ក្រសួង​យុត្តិធម៌​កោះ​ប្រជុំ​មន្ត្រី​តុលាការ​រឿង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ទំនាស់​ដីធ្លី

ក្រសួង​យុត្តិធម៌​កោះ​ប្រជុំ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-ខេត្ត​ទាំង​អស់ ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្នុង​សំណុំ​រឿង​ទំនាស់ដី​ធ្លី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ មីនា។

ការ​កោះ​ប្រជុំ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោះលែង​ស្ត្រី​២​នាក់​កាល​ពី​យប់​ថ្ងៃ​ទី​១៤ មីនា បន្ទាប់​ពី​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា បាន​សម្រេច​ឃុំ​ខ្លួន​ពួកគេ ដោយ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១១ មីនា​។

លោក ហ៊ុន សែន ចាត់​ទុក​ការ​ឃុំ​ខ្លួន​ស្ត្រី​២​នាក់​នោះ ថា ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​ខ្លាំង​ណាស់ និង​ស្នើ​ដល់​ក្រសួង​យុត្តិធម៌​ពិនិត្យ​ករណី​នេះ​បន្ទាន់​ផង​ដែរ។

លិខិត​របស់​ក្រសួង​យុត្តិធម៌​ចុះ​ថ្ងៃ​ទី​១៥ មីនា បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ នឹង​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​យុត្តិធម៌ និង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​នេះ គឺ​លោក អង្ស វង្សវឌ្ឍនា។ ក្រសួង​យុត្តិធម៌​ក៏​ណែនាំ​ឲ្យ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-ខេត្ត​ទាំង​អស់ ​ប្រមូល​ទិន្នន័យ និង​រាយការណ៍​ពី​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​បណ្ដោះអាសន្ន ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី​នៅ​ពេល​ជួប​ប្រជុំ​នោះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។