រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នក​កាន់​ប័ណ្ណ​បើកបរ​អចិន្ត្រៃយ៍​អាច​ប្រើប្រាស់​១០​ឆ្នាំ​ទៀត

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុញ្ញាត​ឲ្យ​អ្នក​កាន់​ប័ណ្ណ​បើកបរ​អចិន្ត្រៃយ៍ អាច​ប្រើប្រាស់​បន្ត​រហូត​ដល់​១០​ឆ្នាំ​ទៀត រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

សេចក្ដី​ជូន​ដំណឹងរបស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ថ្ងៃ​ទី​១៥ មីនា ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​អនុញ្ញាត​ឲ្យ​អ្នក​កាន់​ប័ណ្ណ​បើកបរ​អចិន្ត្រៃយ៍ ប្រើប្រាស់​១០​ឆ្នាំ​បន្ថែម​ទៀត​នោះ សម្រាប់​អ្នក​កាន់​ប័ណ្ណ​បើកបរ​មាន​សុពលភាព​រហូត​ដល់​អាយុ​៦០​ឆ្នាំ ក៏​អាច​នៅ​ប្រើប្រាស់​បាន​រហូត​អស់​សុពលភាព។ ប៉ុន្តែ​បើ​អ្នក​កាន់​ប័ណ្ណ​បើកបរ​ទាំង​ពីរ​ប្រភេទ​នេះ ចង់​ប្ដូរ​យក​ប័ណ្ណ​បើកបរ​ប្រភេទ​ថ្មី មាន​សុពលភាព​១០​ឆ្នាំ​នោះ ក្រសួង​នឹង​រៀបចំ​ជូន​ផង​ដែរ។

កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ទាំងអស់ ចាប់​ផ្ដើម​ពង្រឹង​ច្បាប់​ចរាចរណ៍ ចាប់​ថ្ងៃ​ទី​១៥ មីនា នេះ​តទៅ បន្ទាប់​ពី​ពន្យារ​ពេល មិន​ផាក​ពិន័យ​​រយៈពេល​២ខែ កន្លះ លើ​សកម្មភាព​ល្មើស ដូចជា​អ្នក​បើកបរ​គ្មាន​ប័ណ្ណ​បើកបរ ​ប័ណ្ណសម្គាល់​យានយន្ត និង​លិខិត​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​ឈៀក​ជាដើម។

កាល​ពី​ថ្ងៃ​ទី​១៥ មីនា ក្រសួង​សាធារណការ និងដឹកជញ្ជូន ក៏​ស្នើ​ឲ្យ​ម្ចាស់​ប័ណ្ណបើកបរ​ជាង​១​ពាន់​នាក់ ដែល​ក្រសួង​​បាន​ធ្វើ​រួចហើយ មក​ទទួល​យក​ប័ណ្ណ​បើកបរ​របស់​ខ្លួន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។