ក្រុមហ៊ុន​ជប៉ុន​ផ្ដល់​ជំនួយ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្ដម​សីហនុ​អង្គរ​នៅ​ខេត្ត​សៀមរាប

ក្រុមហ៊ុន​ជប៉ុន ផ្តល់​ជំនួយ​មូលនិធិ​ដើម្បី​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ។ សារមន្ទីរ​នេះ ជា​កន្លែង​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​ទទួល​ថែ​រក្សា និង​តាំង​ពិព័រណ៍​វត្ថុ​បុរាណ​ជាច្រើន​ប្រភេទ ដែល​បុរាណ​វិទូ​បាន​ធ្វើ​កំណាយ​រក​ឃើញ​ពី​តាម​បណ្ដា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នានា​ក្នុង​ខេត្ត​សៀមរាប។

បច្ចុប្បន្ន ផ្នែក​ខ្លះ​របស់​សារមន្ទីរ​នេះ​បាន​បែក​បាក់ និង​ទ្រុឌទ្រោម​នៅ​តាម​ជញ្ជាំង និង​ដំបូល​ដែល​តម្រូវ​ឲ្យ​មាន​ការ​ជួសជុល​ជា​ចាំបាច់។

ក្រុមហ៊ុន​ជប៉ុន ឈ្មោះ អ៊ីអន (AEON) បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ស្ថាប័ន​អាជ្ញាធរ​អប្សរា ដែល​ជា​អ្នក​ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា។ កិច្ចព្រមព្រៀង​ធានា​លើ​ការ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ អង្គរ នេះ បាន​ធ្វើ​ឡើង​ក្រោម​សំឡេង​ព្រះសង្ឃ​នៃ​ព្រះពុទ្ធ​សាសនា សូត្រ​ធម៌​ស្វាធ្យាយ​ជយន្តោ ដើម្បី​ប្រសិទ្ធិពរ​ជ័យ​សេរី​មង្គល។

អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ស៊ុំ ម៉ាប់។ លោក​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ថា រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រូប​លោក សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ជប៉ុន អ៊ីអន (AEON) ដែល​បាន​ផ្ដល់​មូលនិធិ​សប្បុរសធម៌ ដើម្បី​ជួយ​ពង្រឹង​ធនធាន​ធម្មជាតិ សង្គម និង​វប្បធម៌​នៅ​កម្ពុជា។ លោក ស៊ុំ ម៉ាប់ មាន​ប្រសាសន៍​ទៀត​ថា សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ បាន​សាងសង់​ដោយ​ជំនួយ​របស់​ក្រុមហ៊ុន អ៊ីអន កាល​ពី ៨​ឆ្នាំ​មុន។ បច្ចុប្បន្ន សារមន្ទីរ​នេះ​មាន​ការ​ខូចខាត​នៅ​តាម​កន្លែង​ជាច្រើន ដែល​អាជ្ញាធរ​អប្សរា​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ជួសជុល​មួយ​ផ្នែក និង​ផ្នែក​ខ្លះ​ទៀត គឺ​ក្រុមហ៊ុន អ៊ីអន ជប៉ុន ធានា​ជួយ​ជួសជុល៖ «មក​ទល់​នឹង​បច្ចុប្បន្ន​ជិត ១០​ឆ្នាំ​ហើយ អគារ​ទាំង​មូល​នេះ​ត្រូវ​ក្ដៅ​ផង ភ្លៀង​ផង មាន​កន្លែង​ខ្លះ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ជួសជុល​ឡើង​វិញ»

សារមន្ទីរ​ព្រះ​នរោត្តម សីហនុ ២០១៦ ៨៥៥
សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ RFA/Hang Savyouth

ក្រុម​អ្នក​របាំ​បាន​រាំ​ជូន​ពរ ដោយ​ចាក់​ក្បាច់​ពត់ពេន​ជាមួយ​នឹង​ផ្កា​ម្លិះ បាច​ទៅ​លើ​តំណាង​ក្រុមហ៊ុន​ជប៉ុន ដែល​ធានា​ជួយ​ជួសជុល​សារមន្ទីរ​ដ៏​មាន​សារសំខាន់​មួយ​នេះ។

ប្រធាន​មូលនិធិ ១% នៃ​ក្រុមហ៊ុន អ៊ីអន ជប៉ុន លោក ហ៊ីរ៉ូស៊ី យ៉ូគូ (Hiroshi Yokoo) បាន​បដិសេធ​មិន​ជម្រាប​ជូន​ជា​សាធារណៈ​នូវ​ចំនួន​ទឹក​ប្រាក់ ដែល​នឹង​យក​មក​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ ថា​ប៉ុន្មាន​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ចំនួន​ទឹក​ប្រាក់​ដែល​នឹង​ត្រូវ​ជួសជុល​សារមន្ទីរ​នេះ​ប្រហែល​ជា ៦% នៃ​ទឹក​ប្រាក់​សាងសង់​សារមន្ទីរ​នេះ​កាល​ពី ៨​ឆ្នាំ​មុន៖ «សូម​អធ្យាស្រ័យ គឺ​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ​ចំពោះ​ចំនួន​ទឹក​ប្រាក់​ជួសជុល​នេះ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អស់​លោក​ដឹង​ថា ការ​មក​ជួសជុល​សារមន្ទីរ​នេះ​ជា​ថ្មី​ម្ដង​ទៀត គឺ​ជា​មោទនភាព ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​ចិត្ត​របស់​ខ្ញុំ​ជ្រះ​ថ្លា ដូចជា​បាន​កសាង​បុណ្យ​ទាន​អ្វី​មួយ»

ប្រភព​ក្រៅ​ផ្លូវ​ការ​ឲ្យ​ដឹង​ថា សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ កសាង​ឡើង​កាល​ពី​ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន អ៊ីអន ចំណាយ​អស់​ទឹក​ប្រាក់​ជាង ១​លាន​ដុល្លារ​អាមេរិក។

សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ កសាង​ឡើង​សម្រាប់​ជា​កន្លែង​ដាក់​ទុក​ព្រះ​ពុទ្ធបដិមា​ចំនួន ២៧៨​បំណែក ដែល​សាកលវិទ្យាល័យ សូហ្វីយ៉ា ជប៉ុន (Sophia) បាន​សហការ​ជាមួយ​បុរាណ​វិទូ​ខ្មែរ ធ្វើ​កំណាយ​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​បន្ទាយក្ដី ចាប់​ពី​ឆ្នាំ​២០០០-២០០១ ហើយ​ក៏​ជា​កន្លែង​ដែល​គេ​ដាក់​តាំង​ពិព័រណ៍​វាល​កប់​សព​បុរាណ ដែល​រក​ឃើញ​នៅ​កោះ​តា​មាស និង​ព្រៃ​ក្មេង នៅ​តំបន់​បារាយណ៍​ទឹក​ថ្លា​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។