ម៉ា​ទឹកកក និង​មុខសញ្ញា​ជួញដូរ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ក្រសោប

ម៉ា​ទឹកកក និង​មុខសញ្ញា​ជួញដូរ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ក្រសោប



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ជា​មុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ក្រសោប ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន  ខណៈ​ដែលជនសង្ស័យ​ទាំងពីរ​នាក់​នេះ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។

លោក ស៊ាន សុ​ណា​ល់  នាយការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន  បាន​បញ្ជាក់​ថា​ កិច្ចប្រតិបត្តិការ​នេះ​ គឺ​បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦  វេលា​ម៉ោង៥ និង​៣០​នាទី​ល្ងាច  ត្រង់​ចំណុច​ក្នុង​បរិវេណ​ផ្សារ​ទំនើប​ភូពុ​យ ស្ថិតនៅ​ក្នុង​ភូមិ​អញ្ចាញ​ សង្កាត់​អូរ​ចារ  ក្រុង​បាត់ដំបង  ខេត្តបាត់ដំបង។

លោក​បាន​បន្ថែម​ថា បន្ទាប់​ពីទទួល​បាន​នូវ​ព័ត៌មាន​ស្តី​ពី​ករណី​ជួញដូរ និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី​បាន​កើតឡើង​រួចមក លោក​បាន​ចាត់តាំង​កម្លាំង​ចេញ​ប្រតិបត្តិការ​ទៅកាន់​ទីតាំង​ខាងលើ ព្រមទាំង​បាន​ឃាត់ខ្លួន​មុខ​សញ្ញា​បាន​ចំនួន​ពីរ​នាក់​ ដែល​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព។

ជនសង្ស័យ​ទាំងពីរ​នាក់​ ដែល​កម្លាំង​ឃាត់ខ្លួន​បាន​មានឈ្មោះ ឯក សុ​វណ្ណា​វង្ស  ភេទ​ប្រុស  អាយុ​២៨​ឆ្នាំ  រស់នៅ​ភូមិ​ស្តៅ  ឃុំ​ស្តៅ  ស្រុក​រតនៈមណ្ឌល  និង​ឈ្មោះ ឃិន សុខ  ភេទ​ប្រុស​ អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក  ក្រុង​បាត់ដំបង  ដោយ​នៅ​ពេល​នោះ​ដែរ​កម្លាំង​បាន​ធ្វើការ​ដកហូត​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​ថង់​ស្មើនឹង​ទម្ងន់ ៣៥៣,៧០​ក្រាម  ទូរស័ព្ទដៃ​ចំនួន​ពីរ​គ្រឿង។

​ក្រោយពី​ទទួល​បាន​នូវ​ចម្លើយ​សារភាព​រួចមក  ជនសង្ស័យ​ទាំងពីរ​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

ម៉ា​ទឹកកក និង​មុខសញ្ញា​ជួញដូរ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ក្រសោប ម៉ា​ទឹកកក និង​មុខសញ្ញា​ជួញដូរ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ក្រសោប