សហគមន៍​ខេត្ត​ស្ទឹងត្រែង​បារម្ភ​បាត់បង់​ត្រី​ផ្សោត​ដោយសារ​ការ​នេសាទ​និង​ទំនប់​វារីអគ្គិសនី

សហគមន៍​ឃុំ​ព្រះរំកិល ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​វាសនា​សត្វ​ផ្សោត​នៅ​អន្លង់​អូរ​ឈើទាល បន្ទាប់​ពី​ចំនួន​អ្នក​នេសាទ​ជនជាតិ​ឡាវ រាប់​រយ​នាក់ បាន​សម្រុក​មក​នេសាទ​ក្បែរ​អន្លង់​អូរ​ឈើទាល បង្ក​គ្រោះថ្នាក់​ដល់​ការ​បន្លាស់​ទី​ស្វែងរក​ចំណី​របស់​សត្វ​ផ្សោត។ ការ​ហូរ​ចូល​អ្នក​នេសាទ​ជនជាតិ​ឡាវ ច្រើន​សន្ធឹក​សន្ធាប់​មក​ក្បែរ​អន្លង់​អូរ​ឈើទាល ដោយសារ​ការ​នេសាទ​របស់​ប្រជាជន​ឡាវ ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នៅ​តំបន់​កោះ​ហួសាហុង ឬ​ច្រក​ដន​សាហុង និង​កោះ​ដន​សាដាម ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ នៅ​ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​លើ ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ បិទ​ការ​នេសាទ​ទាំង​ស្រុង ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី។ មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន ស្នើ​ឲ្យ​គណៈកម្មការ​ព្រំដែន​កម្ពុជា និង​ឆ្មាំ​អភិរក្ស​អន្លង់​អូរ​ឈើទាល រឹត​បន្តឹង​គោល​នយោបាយ​អភិរក្ស​សត្វ​ផ្សោត និង​កំណត់​ព្រំប្រទល់​អន្លង់​អភិរក្ស​ឲ្យ​ច្បាស់លាស់។

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រក​មធ្យោបាយ​បន្ទាន់ ដើម្បី​សង្គ្រោះ​សត្វ​ផ្សោត​នៅ​អន្លង់​អូរ​ឈើទាល ដែល​កំពុង​រង​ហានិភ័យ​ខ្ពស់ ដោយសារ​ការ​លួច​ឆ្មក់​នេសាទ​នៅ​អន្លង់​អភិរក្ស​អូរ​ឈើទាល​ដោយ​ប្រជាជន​ឡាវ និង​ឥទ្ធិពល​នៃ​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដើម្បី​ធានា​និរន្តរភាព​ប្រាក់​ចំណូល​វិស័យ​ទេសចរណ៍។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ប្រជា​នេសាទ​ឃុំ​ព្រះរំកិល ប្រទះ​ឃើញ​សត្វ​ផ្សោត​មួយ​ក្បាល​ក្នុង​ចំណោម​ផ្សោត​សរុប ៤​ក្បាល​រស់នៅ​អន្លង់​អូរ​ឈើទាល បាន​បន្លាស់​ទី​ទៅ​ចុង​កន្ទុយ​កោះ​ល្ង កាល​ពី​ដើម​ខែ​មីនា ខណៈ​តំបន់​នោះ​សម្បូរ​អ្នក​នេសាទ​ច្រើន។

សមាជិក​គណៈកម្មការ​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល លោក ផយ វណ្ណា មើល​ឃើញ​ថា មាន​ឧបសគ្គ​ច្រើន​ដែល​យាយី​ការ​ចិញ្ចឹម​ជីវិត​របស់​ត្រី​ផ្សោត​នៅ​អន្លង់​អូរ​ឈើទាល មាន​ជាអាទិ៍ ប្រជាជន​ឡាវ រាប់​រយ​នាក់​បាន​សម្រុក​មក​នេសាទ​នៅ​ក្បែរ​អន្លង់​អូរ​ឈើទាល ហើយ​ពេល​ខ្លះ បាន​លួច​ឆ្មក់​នេសាទ​នៅ​អន្លង់​អភិរក្ស​ឈើទាល ដែល​អាច​ប៉ះពាល់​ដល់​សត្វ​ផ្សោត​នៅ​តំបន់​នោះ។ លោក​កត់​សម្គាល់​ថា ជា​រឿង​ចម្លែក​ដែល​សត្វ​ផ្សោត​បន្លាស់​ទី​ទៅ​កន្ទុយ​កោះ​ល្ង ទល់​នឹង​អន្លង់​ផ្សោត ទំនង​ជា​ការ​រំខាន​ដោយ​រំញ័រ និង​រលក​សំឡេង​បំផ្ទុះ​ថ្ម​ច្រើន​តោន និង​កាក​សំណល់​សារធាតុ​ផ្សេងៗ​នៃ​ទំនប់​វារីអគ្គិសនី​ដន​សាហុង បង្ហូរ​ចូល​ទន្លេ ហើយ​កាក​សំណល់​គីមី​នោះ អាច​នឹង​បញ្ជ្រាប​មក​តំបន់​អភិរក្ស​អន្លង់​ផ្សោត បង្ក​ឲ្យ​មាន​ភាព​ស្មុកស្មាញ​ដល់​ការ​រស់នៅ​របស់​ត្រី​ផ្សោត​នៅ​អន្លង់​អភិរក្ស។ លោក​ថា សំណង់​រាប់​ពាន់​តោន ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឹះ​ទំនប់ ហូរ​ចូល​ទន្លេ​រំខាន​ដល់​ការ​រស់នៅ​របស់​ត្រី​ផ្សោត និង​ប្រព័ន្ធ​ជីវចម្រុះ​ទន្លេ​មេគង្គ​រួម៖ «គាត់​តែង​តែ​ខ្ចប់​បាយ​រក​ត្រី គាត់​នៅ​កន្លែង​ដន​សាហុង រាល់​ឆ្នាំ។ ដល់​ឥឡូវ​កន្លែង​ហ្នឹង​គឺ​ស្តុប​ទាំងអស់ មិន​ឲ្យ​គាត់​នេសាទ​នៅ​កន្លែង​ហ្នឹង​ទេ គឺ​គាត់​បែរ​មក​នេសាទ​ក្បែរ​តំបន់​អភិរក្ស​ផ្សោត ហើយ​ពេល​ខ្លះ គាត់​លួច​ឆ្មក់​នេសាទ​នៅ​តំបន់​អន្លង់​ផ្សោត»

លោក ផន វណ្ណា បារម្ភ​ថា ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​នឹង​កាន់​តែ​រង​ហានិភ័យ ខណៈ​តំបន់​ឆ្លង​កាត់​សំខាន់ៗ​របស់​សត្វ​ផ្សោត សម្បូរ​ដោយ​អ្នក​នេសាទ​ទាំង​ប្រជាជន​ឡាវ និង​ពលរដ្ឋ​ខ្មែរ។ លោក​ថា ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​រក​មធ្យោបាយ​អភិរក្ស​សត្វ​កម្រ​នោះ​ឲ្យ​ទាន់​ពេល​ទេ សត្វ​កម្រ​នេះ​អាច​ផុត​ពូជ និង​បណ្ដាល​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍៖ «ស៊ីម៉ងត៍ គឺ​សារធាតុ​គីមី ដែល​វា​ផ្សំ​សារធាតុ​ជាតិ​ផ្ទុះ​ហ្នឹង ហើយ​ពេល​គេ​បង្ហូរ​ទឹក​តាម​ចរន្ត​អគ្គិសនី​គេ​ហ្នឹង។ ទឹក​ហ្នឹង​វា​មាន​ជាតិ​ពុល​ហូរ​ចូល​មក​ក្នុង​អន្លង់​ផ្សោត»

អ្នក​ជំនាញ​បរិស្ថាន​កត់​សម្គាល់​ថា ជា​ទម្លាប់ ការ​នេសាទ​របស់​ប្រជាជន​ខ្មែរ និង​ប្រជាជន​ឡាវ រស់នៅ​អម​សង​ខាង​ទន្លេ​មេគង្គ​កន្លង​មក អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​មិន​បាន​អនុវត្ត​តំបន់​ព្រំដែន​រដ្ឋបាល​ទាក់ទង​ការ​នេសាទ​ឆ្លង​ដែន​ឡើយ។

ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ផ្តល់​ទស្សនៈ​ថា គណៈកម្មការ​អន្លង់​អភិរក្ស​ឈើទាល និង​គណៈកម្មការ​ព្រំដែន​កម្ពុជា ត្រូវ​រឹត​បន្តឹង​ការ​អភិរក្ស​អន្លង់​ឈើទាល​ជា​ជម្រក​សត្វ​ផ្សោត​ឲ្យ​ជាក់លាក់ ជាពិសេស​ការ​កំណត់​ព្រំប្រទល់​អភិរក្ស​ឲ្យ​បាន​ម៉ត់ចត់​នៅ​តំបន់​ប្រើប្រាស់​របស់​សហគមន៍។ លោក​កត់​សម្គាល់​ថា ការ​ចូល​នេសាទ​របស់​ប្រជាជន​ឡាវ ការ​បញ្ចេញ​ចោល​នៃ​កាក​សំណង់​របស់​អ្នក​នេសាទ និង​ឥទ្ធិពល​អវិជ្ជមាន​ដទៃ​ទៀត​បណ្ដាល​មក​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទី​ជម្រក​សត្វ​ផ្សោត​ធ្ងន់ធ្ងរ។ លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​អភិរក្ស​តំបន់​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ដែល​ចរាចរ​រក​ចំណី ខណៈ​តំបន់​សំខាន់ៗ​ដែល​សត្វ​ផ្សោត​ស្វែងរក​ចំណី​កន្លង​មក បាន​ប្រែ​ក្លាយ​ជា​តំបន់​នេសាទ​របស់​ប្រជាជន​ឡាវ៖ «ចំនួន​អ្នក​នេសាទ​ច្រើន​ទៅ គ្រឿងចក្រ​ម៉ាស៊ីន​ច្រើន​ទៅ ធ្វើ​ឲ្យ​រំខាន​ការ​រស់នៅ​សត្វ​ផ្សោត។ សំឡេង​រំញ័រ​ផ្សេង​បង្ក​ឡើង​ដោយ​ទំនប់​ដន​សាហុង ធ្វើ​ឲ្យ​កាន់​តែ​ព្រួយ​បារម្ភ​រក​ទី​ជ្រក​មិន​ឃើញ»

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល អាច​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​តាម​រយៈ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ត្រី​ផ្សោត​ឆ្នាំ​២០១៥ មាន​ជាង ៣​ម៉ឺន​ដុល្លារ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ៦​ពាន់​នាក់។ ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ជាង ២​ម៉ឺន​នាក់។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ក៏​បារម្ភ​ពី​វាសនា​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល ប្រសិន​បើ​មិន​បាន​អភិរក្ស​លក្ខណៈ​បច្ចេកទេស​ទេ នឹង​ឈាន​ដល់​ការ​ផុត​ពូជ​សត្វ​កម្រ​ជា​ប្រភព​ប្រាក់​ចំណូល​ដល់​ប្រជាជន​រស់នៅ​អម​ទន្លេ​មេគង្គ។ លោក​កត់​សម្គាល់​ថា ប្រាក់​ចំណូល​ដែល​សហគមន៍​បាន​ពី​ភ្ញៀវ​ទេសចរ​មក​ទស្សនា​សត្វ​ផ្សោត​កន្លង​ទៅ ដូចជា លក់​សំបុត្រ​ចូល​ទស្សនា ការ​បម្រើ​សេវា​ដឹក​ជញ្ជូន​អ្នក​ទេសចរ លក់​ម្ហូប​អាហារ និង​លក់​សម្ភារៈ​អនុស្សាវរីយ៍ ជាដើម៖ «ប្រសិន​បើ​មិន​មាន​វិធានការ​ណា​មួយ​គ្រប់គ្រង ក្នុង​ការ​អភិរក្ស​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នឹង​អាច​ឈាន​ទៅ​រក​ការ​បាត់បង់​ទាំង​ស្រុង​ផ្សោត​មេគង្គ​នៅ​អន្លង់​ផ្សោត​ឈើទាល​នេះ»

ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥ ខណៈ​ប្រទេស​ជា​សមាជិក​ទាំង​បួន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម មិន​ទាន់​បាន​ឯកភាព​នៅ​ឡើយ។

របាយការណ៍​របស់​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក (WWF) រក​ឃើញ​ថា នៅ​ពេល​ទំនប់​ដន​សាហុង សាងសង់​ចប់​ជា​ស្ថាពរ វា​នឹង​បាត់បង់​ប្រាក់​ចំណូល​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​មេគង្គ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម ក្នុង​មួយ​ឆ្នាំ​ប្រមាណ ១.៤០០​លាន​ដុល្លារ​រហូត​ដល់ ៣.៩០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ការ​បាត់បង់​ប្រាក់​ចំណូល​នេះ ព្រោះ​ប៉ះពាល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ​មេគង្គ រួម​នឹង​ប៉ះពាល់​កម្រិត​លំហូរ​ទឹក​ទន្លេ​មេគង្គ ព្រម​ទាំង​បំផ្លាញ​ប្រព័ន្ធ​ផ្លាស់​ទី​របស់​ត្រី​នៅ​តំបន់​ទន្លេ​មេគង្គ​ទាំង​មូល។

ប្រធាន​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក ប្រចាំ​កម្ពុជា លោក ឈិត សំអាត ធ្លាប់​បាន​ជំរុញ​រដ្ឋាភិបាល ត្រូវ​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​ចាំបាច់ ដើម្បី​ធានា​និរន្តរភាព​ត្រី​ផ្សោត មាន​ជាអាទិ៍ ការ​ទប់ស្កាត់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង នៅ​ប្រទេស​ឡាវ។

កាល​ពី​មុន​ឆ្នាំ​២០១០ សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល មាន ៨​ក្បាល ក៏ប៉ុន្តែ​សត្វ​កម្រ​ទាំង​នេះ​បាត់បង់​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នៅ​សល់​ផ្សោត​ធំៗ​ប្រមាណ ៤​ក្បាល បន្ត​រស់នៅ​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍​ព្រះរំកិល។ អ្នក​ជំនាញ​បរិស្ថាន​វាយ​តម្លៃ​ថា សត្វ​ផ្សោត​ទាំង ៤​ក្បាល​នោះ អាច​នឹង​បន្លាស់​ទី​ពី​អន្លង់​ឈើទាល នៃ​ឃុំ​ព្រះរំកិល អំឡុង​ខែ​វស្សា​ខាង​មុខ ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​ដន​សាហុង នៅ​បន្ត​ដំណើរ​ការ​សាងសង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។