ការ​វាយប្រហារ​តាម​អាកាស​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​យេ​ម៉ែ​ន​មាន​មនុស្ស​ស្លាប់​ដល់​65​នាក់

ក្រុម​គ្រូពេទ្យ និង​បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​និយាយ​ថា តុល្យការ​នៃ​ការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​១៥ មីនា វេលា​រសៀល​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លើ​ផ្សារ​មាន​មនុស្ស​ច្រើន​កុះករ​មួយ​នា​ភាគ​ខាងជើង​ក្រុង​សា​ណា រដ្ឋធានី​យេ​ម៉ែ​ន បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ដល់​ទៅ​៦៥​នាក់ ។

អ្នក​ទទួលខុសត្រូវ​មន្ទីរពេទ្យ​ម្នាក់​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ តុល្យការ​ជន​ស៊ី​វិល​ស្លាប់​ឡើង​ដល់​៦៥​នាក់ ហើយ​៥៥​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​២​លើក​របស់​បណ្តា​យន្តហោះ​ប្រដេញ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លើ​ផ្សារ AL KHAMIS ស្ថិត​ក្នុងស្រុក​ម៉ា​ស្តា​បា ខេត្ត HAJJA ។ តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​ត្រឹម​៣០​នាក់។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ត​ថា ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​ធ្វើ​ឡើង​ចំ​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះករ​នា​វេលា​រសៀល និង​នា​ពេល​ក្នុង​ផ្សារ​នេះ​កំពុង​មាន​មនុស្ស​ច្រើន ។ បណ្តា​មន្ទីរពេទ្យ​ស្រុក​ម៉ា​ស្តា​បា និង​ស្រុក ABS ពុំ​មាន​ថ្នាំពេទ្យ​គ្រប់គ្រាន់​ដើម្បី​ជួយ​ព្យាបាល​អ្នក​របួស​ច្រើន​បែប​នេះ​ទេ ។

ចំណែក​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​រាយការណ៍​ថា បាន​ទទួល​អ្នក​របួស​៤០​នាក់​ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​នៅ​ស្រុក​ម៉ា​ស្តា​បា ដោយ​អ្នក​របួស​ភាគច្រើន​ជានា​រី និង​កុមារ ។

ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តែង​ទម្លាក់​គ្រាប់បែក​រាល់ថ្ងៃ​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥ មក ព្រោះ​ចង់​កម្ទេច​ពួក​ឧទ្ទាម ហើយ​ដណ្តើម​យក​រដ្ឋធានី​សា​ណា ។

ប្រទេស​យេ​ម៉ែ​ន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ទាំងស្រុង​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤ មក ពេល​ក្រុម​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី គាំទ្រ​ដោយ​កងកម្លាំង​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី លោក​អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ កាន់កាប់​រដ្ឋធានី​សា​ណា ហើយ​បង្ខំ​ឱ្យ​ប្រធានាធិបតី​លោក​អាប​ដ៍ រ៉ា​ប៊ូ ម៉ា​ន​សួរ ហា​ឌី នីរ​ទេស​ខ្លួន ។ ជម្លោះ​នេះ​មក​ទល់​បច្ចុប្បន្ន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​៦.០០០​នាក់ ហើយ​ភាគច្រើន​ជា​ជន​ស៊ី​វិល ៕