មន្ត្រី​តុលាការ​ និង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​បាន​ស្គាល់​រសជាតិ​ប្រតិកម្ម​របស់​បុរស​ខ្លាំង​ គឺ​ត្រូវ​ដោះ​លែង​មនុស្ស​ជាប់​ឃុំ​ទាំង​យប់​

​មន្ត្រី​តុលាការ​ និង​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ ជា​ពិសេស​លោក​ ភួង​ ពុទ្ធា​រ៉ា​ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ និង​លោក​ អ៊ូ​ ផាត​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​ស្គាល់​រសជាតិ​ប្រតិកម្ម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គ្មាន​ស្រពិចស្រពិល​បន្តិច​ឡើយ​ លើ​ករណី​ឃុំខ្លួន​ស្ត្រី​ជា​តំណាង​ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ចំនួន​២​នាក់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ និង​ត្រូវ​បង្ខំចិត្ត​ទាំង​បេះដូង​លោត​ខុស​ចង្វាក់​ សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​យ៉ាង​តក់ក្រហល់​ទាំង​រាត្រី​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ហើយ​ក៏​ជា​សារ​មួយ​ ឬ​ជា​វប្បធម៌​មួយ​សម្រាប់​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ ជា​ពិសេស​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​យុត្តិធម៌​បច្ចុប្បន្ន​ស្វែង​យល់​ និង​ចង​ចាំ​ទុកជា​មេរៀន​ផង​ដែរ​ថា​ "​ជន​ត្រូវ​ចោទ​ដែល​កំពុង​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ អាច​ដោះ​លែង​វិញ​នា​វេលា​ម៉ោង​២០-២១​យប់​បាន​ ជា​ករណី​ពិសេស​ ប៉ុន្តែ​មិន​អាច​អនុវត្តន៍​បានជា​ទូទៅ​នោះ​ទេ​ គឺ​សម្រាប់​តែ​ប្រតិកម្ម​ ឬ​បទបញ្ជា​របស់​បុរស​ខ្លាំង​ប៉ុណ្ណោះ​ ។​ "​ (Sic!)​ ។​

​បន្ទាប់​ពី​មាន​ប្រតិកម្ម​ទាំង​យប់​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ គឺ​ស្ត្រី​ឈ្មោះ​ អ៊ិ​ត​ រុំ​ អាយុ​៥៥​ឆ្នាំ​ និង​ស្ត្រី​ឈ្មោះ​ យូ​ រ៉​ន​ អាយុ​៥១​ឆ្នាំ​ ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៦០​គ្រួសារ​ ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ឋិត​នៅ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ដែល​លោក​ ភួង​ ពុទ្ធា​រ៉ា​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​នោះ​ (​ក្នុង​ម៉ោង​រដ្ឋបាល​)​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​វិញ​ទាំង​ញាប់ដៃ​ញាប់​ជើង​នា​រាត្រី​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ (​ក្រៅ​ម៉ោង​រដ្ឋបាល​)​ ដែល​អាច​ចាត់​ទុក​ថា​ ជា​"​ករណី​ពិសេស​"​ ។​

​ក្នុង​សំណុំរឿង​ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​យប់​ បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​បែប​នេះ​ គឺ​ប្រាកដ​ណាស់​ បាន​ធ្វើ​ឲ្យ​លោក​ ភួង​ ពុទ្ធា​រ៉ា​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដែល​ជា​អ្នក​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​២​នាក់​ជា​តំណាង​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នោះ​ មាន​អារម្មណ៍​មិន​ស្រួល​ឡើយ​ ហើយ​ក៏​បាន​"​ភ្លឺភ្នែក​"​មិន​តិច​ដែរ​ ។​

​លោក​ ភួង​ ពុទ្ធា​រ៉ា​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៥​សាលា​ភូមិន្ទ​ចៅក្រម​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៧​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ ។​ ក្រោយមក​ លោក​ចៅក្រម​កម្មសិក្សា​ ភួង​ ពុទ្ធា​រ៉ា​ ទទួល​បានការ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ និង​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ទល់​សព្វថ្ងៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១២/៩៩៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​បង្ហាញ​អំពី​រូបភាព​ពិត​នៃ​ប្រព័ន្ធ​ច្បាប់​ និង​យុត្តិធម៌​ នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បច្ចុប្បន្ន​ ៕​

មន្ត្រី​តុលាការ​ និង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​បាន​ស្គាល់​រសជាតិ​ប្រតិកម្ម​របស់​បុរស​ខ្លាំង​ គឺ​ត្រូវ​ដោះ​លែង​មនុស្ស​ជាប់​ឃុំ​ទាំង​យប់​មន្ត្រី​តុលាការ​ និង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​បាន​ស្គាល់​រសជាតិ​ប្រតិកម្ម​របស់​បុរស​ខ្លាំង​ គឺ​ត្រូវ​ដោះ​លែង​មនុស្ស​ជាប់​ឃុំ​ទាំង​យប់​

Related