ផឹក​ស្រា​ស្រវឹង​បើក​ម៉ូតូ​បុក​ឆ្កែ​ដួល​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ

ផឹក​ស្រា​ស្រវឹង​បើក​ម៉ូតូ​បុក​ឆ្កែ​ដួល​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ



ឧ​ត្ត​មាន​ជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើក​ម៉ូតូ​បុក​ឆ្កែ​ដួល​សន្លប់​នៅ​កន្លែង​កើតហេតុ ខណៈដែល​ផឹក​ស្រា​ស្រ​វឹង​ជោកជាំ​គ្រប់គ្រង​ល្បឿន​ម៉ូតូ​មិនបាន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​១៦ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​ស្ថិតនៅ​ចំណុច​ភូមិ​ទួល​កណ្ដាល​ ឃុំ​ត្រពាំង​ប្រិ​យ​ ស្រុក​អន្លង់វែង​ ខេត្តឧត្ដ​មាន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ​ជា​ គីម​ហុង ​ហៅ​តា​បារាំង ​អាយុ​៥៤​ឆ្នាំ ​ជា​ម្ចាស់​ហាង​លក់​កាហ្វេ​នៅ​ក្នុង​ភូមិ​អូ​ជញ្ជៀន​ ឃុំ​ស្រុក​អន្លង់វែង។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ឃើញ​បុរស​វ័យ​ចំណាស់​ខាងលើ​បើកបរ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង ​បោះពួយ​យ៉ាង​លឿន ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៧B ​ពេល​មក​ដល់​កន្លែង​កើតហេតុ​មាន​ឆ្កែ​មួយ​ក្បាល​រត់​កាត់​ផ្លូវ​ក៏បាន​បុក​ពេញ​មួយ​ទំហឹង​តែម្ដង​។ រីឯ​ជនរងគ្រោះ​ដែល​បាន​រង​របួស​ធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ទទួល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង៕