អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់​ចោទ​ប៉ូលិស​ប៉ុស្តិ៍​គោកចក​ខេត្ត​សៀមរាប​ថា​ព្រួត​គ្នា​វាយ​ដំ

បុរស​ម្នាក់​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​នៅ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប កំពុង​ពឹងពាក់​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់ ព្រម​ទាំង​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​គោកចក ពី​បទ​ថា​បាន​ព្រួត​គ្នា​វាយ​ដំ​លើ​រូប​កាយ ក្នុង​ពេល​ដែល​ប៉ូលិស​ចាប់​រូប​គាត់​បញ្ជូន​ទៅ​ប៉ុស្តិ៍​ដោយ​គ្មាន​កំហុស។

ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​ប៉ូលិស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​បុរស​នោះ​កំពុង​មាន​សភាព​ហើម និង​ជាំ​ពេញ​ផ្ទៃ​មុខ ព្រម​ទាំង​ភ្នែក​ជាំ​ឈាម​ដោយសារ​របួស​ធ្ងន់ធ្ងរ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប មាន​គម្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មួយ​នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា។

គម្រោង​សហការ​គ្នា​ស៊ើប​អង្កេត​នេះ គឺ​ដើម្បី​ស្វែងរក​ការ​ពិត​មួយ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​បុរស​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ​ជាច្រើន​កន្លែង​លើ​ផ្ទៃ​មុខ ថា​តើ​ពិត​ជា​បណ្ដាល​មក​ពី​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​គោកចក ព្រួត​គ្នា​វាយ​ដំ​ដូច​ការ​ចោទ​ប្រកាន់​មែន ឬ​ក៏​យ៉ាង​ណា?

បុរស​ម្នាក់​ឈ្មោះ អាន សំអឿន អាយុ ៣៦​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ដែល​មាន​ស្នាម​ជាំ និង​ផ្ទៃ​មុខ​ហើម​ពោរ ព្រម​ទាំង​ភ្នែក​ឡើង​ពណ៌​ក្រហម​ដូច​ឈាម ដោយសារ​រង​របួស បាន​មក​សុំ​ជំនួយ​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​មីនា។ បុរស​រូប​នេះ ចោទ​ប្រកាន់​នាយ​ប៉ុស្តិ៍ និង​ប៉ូលិស​សង្កាត់​គោកចក ជាច្រើន​នាក់ ថា​បាន​ចោមរោម​វាយ​ដំ​រូប​កាយ នៅ​ពេល​ដែល​ប៉ូលិស​ចាប់​គាត់​បញ្ជូន​ទៅ​ប៉ុស្តិ៍​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មីនា កន្លង​ទៅ។ លោក អាន សំអឿន បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មីនា នោះ គឺ​លោក​បាន​យក​ប្រាក់​ចំនួន ៦០​ដុល្លារ​អាមេរិក​ទៅ​សង​គេ​នៅ​ភូមិ​ត្រពាំងសេះ។ ពេល​ទៅ​ដល់​ភូមិ​នោះ លោក​ឃើញ​អ្នក​ភូមិ ២-៣​នាក់​ជុំ​គ្នា​ផឹក​ស្រាបៀ រូប​លោក​ក៏​សុំ​ចូលរួម​ផឹក​ជាមួយ​គេ ដោយ​សុំ​ជួយ​ចេញ​ស្រាបៀ​ចំនួន ៦​កំប៉ុង។ នៅ​ពេល​កំពុង​ផឹក​ស៊ី​នោះ ប្រពន្ធ​ដើម​របស់​លោក​ដែល​នៅ​ផ្ទះ​ជិត​នឹង​កន្លែង​ផឹក​ដែរ មិន​ដឹង​បាន​កាំបិត​ពីណា យក​មក​ទម្លាក់ ទើប​បណ្ដាល​ឲ្យ​ប៉ូលិស​សង្កាត់​គោកចក លើក​គ្នា​មក​ចាប់​លោក​បញ្ជូន​ទៅ​ប៉ុស្តិ៍ ព្រម​ទាំង​វាយ​ដំ​លើ​រាង​កាយ​យ៉ាង​ខ្លាំង៖ «ទៅ​ដល់​ប៉ុស្តិ៍​គេ​ច្រាន​ខ្ញុំ​ផ្ដួល​រួច​ហើយ គេ​វាយ គេ​ទាត់​ខ្ញុំ រួច​ហើយ​គេ​ចាប់​ឲ្យ​ខ្ញុំ​ទទួល​កំហុស​ថា​បាន​ជេរ​ប្រមាថ​ប៉ូលិស»

ទោះ​បី​ជា​យ៉ាង​ណា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​គោកចក លោក ឈុម សំបាន អះអាង​ថា មូលហេតុ​ដែល​កម្លាំង​ប៉ូលិស​ទៅ​ចាប់​ខ្លួន​បុរស​ឈ្មោះ អាន សំអឿន ដោយសារ​តែ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មីនា គាត់​ផឹក​ស្រវឹង​ស្រែក​ឡូឡា និង​កាន់​កាំបិត​ដេញ​ចាក់​ប្រពន្ធ​ដើម​របស់​គាត់។ នាយ​ប៉ូលិស​ប៉ុស្តិ៍​ដដែល​បញ្ជាក់​ថា បុរស​ឈ្មោះ អាន សំអឿន នោះ គឺ​មាន​ប្រពន្ធ​ពីរ ដែល​ប្រពន្ធ​ដើម​មាន​អាយុ​ចាស់​ជាង​ប្ដី ហើយ​មិន​មាន​កូន​ទេ បណ្ដាល​ឲ្យ​បុរស​នោះ​ទៅ​យក​ប្រពន្ធ​ចុង​មួយ​ទៀត តែ​មិន​ដឹង​ប្រពន្ធ​ចុង​នៅ​ទីណា​ទេ។ ជា​ញឹកញាប់​នៅ​ពេល​ស្រវឹង បុរស​ម្នាក់​នោះ​តែង​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ដើម ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា គឺ​ឈ្មោះ សំអឿន ស្រវឹង​ដេញ​ចាក់​ប្រពន្ធ ទើប​សមត្ថកិច្ច​ទៅ​ចាប់​ខ្លួន ប៉ុន្តែ​ប៉ូលិស​មិន​បាន​វាយ​ដំ​រូប​កាយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​គាត់​ល្អ គឺ​មិន​ចង់​ឲ្យ​គាត់​ប្រើ​ហិង្សា​ទៅ​លើ​គ្រួសារ​គាត់។ ទី​២ គឺ​យើង​ការពារ​ច្បាប់ ពីព្រោះ​អ្វី​ដែល​គាត់​ធ្វើ គឺ​វា​មិន​ស្រប​ច្បាប់»

អ្នក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក ចាន់ ចំរើន ពន្យល់​ថា នៅ​ក្នុង​ផ្លូវ​ច្បាប់​គ្មាន​ចំណុច​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច ទៅ​ចាប់​ជន​សង្ស័យ​យក​មក​វាយ​ដំ​ធ្វើ​ទារុណកម្ម​ទេ។ លោក ចាន់ ចំរើន បញ្ជាក់​ថា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ នឹង​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ ហើយ​បើ​រក​ឃើញ​ថា ប៉ូលិស​ប៉ុស្តិ៍​គោកចក ពិត​ជា​បាន​វាយ​ដំ​លើ​បុរស​ឈ្មោះ អាន សំអឿន មែន​នោះ គឺ​អង្គការ​សិទ្ធិ​មនុស្ស នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។