កម្ពុជា​ស្វាគមន៍​ការ​បើក​បង្ហូរ​ទឹក​ចូល​ទន្លេ​មេគង្គ​ក្រោម​ពី​ប្រទេស​ចិន

ក្រសួង​ការបរទេស​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី ខេត្ត​យូណាន ចូល​​ទន្លេ​មេគង្គក្រោម សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់។

លិខិត​របស់​​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថៃ​ទី​១៦ មីនា ឲ្យ​ដឹង​ថា ការ​បើក​បង្ហូរ​ទឹក​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៥ មីនា ដល់​ថ្ងៃ​ទី​១០ មេសា។ ក្រសួង​ការបរទេស​កម្ពុជា​​ចាត់​ទុក​ការ​បើក​បង្ហូរ​ទឹក​ចូល​ទន្លេមេគង្គ​ក្រោម​នេះ ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​មួយ​ថ្មី​ទៀត លើ​ការ​គ្រប់គ្រង​ធនធាន​ទឹក​រវាង​បណ្ដាល​ប្រទេស​មេគង្គ​ និង​ចិន ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (Mekong-Lancang)។

ក្រសួងការបរទេសឲ្យដឹងថា កាល​ពី​ខែ​មករា និងកុម្ភៈ​កន្លង​ទៅ ចិន​ក៏​បាន​បើក​បង្ហូរ​ទឹក​ម្ដង​រួច​មក​ហើយ ប្រមាណ២​ពាន់ ៣រយ​លាន​ម៉ែត្រ​គូប ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់ប្រទេសក្នុងតំបន់មេគង្គក្រោមដោយសារ​ភាព​រាំងស្ងួត។

កាល​ពី​ចុង​ឆ្នាំ​២០១៥ ប្រមុខ​ការទូត​ប្រទេស​ទាំង​៥ មាន​កម្ពុជា ​ថៃ ឡាវ មីយ៉ាន់ម៉ា ​និងវៀតណាម បាន​ជួប​ប្រជុំ​ជា​លើក​ទី១ ក្នុង​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ជាមួយ​ប្រទេស​ចិន លើ​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក សុខភាព​សាធារណៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និង​ពិនិត្យ​លើ​ក្របខ័ណ្ឌ​អនុតំបន់​ដទៃ​ទៀត ដូចជា សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​មហា​អនុតំបន់​ទន្លេ​មេគង្គ និង​ការ​អភិវឌ្ឍ​អាង​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។