លោក ហ៊ុន សែន រិះគន់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​រដ្ឋសភា​ថា​ដើរ​យឺត​ជាង​គេ​នៅ​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រិះគន់​ប្រព័ន្ធ​អ៊ីនធឺណិត​ភ្ជាប់​តាម​រយៈ​ឧបករណ៍​វ៉ាយហ្វាយ (Wi-Fi) នៅ​រដ្ឋសភា ថា​ដើរ​យឺត​ជាង​គេ​នៅ​ប្រទេស​កម្ពុជា។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា នេះ​ជា​រឿង​អាម៉ាស់​របស់​កម្ពុជា។

ភ្លាមៗ​ក្រោយ​ការ​រិះគន់​របស់ លោក ហ៊ុន សែន អ្នក​នាំ​ពាក្យ​រដ្ឋសភា ថ្លែង​ទទួល​ស្គាល់​ថា ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​រដ្ឋសភា ពិត​ជា​ដើរ​យឺត​ដូច​ការ​អះអាង​របស់ លោក ហ៊ុន សែន មែន ហើយ​ថា ពេល​នេះ​រដ្ឋសភា​កំពុង​រក​ដំណោះស្រាយ​ចំពោះ​រឿង​នេះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ លោក ហ៊ុន សែន លើក​ឡើង​ថា វ៉ាយហ្វាយ (Wi-Fi) ដែល​អន់​បំផុត គឺ​វ៉ាយហ្វាយ​នៅ​រដ្ឋសភា ដែល​លោក​ថា​មាន​សញ្ញា​ពេញ (Internet Signal) ប៉ុន្តែ​មិន​ដំណើរ​ការ។ លោក ហ៊ុន សែន ស្នើ​ឲ្យ​សភា​ពិនិត្យ និង​គិតគូរ​ពី​រឿង​នេះ៖ «វ៉ាយហ្វាយ​ដែល​អន់​ជាង​គេ​នៅ​ក្នុង​សភា​កម្ពុជា និយាយ​ថា​លោត​សញ្ញា​ពេញ​ទាំងអស់ ប៉ុន្តែ​ស្រាប់​តែ​អត់​ដើរ»

កន្លង​មក មន្ត្រី​គណបក្ស​ប្រឆាំង​ធ្លាប់​រិះគន់​ថា រដ្ឋសភា​តែង​ប្រើប្រាស់​របស់​របរ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ខ្លាំង។ ឧទាហរណ៍ ម៉ាស៊ីន​ថត​ចម្លង ឬ​ព្រីនធឺ (Printer) មួយ​មាន​តម្លៃ​រហូត​ដល់ ១៥.០០០​ដុល្លារ ដង​ទង់ជាតិ​នៅ​មុខ​រដ្ឋសភា តម្លៃ​ជាង ២​ម៉ឺន​ដុល្លារ ជាដើម ប៉ុន្តែ​ជា​ញឹកញាប់ តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​តែង​ចេញ​មុខ​ការពារ។

ឆ្លើយ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ទទួល​ស្គាល់​ថា អ៊ីនធឺណិត​នៅ​រដ្ឋសភា ពិត​ជា​ដើរ​យឺត​មែន។ លោក​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​សភា​ប្រើ​អ៊ីនធឺណិត​មិន​ត​ខ្សែ និង​ករណី​មួយ​ទៀត កម្លាំង​អ៊ីនធឺណិត​នៅ​សភា​ខ្សោយ ព្រោះ​ចំណាយ​លុយ​អស់​តិច ប៉ុន្តែ​លោក​មិន​ទាន់​អាច​ឲ្យ​ដឹង​ថា សភា​ចំណាយ​ថវិកា​ប៉ុន្មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ៖ «ខ្ញុំ​បើក​ច្រើន​ដង​ទៅ​វា (អ៊ីនធឺណិត) អត់​ចេញ​ដែរ ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​បន្ថែម​ទៀត ហើយ​ដំឡើង​ល្បឿន»

អ្នក​នាំ​ពាក្យ​រដ្ឋសភា​ដដែល​អះអាង​ថា បន្ទាប់​ពី​ទទួល​បាន​ការ​រិះគន់​ពី លោក ហ៊ុន សែន ក្រុម​ការងារ​នៅ​រដ្ឋសភា នឹង​ប្រជុំ​ជជែក​រក​ដំណោះស្រាយ និង​លើក​សំណើ​មួយ​ចំនួន ស្នើ​ទៅ​ប្រធាន​រដ្ឋសភា។ លោក​អះអាង​ដែរ​ថា គម្រោង​ធ្វើ​អ្វី​មួយ​របស់​រដ្ឋសភា ទាល់​តែ​មាន​ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ ដែល​មាន​ការ​ចូលរួម​ពី​គណៈកម្មការ​ហិរញ្ញវត្ថុ រដ្ឋសភា និង​ក្រសួង​សេដ្ឋកិច្ច។

ចំពោះ​ការ​រិះគន់​របស់ លោក ហ៊ុន សែន លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​រដ្ឋសភា​ពេល​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​រឿង​អាម៉ាស់​មួយ​របស់​កម្ពុជា ដោយ​ហេតុ​ថា វា​ជា​រឿង​តូចតាច តែ​បែរ​ជា​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​រិះគន់​ជា​សាធារណៈ​ទៅ​វិញ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA ) លោក សន ជ័យ យល់​ថា នេះ​ជា​រឿង​អាម៉ាស់​មួយ​របស់​រដ្ឋសភា ដែល​ត្រូវ លោក ហ៊ុន សែន លើក​យក​បញ្ហា​តិចតួច​មក​រិះគន់​បែប​នេះ។ លោក​ថា បញ្ហា​វ៉ាយហ្វាយ​ខ្សោយ មិន​មែន​ជា​រឿង​ពិបាក​ធ្វើ​នោះ​ទេ។ ដូច្នេះ មិន​ចាំបាច់​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ទេ សមាជិក​សភា​ផ្សេង​ទៀត ក៏​អាច​រិះគន់​បាន​ដែរ

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា កន្លង​មក រដ្ឋសភា​ក៏​ជួប​បញ្ហា​អ៊ីនធឺណិត​ដើរ​យឺត​ដែរ ព្រោះ​មាន​អ្នក​ទាញ​យក ឬ​ដោនឡូត (Download) លេង​ហ្គេម ឬ​បើក​មើល​រឿង​អាស​អាភាស​ជាដើម ប៉ុន្តែ​លោក​ថា រដ្ឋសភា​បាន​បិទ​វែបសាយ (Website) ទាំង​នេះ​មិន​ឲ្យ​ប្រើប្រាស់​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។