វៀតណាម​បារម្ភ​ជ្រុះ​តំណែង​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំ​ជាងគេ​ទី​2

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ត្រូវ​បាន​ព្រមាន​ថា នឹង​ត្រូវ​នាំមុខ​ដោយ​ការ​នាំ​ចេញ​របស់​ថៃ និង​កម្ពុជា ប្រសិនបើ​វៀតណាម​មិន​ធ្វើការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ផលិតកម្ម និង​ការ​នាំ​ចេញ​នា​ពេល​បច្ចុប្បន្ន​នោះ ។

ប្រទេស​កម្ពុជា ទើបតែ​ចាប់ផ្តើម​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​បាន​ទទួល​កំណើន​នាំ​ចេញ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ។ កាលពី​ឆ្នាំ​២០១៥​កន្លង​មក ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​មាន​ចំនួន​១១៦.០០០​តោន កើនឡើង​១៣៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។ ដូច្នេះ​ហើយ​បានជា​ធ្វើ​ឲ្យ​អ្នកជំនាញ​មួយ​ចំនួន​និយាយ​ថា កម្ពុជា​បាន​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​របស់​វៀតណាម​យ៉ាង​ខ្លាំងក្លា ។

ទន្ទឹម​នឹង​នេះ ការ​គំរាមកំហែង​ពី​ប្រទេស​ថៃ​ហាក់ដូចជា​កាន់តែ​អាក្រក់​ទៅ​ទៀត ខណៈ​ដែល​ប្រទេស​នេះ​គ្រោង​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​អង្ករ​ស្រូវ​ថ្មី ដោយ​ទាញ​យក​ទឹក​ពី​ទន្លេមេគង្គ​ទៅ​កាន់​តំបន់កសិកម្ម​ក្នុង​ភូមិភាគ​ឦសាន ។

ទាក់ទង​នឹង​ការ​លើក​ឡើង​ថា « ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​សន្ទុះ​គួរ​ឲ្យ​ចម្លែក​នេះ » លោក Vo Tong Xuan អ្នក​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​របស់​វៀតណាម បាន​និយាយ​ថា​៖ « គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ ព្រោះថា​កម្ពុជា​មិន​អាច​ប្រកួតប្រជែង​ជាមួយ​វៀតណាម​ទៅ​លើ​តម្លៃ​ថោក និង​ផលិត​អង្ករ​គុណភាព​មធ្យម​បាន​ឡើយ » ។

ទោះជា​យ៉ាងណា លោក Vo Tong Xuan ទទួលស្គាល់​ថា កម្ពុជា​មានគុណ​សម្បត្តិ​លើស​វៀតណាម ចំពោះ​ផលិតផល​អង្ករ​ដែល​មានគុណ​ភាព​ខ្ពស់ បញ្ហា​គឺ​កសិករ​វៀត​ណាម​មិន​ចង់​ទទួលផល​ត្រឹមតែ​២-៣​តោន​ក្នុង​១​ហិ​កតា​នោះ​ទេ តែ​បែរជា​ចង់​ទទួល​ទិន្នផល​ខ្ពស់​ចាប់ពី​៦-៧​តោន​ក្នុង​១​ហិ​កតា ដែល​នាំ​ឲ្យ​គុណភាព​អង្ករ​ធ្លាក់​ចុះ​។

ទោះបីជា​ស្រូវ​ផ្កាម្លិះ​របស់​វៀតណាម ក្នុង​១​ហិ​កតា​ទទួល​បាន​ទិន្នផល​៥​តោន​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ប្រកួតប្រជែង​ជាមួយនឹង​ទីផ្សារ​គុណភាព​ខ្ពស់​របស់​កម្ពុជា និង​ថៃ​បាន​ដែរ ។

លោក Vo Tong Xuan បន្ត​ថា ៖ « ចិន​នឹង​នៅ​តែ​ត្រូវការ​អង្ករ​ពី​វៀតណាម ដោយសារ​តែ​វា​មាន​តម្លៃ​ថោក​សម្រាប់​ប្រជាជន​ភាគច្រើន ថ្វីបើ​ប្រជាជន​ចិន​កាន់តែ​មាន​ជីវភាព​ធូរធារ និង​ចង់​ប្រើប្រាស់​ផលិតផល​គុណភាព​ខ្ពស់​ក្តី » ។

គួរ​បញ្ជាក់​ថា ភាព​ខុស​គ្នា​រវាង​គុណភាព​អង្ករ​វៀតណាម ជាមួយ​ថៃ ក៏​ដូច​ជា​កម្ពុជា គឺ​លើ​គុណភាព​ដាំ​ដុះ​ស្រូវ មាន​ន័យ​ថា វៀតណាម​ចង់បាន​តែ​ទិន្នផល​ស្រូវ​ខ្ពស់​ប៉ុណ្ណោះ ខណៈ​ដែល​ថៃ និង​កម្ពុជា​បាន​ផ្តោត​ទៅ​លើ​ការ​ដាំ​ដុះ​ស្រូវ​មានគុណ​ភាព​ខ្ពស់ ។

ទោះជា​យ៉ាងណា អ្នកជំនាញ​ស្រូវ​អង្ករ​ជឿជាក់​ថា វៀតណាម​មិន​គួរ​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​កម្ពុជា និង​ថៃ ទៅ​លើ​ការ​ដាំ​ដុះ​ស្រូវ​គុណភាព​ខ្ពស់​នោះ​ទេ ដោយសារ​តែ​ការ​ដាំ​ដុះ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​របស់​វៀតណាម គឺ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង ។

លើស​ពី​នេះ​ទៀត លោក Vo Tong Xuan បាន​ឲ្យ​ដឹង​ថា ៖ « វៀតណាម​គួរតែ​កាត់​បន្ថយ​ការ​ដាំ​ដុះ​ដំណាំ​នៅ​តំបន់​ដែល​មាន​ជាតិ​អំបិល​ខ្ពស់ និង​គួរតែ​ដាំ​ដុះ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​រដូវភ្លៀង » ៕