៅ ប៉ុន្តែ​ជា​អកុសល​នៅ​ពេលរ​ត់ទៅ​ដល់​ចុះ​ស្រង់​ចៅ​ឡើង​លើ​គោ​គម​ក​ធ្វើ​ចលនា តែ​ចៅ​ឆ្លក់​ទឹក​ស្លាប់​បាត់​ទៅ​យក​មក​ផ្ទះ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​ភ្លាម​លោក ប៉ា សំអិត អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ជំនាញ​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍ គ្រូពេទ្យ អាជ្ញាធរ​ភូមិ ឃុំ​បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ពិនិត្យ​សព​យ៉ាង​យកចិត្តទុកដាក់​។ បន្ទាប់​ពី​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា​ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ក្នុង​ករណី​លង់ទឹក​ប្រាកដ​មែន មិន​មាន​ស្នាក​ស្នាម​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ ហើយ​ក្រុម​គ្រួ​សារបាន​ទទួលស្គាល់ និង​ឯកភាព សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួរ​សារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕