អ្នក​ជំនាញ​ជំរុញ​ឲ្យ​យុវជន​ងាក​មក​គាំទ្រ​ស្នាដៃ​និង​គិត​ពី​អនាគត​សិល្បៈ​បុរាណ​ខ្មែរ

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិល្បៈ​បុរាណ លើក​ឡើង​ថា ចំនួន​យុវជន​ចាប់​អារម្មណ៍​រៀន និង​គាំទ្រ​វិស័យ​សិល្បៈ​បុរាណ នៅ​តែ​តិចតួច និង​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប្រមាណ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​សិល្បៈ​អំពាវនាវ​ដល់​បណ្ដា​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​ទាំង​ប្រជាពលរដ្ឋ​ទាំង​អស់ ពិសេស​យុវជន​ជួយ​ថែរក្សា​ស្នាដៃ​សិល្បៈ​បុរាណ​កុំ​ឲ្យ​សាបសូន្យ។

អ្នក​ជំនាញ​សិល្បៈ​ផ្នែក​សិល្បៈ​បុរាណ ព្រួយ​បារម្ភ​ថា សិល្បៈ​របាំ​បុរាណ​ខ្មែរ​អាច​ប្រឈម​នឹង​ការ​បាត់បង់​សាបសូន្យ​ទៅ​ថ្ងៃ​អនាគត ខណៈ​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​បុរាណ​គ្រប់​ទម្រង់​មាន​វ័យ​កាន់តែ​ចាស់ៗ​អស់​ទៅ​ហើយ​នោះ។

ក្តី​បារម្ភ​របស់​អ្នក​ជំនាញ​សិល្បៈ​ផ្នែក​សិល្បៈ​បុរាណ​នៅ​ពេល​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​តាំង​ពិព័រណ៍​ស្នាដៃ និង​អនាគត​លើក​ទី​៤ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា។ សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលបំណង​បង្កើន​ការ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់ និង​កៀរគរ​យុវជន​ឲ្យ​ចូល​រួម​គិត​ពី​អនាគត​សិល្បៈ​បុរាណ។

ប្រធាន​ផ្នែក​សមាគម​សិល្បៈ​រីកសាយ លោក ហង់ ភូមិរ៉ា មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក មាន​យុវជន​តិច​ជាង ៥០% ដែល​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ។ លោក​ថា កត្តា​នេះ​មក​ពី​កង្វះ​ការ​ផ្សព្វផ្សាយ កង្វះ​ទីផ្សារ​ការងារ លំហូរ​ចូល​វប្បធម៌​បរទេស និង​ការ​ឲ្យ​តម្លៃ​និង​និយម​ជ្រុល​វប្បធម៌​បរទេស«ឲ្យ​តែ​មាន​សិល្បៈ​បរទេស​ចូល​មក​ខ្មែរ ទាំង​ការ​ប្រគំ​តន្ត្រី​អី​ក៏ដោយ គឺ​យុវជន​ភាគ​ច្រើន​គាត់​នាំ​គ្នា​ចូល​ទិញ​សំបុត្រ​ចូល​មើល​កុះករ តែ​បើ​សិល្បៈ​បុរាណ​ខ្មែរ​វិញ បើ​ទោះ​ជា​ឲ្យ​មើល​មិន​អស់​លុយ ក៏​មិន​នាំ​គ្នា​ទៅ​មើល​ដែរ។ ហេតុ​នេះ​ខ្វះ​ការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង​ហើយ សិល្បៈ​បុរាណ​ខ្មែរ​វា​ប្រឈម​នឹង​ធ្លាក់​ចុះ​ណាស់»

ទន្ទឹម​គ្នា​នេះ​ដែរ សាស្ត្រាចារ្យ​ផ្នែក​ល្ខោន​យីកេ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ អ្នកស្រី អ៊ុយ លតាវណ្ណ ឲ្យ​ដឹង​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​យុវជន​តិចតួច​ណាស់ ដែល​ចាប់​អារម្មណ៍​រៀន​ផ្នែក​សិល្បៈ​របាំ​បុរាណ ព្រោះ​យុវជន​ច្រើន​គិត​ថា របាំ និង​ល្ខោន​បុរាណ​ពិបាក​រៀន មាន​លក្ខណៈ​ស្មុគស្មាញ​ទាមទារ​ឲ្យ​មាន​ការ​អត់ធ្មត់​ច្រើន ជាង​នេះ​ទៀត ខ្វះ​ទីផ្សារ​ការងារ បើ​ធៀប​នឹង​សិល្បៈ​សម័យ ឬ​មុខ​ជំនាញ​ដទៃ។ ជាក់ស្ដែង​នៅ​សាលា​វិចិត្រ​សិល្បៈ កាល​ពី​ឆ្នាំ​២០១៥ មាន​សិស្ស​យីកេ​ចំនួន ២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បុគ្គលិក​ក្របខ័ណ្ឌ​ក្រសួង​វប្បធម៌។ សាស្ត្រាចារ្យ​រូប​នេះ​ជំរុញ​ឲ្យ​យុវជន​ងាក​មក​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ​ឡើង​វិញ«សូម​ឲ្យ​យុវវ័យ​យើង​ទាំងអស់​ងាក​មក​គាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ ព្រោះ​យុវជន គឺ​ជា​អ្នក​បន្ត​វេន​ក្នុង​ការ​ផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ»

​ចំណែក​ឯ​តំណាង​យុវជន​ដែល​ចូលរួម​កម្មវិធី​នេះ លោក រៀម ចំរើន យល់​ថា នៅ​ពេល​ដែល​ការ​គាំទ្រ​របស់​យុវជន​ធ្លាក់​ចុះ ខណៈ​បណ្ដាញ​សង្គម​កំពុង​រីក​សុះសាយ សិល្បៈ​បុរាណ​ខ្មែរ នឹង​កាន់តែ​ជួប​ហានិភ័យ​កាន់​ខ្លាំង។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​កញ្ចប់​ទុន​បន្ថែម រួម​ទាំង​ផ្សព្វផ្សាយ​បន្ថែម​ដើម្បី​សង្គ្រោះ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​រស់​រាន​មាន​ជីវិត​ឡើង​វិញ«បើ​សិន​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​តែ​វប្បធម៌​បរទេស អត់​នាំ​គ្នា​ផ្សាយ​វប្បធម៌​ខ្មែរ អា​ហ្នឹង​ហើយ​វា​កាន់​បាត់បង់​សាបសូន្យ​ទៅ»

​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​វប្បធម៌ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​វប្បធម៌​ឆ្នាំ​២០១៦ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ក៏​ធ្លាប់​លើក​ឡើង​ថា កង្វះ​ធនធាន​មន្ត្រី​ជំនាញ​ផ្នែក​សិល្បៈ​បុរាណ​កំពុង​ក្លាយ​ជា​ឧបសគ្គ​លើ​ការ​បំពេញ​ការងារ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​របស់​ក្រសួង។

ទោះ​ជា​យ៉ាង​ក៏ដោយ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ទាំង​អ្នក​ជំនាញ​សិល្បៈ សង្គម​ស៊ីវិល និង​សាស្ត្រាចារ្យ​សិល្បៈ​បុរាណ គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ស្នាដៃ និង​អនាគត​លើក​ទី​៤ រយៈពេល​បី​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ដើម្បី​សង្គ្រោះ​ជីវិត​សិល្បៈ​បុរាណ និង​នាំ​យក​នូវ​របាំ​ប្រពៃណី​ខ្មែរ​សំខាន់ៗ​មួយ​ចំនួន​ដែល​កំពុង​តែ​បាត់បង់​ប្រជាប្រិយភាព និង​ស្ទើរ​តែ​បាត់បង់​រូបរាង​មក​បង្ហាញ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ងាក​មក​គិត​ពី​អនាគត​សិល្បៈ​បុរាណ​ខ្មែរ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។