ប​ញ្ជូន​ស្ត្រី​យក​លុយ​ដុល្លា​សែន​ចិន បោកប្រាស់​គេ​ទៅកាន់​តុលាការ

ប​ញ្ជូន​ស្ត្រី​យក​លុយ​ដុល្លា​សែន​ចិន បោកប្រាស់​គេ​ទៅកាន់​តុលាការ



កណ្តាល ៖ ស្ត្រី​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន ជាមួយនឹង​ប្រាក់​ដុល្លារ​ក្លែងក្លាយ (​លុយ​សែន​ចិន​) ប្រភេទ​ក្រដាស់​ប្រាក់​១០០​ដុល្លារ មួយ​កេះ មាន​ទម្ងន់​ជាង​២​គីឡូក្រាម ដែល​មាន​ចំនួន​៥០​ម៉ឺន​ដុល្លារ មកកាន់​សាលាដំបូង​ខេត្ត​កណ្តាល​នា​រសៀល​ ថ្ងៃទី​១៦ ​ខែ​មីនា ឆ្នាំ២០១៦ ​ដើម្បី​ការ​វិនិច្ឆ័យ​ទោស​។

ការ​ឃាត់ខ្លួន​ស្ត្រី​រូបនេះ​សមត្ថកិច្ច​ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ក្រោយពេល​ជនរងគ្រោះ​ចាញ់បោក​ជនសង្ស័យ ហើយ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យជួយ​ពិនិត្យ​លុយ​ក្លែងក្លាយ ដែល​ស្ត្រី​នោះ​ប្រគល់​ឲ្យនៅ​ចំណុច​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល។

លោក សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ស៊ុន ណា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ ។ រីឯ​ជនរងគ្រោះ​មានឈ្មោះ ទូច ផាន់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ទូរទស្សន៍ មាន​ទីលំនៅ​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត កណ្ដាល។

លោក​អធិការ​ប៉ូលិស​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ស៊ុន ណា​រី សមត្ថកិច្ច​ដកហូត​បា​ន​កេះ​ឡាំង​ដែក​ស័ង្កសី​ចំនួន ០១ ដែល​គេ​ប្រើប្រាស់​ដាក់​ប្រាក់​ដុល្លារ​ក្លែងក្លាយ (​លុយ​សែន​ចិន​) មាន​ទម្ងន់ ២,៨​គីឡូក្រាម ក្នុង​នោះ​មាន​លុយ​ក្លែងក្លាយ​ប្រភេទ​ក្រដាស់​មួយរយ​ដុល្លារ​ចំនួន ៥.០០០​សន្លឹក ស្មើនឹង​៥០​ម៉ឺន​ដុល្លារ។

តាម​របាយការណ៍​នគ​របាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោងជាង​៨​ព្រឹក ជនរងគ្រោះ ទូច ផាន់ បាន​មក​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​កោះ​ខែល ឲ្យ​ជួយ​ត្រួតពិនិត្យ​ប្រាក់​ដុល្លារ​ដែល​ឈ្មោះ ស៊ុន ណា​រី យក​មក​ប្រគល់​ឲ្យ​ខ្លួន មួយ​កេះ មាន​ចំនួន​៥០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ជនសង្ស័យ​ស៊ុន ណា​រី បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​ទូច​ផាន់ ប្រគល់​ឲ្យ​ខ្លួន​ចំនួន ២០០០​ដុល្លារ (​លុយ​សុទ្ធ​) ទើប​គេ​ព្រម​ឲ្យ​កេះ​លុយ​ដែល​មាន​ចំនួន​៥០​ម៉ឺន​ដុល្លារ​នេះ ដោយ​ប្រាប់​ថា រកស៊ី​ជាមួយគ្នា និង​ទុក​ចែក​គ្នា​ស្មើ​ក្រោយពេល​ជនរងគ្រោះ ពិនិត្យ​លុយ​ក្នុង​កេះ​នេះ​រួចរាល់។

របាយការណ៍​ប៉ូលិស​បន្ថែម​ថា ចំពោះ​ជនសង្ស័យ​ឈ្មោះ ស៊ុន ណា​រី នេះ​កន្លងមក​ធ្លាប់​បោក​លុយ​ជនរងគ្រោះ ទូច ផាន់ សរុប​ចំនួន​១០.៥០០​ដុល្លារ រួច​មក​ហើយ។ លុះដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០១៦ ទើប​ជនសង្ស័យ​ណាត់​យក​លុយ​ចំណេញ​មក​ឱ្យ​ជនរងគ្រោះ ដោយ​ដាក់​ក្នុង​ឡាំង​ស័ង្កសី​ចាក់​សោ​ជិត យក​ទៅ​ប្រគល់​ឲ្យ​នៅ​ចំណុច​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ។​

ប៉ូលិស​បាន​ឲ្យ​ដឹង​បន្ត​ថា បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ស៊ុន ណា​រី ថា នៅ​ថ្ងៃ​ទី១៤  ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោងជាង​៩​ព្រឹក រូបគេ​បាន​ទទួល​កេះ​ដាក់​លុយ​ពី​ឈ្មោះ ផល ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ បាន​ទូរស័ព្ទ​ឲ្យ​ខ្លួន​យកលុយ​ក្នុង​កេះ​នោះ (​លុយ​ក្លែងក្លាយ​)  នៅមុខ​ធនាគារ ANZ ក្រុង​តាខ្មៅ ហើយ​បាន​ប្រាប់​ខ្លួន​ថា យក​ទៅ​ឲ្យ​ជនរងគ្រោះ ទូច ផាន់ និង​ឈ្មោះ​មឿ​ន ប៉ុន្តែ​ត្រូវ​យក​លុយ​ពី​ជនរងគ្រោះ​(​ឈ្មោះ ផាន់ និង​មឿ​ន ) ចំនួន​៤០០០​ដុល្លារ ទើប​ឲ្យ​កេះ​លុយ (​ក្លែងក្លាយ​) នោះ​ទៅ។

ជនសង្ស័យ ស៊ុន ណា​រី បាន​សារភាព​ប្រាប់​ប៉ូលិស​បន្ថែម​ថា ក្រោយពេល​ទទួល​កេះ​លុយ (​ក្លែងក្លាយ​) ពី​ឈ្មោះ ផល នៅមុខ​ធនាគារ ANZ ក្រុង​តាខ្មៅ ខ្លួន​គេ​ក៏បាន​ជួល​រថយន្ត​ជិះ​យក​លុយ​មក​កន្លែង​ណាត់​ជួប​នៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ហើយ​បាន​ប្រាប់​ឈ្មោះ ផាន់ និង​ឈ្មោះ មឿ​ន ថា លុយ​ក្នុង​កេះ​នោះ ជា​លុយ​ចំណេញ​ពេល​ដែល​រកស៊ី​ជាមួយគ្នា​កន្លងមក។

លោក​សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ប្រទះឃើញ​ស្ត្រី​ជា​ជនសង្ស័យ ស៊ុន ណា​រី សមត្ថកិច្ច​ប៉ូលិស​ក៏បាន​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញារង​ឯក ស៊ុន​រស្មី ធ្វើការ​ឃាត់ខ្លួន​ជា​មួយ​នឹង​ប្រាក់​ដុល្លារ​ក្លែងក្លាយ ជា​ក្រដាស​ប្រាក់​១០០​ដុល្លារ (​លុយ​សែន​ចិន​) មួយ​កេះ មាន​ចំនួន ៥០​ម៉ឺន​ដុល្លារ។ រីឯ​ឈ្មោះ ផល ជា​អ្នកផ្តល់​កេះ​លុយ​ឲ្យ​ស្ត្រី​ស៊ុន​ណា​រី​នៅមុខ​ធនាគារ ANZ ក្រុង​តាខ្មៅ សមត្ថកិច្ច​កំពុង​ស្វែងរក​ឃាត់ខ្លួន​ដើម្បី យក​មក​សួរចម្លើយ និង​ស្រាវជ្រាវ​រក​ប្រភព​ឆបោក​ករណី​នេះ ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត៕

ប​ញ្ជូន​ស្ត្រី​យក​លុយ​ដុល្លា​សែន​ចិន បោកប្រាស់​គេ​ទៅកាន់​តុលាការ ប​ញ្ជូន​ស្ត្រី​យក​លុយ​ដុល្លា​សែន​ចិន បោកប្រាស់​គេ​ទៅកាន់​តុលាការ ប​ញ្ជូន​ស្ត្រី​យក​លុយ​ដុល្លា​សែន​ចិន បោកប្រាស់​គេ​ទៅកាន់​តុលាការ