2​ខែ​ដើមឆ្នាំ​នេះ អត្រា​លក់រាយ​របស់​ចិន​កើនឡើង​10,2​ភាគរយ

ប្រទេស​ចិន ៖ ការ​លក់រាយ​នៃ​ទំនិញប្រើប្រាស់​របស់​ចិន​បាន​កើនឡើង​១០,២% ពី​មួយ​ទៅ​មួយ​ឆ្នាំ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញ​ថា នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ អត្រាកំណើន​មាន​ត្រឹមតែ​១១,១%​ប៉ុណ្ណោះ ហើយ​សម្រាប់​ឆ្នាំ​២០១៥​ទាំងមូល មាន​ត្រឹមតែ​១០,៧% ខណៈ​ការ​លក់រាយ​នូវ​ទំនិញប្រើប្រាស់​សរុប​មាន​ទឹកប្រាក់​៨១៥,២​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ។

ការ​លក់រាយ​នៅ​តំបន់​ទីក្រុង​របស់​ចិន មាន​អត្រា​ស្មើនឹង​ជិត​៨៥% រីឯ​ការ​លក់រាយ​នៅ​តំបន់​ជនបទ​មាន​ត្រឹមតែ​១៤%​ប៉ុណ្ណោះ ។ ប៉ុន្តែ​អត្រា​លក់រាយ​នៅ​ជនបទ​មាន​កំណើន​ខ្ពស់​១០,៩% ខណៈ​ការ​លក់​នៅ​តំបន់​ទីក្រុង​មាន​ត្រឹមតែ​១០,១% ។

ជាមួយ​គ្នា​នេះ ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ ការ​លក់ទំនិញ​តាម​អន​ឡាញ​បាន​កើនឡើង ២៧,៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គិត​ជា​ទឹកប្រាក់ ស្មើនឹង​៦៣៦,១​ប៊ី​លាន​យន់ និង​មាន​អត្រា​១២% នៃ​ការ​លក់រាយ​សរុប ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​ជាតិ ។

គួរ​បញ្ជាក់​ថា អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ​បាន​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឲ្យ​មានការ​ប្រើប្រាស់​កាន់តែ​ច្រើន​ជាង​នេះ និង​មាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ទោះបីជា​មាន​អត្រា​ខ្សោយ​ក្តី ៕