ផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​បឺស​មួយ​នៅ​ក្រុង​ប៉េ​សាវ៉ា​ប៉ា​គី​ស្ថាន​ស្លាប់​16​នាក់

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​ថា មនុស្ស​យ៉ាងតិច​១៦​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​២៤​នាក់​ទៀត​រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​បឺស​មួយ​គ្រឿង​ដែល​ដឹក​មន្ត្រី​រដ្ឋការ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នៅ​ទីក្រុង​ប៉េ​សាវ៉ា ជាទី​ក្រុង​ធំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន ។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ប៉ូលិស​ក្រុង​ប៉េ​សាវ៉ា លោក​ម៉ូ​ហា​ម៉ា​ដ កា​ស៊ីវ គូសបញ្ជាក់​ប្រាប់ AFP ថា មនុស្ស​យ៉ាងតិច​១៦​នាក់​បាន​ត្រូវ​ស្លាប់ និង​២៤​ទៀត​រង​របួស​ដោយសារ​ការ​ផ្ទុះ​រថយន្ត​បឺស​នេះ ដែល​ដឹក​បណ្តា​និយោជិត​រដ្ឋាភិបាល ។

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ថា ការ​ផ្ទុះ​បណ្តាល​មក​ពី​គ្រាប់បែក​មួយ​មាន​គ្រឿងផ្ទុះ​ទម្ងន់​៤​គីឡូក្រាម ដាក់​ជាប់​នឹង​រថយន្ត​បឺស ហើយ​កើត​មាន​ក្នុង​សង្កាត់​ពាណិជ្ជកម្ម SADDAR ខណៈ​រថយន្ត​នេះ​ដើរ​ប្រមូល​និយោជិត​ដឹក​ទៅ​កាន់​កន្លែងធ្វើការ ។

ការ​វាយប្រហារ​ភេរវកម្ម​តែង​កើត​មាន​ញឹកញាប់​ក្នុង​ខេត្ត​មាន​អ​ស្ថេ​រ​ភាព KHYBER-PAKHTUNKHWA ដែល​មាន​ទីក្រុង​ប៉េ​សាវ៉ា​ជាទី​ប្រជុំជន ៕