សម្តេច​តេ​ជោ ៖ កម្ពុ​ជា​មាន​២ មួយ​កម្ពុជា​ពិត និង មួយទៀត​កម្ពុជា​លើ​ទំព័រ​សារ​ព័ត៌មាន​បរទេស

សម្តេច​តេ​ជោ ៖ កម្ពុ​ជា​មាន​២ មួយ​កម្ពុជា​ពិត និង មួយទៀត​កម្ពុជា​លើ​ទំព័រ​សារ​ព័ត៌មាន​បរទេស



ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ​កម្ពុជា​ពិតជា​មាន​ពីរ ទី​មួយ​គឺ​កម្ពុជា​ពិត និង មួយទៀត​គឺ​កម្ពុជា​នៅលើ​បណ្តាញ​សារព័ត៌មាន។ ដោយ​សម្តេច​បាន​ធ្វើការ​រិះគន់​ចំពោះ​សារព័ត៌មាន​បរទេស និង អ្នកនយោបាយ​មួយ​ចំនួន​ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស ថា សរសេរ​និង​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅ​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ ២០១៦។

សម្តេច​បាន​ថ្លែង​ថា “​តើ​ពេលនេះ​យើង​កំពុង​ឈរ​នៅ​ទី​ណា ហើយ​យើង​កំពុង​ស្ថិតនៅ​ទីកន្លែង​ណា ព្រោះថា​កម្ពុជា​មាន​ពីរ ទី​មួយ​.​គឺ​កម្ពុជា​ពិត និង​ទី​ពីរ​.​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន ដែល​មួយ​ចំនួន​បាន ទៅ​បរិហារកេរ្តិ៍ ឬ និយាយ​អាក្រក់​ពី​កម្ពុជា សឹងតែ​ជា​ឋាននរក​លោកិយ​”។ សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា “​ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​សង្ឃឹម​ឯកឧត្តម អស់លោក​លោកស្រី រួម​ទាំង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង និង បណ្តា ឯកអគ្គរដ្ឋទូត​មក​ពី​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប ក៏បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ឱកាស​នេះ ពិតជា​កំពុង​រួម​ជា មួយ​យើងខ្ញុំ​ស្ថិត​នៅ​លើ​កម្ពុជា​ពិតតែ​ម្តង​”។

សម្តេច​បាន​មានប្រសាសន៍ថា​ ឥឡូវនេះ​យើង​កំពុង​ឈរ​នៅ​ទី​នេះ​ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ស្ថានីយ​អ្នកដំណើរ​ថ្មី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​សម្បទាន​ព្រលានយន្តហោះ​គឺ​ក្រុមហ៊ុន​vinci របស់ ប្រទេស​បារាំង។

សម្តេច​បាន​មានប្រសាសន៍​ទៀត​ថា “​ប៉ុន្តែ​នេះ​ដោយសារ​វា​ជា​កម្ពុជា​ពិត​ ទើប​ខ្ញុំ​និយាយ​លេងសើច។ បើសិនជា​កម្ពុជា​លើ​ទំព័រ​លើ​សារព័ត៌មាន​គឺ​យើង​គ្មាន​ឱកាស​នឹង​លេងសើច​ទេ​ ព្រោះ​វា​ជា​ឋាននរក​លោកិយ​របស់​អ្នកនយោបាយ​ខ្លះ ដែល​ដើរ​សំអុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា ស្រប​នឹង​សារព័ត៌មាន​ដែល​មិន​សុចរិត​ភាព ​តែ​ហ្នឹង​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​គេ​ទេ”៕