ពលរដ្ឋ​ខេត្ត​កំពង់ចាម​ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ការ​យក​បឹង​សាធារណៈ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួលព្រះឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ត្អូញត្អែរ​អំពី​ផល​ប៉ះពាល់​ការ​នេសាទ​ត្រី​នៅ​ក្នុង​បឹង​សាធារណៈ​មួយ ដោយសារ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច នាំ​គ្នា​ដាំ​ឈូក និង​ជីក​ស្រះ​ដាក់​សម្រាស់​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ។ បញ្ហា​នេះ ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ដោយ​ធ្វើ​យ៉ាង​ណា​រក្សា​បឹង​សាធារណៈ​សម្រាប់​ពលរដ្ឋ​ទូទៅ​បាន​ប្រើប្រាស់​ដូច​ដើម​ឡើង​វិញ។

ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​រស់​អាស្រ័យ​ផល​នេសាទ​នៅ​ទំនប់​ខ្នាច ឬ​បឹង​ខ្នាច ក្នុង​ឃុំ​ទួលព្រះឃ្លាំង ឲ្យ​ដឹង​ថា តាំង​ពី​មាន​សកម្មភាព​ដាំ​ឈូក​ក្នុង​បឹង​មក បណ្ដាល​ឲ្យ​ពួក​គាត់​មិន​អាច​នេសាទ​ត្រី​ដូច​ពេល​មុន​បាន​ឡើយ។ បន្ថែម​ពី​នេះ ការ​ដាំ​ឈូក​ក្នុង​បឹង​នោះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​មច្ឆជាតិ និង​សត្វ​រស់នៅ​ក្នុង​ទឹក​ទៀត​ផង ជាពិសេស​នៅ​ពេល​ម្ចាស់​ឈូក​ទាំង​នោះ​យក​ថ្នាំ​ពុល​ទៅ​បាញ់​ឈូក​របស់​ខ្លួន។

ពលរដ្ឋ​នៅ​ឃុំ​ទួលព្រះឃ្លាំង មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច នាំ​គ្នា​យក​ទីតាំង​បឹង​សាធារណៈ​មួយ​ឈ្មោះ បឹង​ត្បូង និង​បឹង​ជើង ចំណុច​ទំនប់​ខ្នាច ទៅ​ដាំ​ឈូក បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទាំង​មូល។ លោក​ថា អ្នក​ភូមិ​មិន​អាច​ដាក់​មង ឬ​សន្ទូច​បាន​ស្រួល​ដូច​ពេល​មុន ហើយ​នៅ​ពេល​គោ​ក្របី​របស់​អ្នក​ស្រុក​ចូល​ទៅ​ផឹក​ទឹក​ក្នុង​បឹង ជាន់​ឈូក​ទាំង​នោះ រង​ការ​ប្តឹងផ្តល់​គ្នា​ទៀត​ផង៖ «សុំ​សំណូមពរ​ដល់​សម្ដេច ប្រសិន​បើ​សម្ដេច​ឮ ឲ្យ​សម្ដេច​ជួយ​អន្តរាគមន៍​ផង ងាប់​ហើយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួលឃ្លាំង»

ប្រភព​ដដែល​ឲ្យ​ដឹង​ថា សកម្មភាព​នេះ​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៥។ បន្ថែម​ពី​នេះ ក៏​មាន​ការ​ជីក​ស្រះ​ដាក់​សម្រាស់​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ផ្ដាច់​មុខ ចំណែក​អាជ្ញាធរ​មូលដ្ឋាន គ្មាន​ចំណាត់​ការ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ បាន​ទៅ​លែង​កូន​ត្រី​រាប់​ម៉ឺន​ក្បាល​ចូល​ក្នុង​បឹង​នៅ​តំបន់​ទំនប់​ខ្នាច ក្នុង​ឱកាស​ទិវា​មច្ឆជាតិ ១ កក្កដា។ លោក ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​នោះ​ថា មិន​ឲ្យ​មាន​សកម្មភាព​ណា​មួយ​យក​ដី​បឹង ឬ​ព្រែក ទៅ​ប្រើប្រាស់​ខុស​គោលដៅ ដូចជា​ទៅ​ដាំ​ឈូក កាប់​ព្រៃ​លិច​ទឹក និង​ចាក់​ដី​លុប ជាដើម។ ជាង​នេះ មន្ត្រី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ការពារ​ព្រៃ​លិច​ទឹក និង​ស្ដារ​ឡើង​វិញ​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ មីនា ថា លោក​បាន​ចាត់​វិធានការ​លើ​បញ្ហា​នេះ ដោយ​កោះ​ហៅ​ពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ​ដែល​បាន​ដាំ​ឈូក​នៅ​តំបន់​នោះ​មក​ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​នោះ ដោយ​ទុក​ពេល​ឲ្យ​ប្រមូល​ផល​ឈូក​ត្រឹម​ខែ​ឧសភា។ លោក​ថា សកម្មភាព​ដាំ​ឈូក​ក្នុង​ដែន​នេសាទ គឺ​ពិត​ជា​ប៉ះពាល់​ច្រើន ហើយ​ច្បាប់​ក៏​មិន​អនុញ្ញាត​ដែរ៖ «បើ​ជំនាញ​ខ្ញុំ វា​ប៉ះពាល់​ធំ ដល់​ត្រី ត្រី​អត់​ស្រកា និង​គាត់​បាញ់​ថ្នាំ​បាញ់​អី​ទៅ​វា​ប៉ះពាល់ វារី​រុក្ខជាតិ​គ្រប់​សព្វ»

លោក​បន្ថែម​ថា មន្ត្រី​ជំនាញ​តែង​តែ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ មិន​ឲ្យ​កាប់​រុក​រាន​ព្រៃ​លិច​ទឹក និង​មិន​អនុញ្ញាត​ឲ្យ​រំលោភ​លើ​ដែន​បឹង​នេសាទ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ឡើយ។ លោក​ថា ពលរដ្ឋ​អាច​ដាំ​ឈូក​បាន គឺ​នៅ​លើ​ដី​ឯកជន ឬ​ដី​របស់​ខ្លួន​ដោយ​មិន​ពាក់ព័ន្ធ​ដី​សាធារណៈ​របស់​រដ្ឋ។

ជាមួយ​គ្នា​នេះ មន្ត្រី​សម្រប​សម្រួល​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ករណី​បែប​នេះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ជលផល ត្រូវ​ពិនិត្យ និង​ដក​ហូត​បឹង ឬ​ព្រែក​ហ្នឹង​ដាក់​ជា​ដែន​នេសាទ​របស់​ប្រជាពលរដ្ឋ​វិញ»

អ្នកស្រី​បន្ថែម​ថា អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ការពារ​បឹង ព្រែក ត្រពាំង​សាធារណៈ​ឲ្យ​បាន​គង់វង្ស ពីព្រោះ​សម្បត្តិ​សាធារណៈ​មិន​អាច​នរណា​ម្នាក់​រំលោភ​យក​បាន​ទេ។ ម្យ៉ាង ពួក​គេ​ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​ផ្សេងៗ​កើត​មាន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។