សុខ ផល ៖ ការ​បណ្តេញ​អន្តោប្រវេសន៍​ចេញ​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​៩៦០០​នាក់ ហើយ​ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ

សុខ ផល ៖ ការ​បណ្តេញ​អន្តោប្រវេសន៍​ចេញ​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​៩៦០០​នាក់ ហើយ​ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ



ភ្នំពេញ​៖ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា​ការបណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញពី​ប្រទេស​កម្ពុជា មកដល់ពេលនេះ មាន​ចំនួន​ជាង​៩៦៩៥ នាក់ ហើយ​ក្នុងនោះ ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ។

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មានប្រសាសន៍​បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​អគ្គ​នគរបាលជាតិ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ នា​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ២០១៦​។ នាយ​ឧ​ត្ត​ម​សេនីយ៍​លើក​ឡើង​ថា ការ​ហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​អនាធិបតេយ្យ​នៅតែមាន ហើយ​ថែមទាំង​ច្រើន​ទៀត​ផង​។

ជាមួយនឹង​ការលើកឡើង​ខាងលើ​នេះ​ថា នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល បាន​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​នៃ​ការធ្វើ​សៀវភៅ​គ្រួសារ ពីព្រោះ​នៅ​ពេល​ធ្វើ​សៀវភៅ​គ្រួសារ​រួចហើយ ជនអន្តោប្រវេសន៍​មាន​ភាព​ងាយស្រួល​ចំពោះ​ការ​លាក់ខ្លួន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល បាន​បញ្ជាក់​ថា នា​ពេល​ឆាប់ៗ​ខាងមុខនេះ អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ នឹង​រៀបចំ​ផ្សព្វផ្សាយ​ទិន្នន័យ​រួម​មួយ​ទាក់ទង​នឹង​ជន​ប្រវេសន៍ ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​។ ចំណែក​តួលេខ​នៃ​ការដេញចេញ​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​១៣៧២​នាក់ ក្នុង​នោះ​មាន​២១​សញ្ជាតិ ហើយ​វៀតណាម មាន​ចំនួន​១០៦៩​នាក់ ហើយ​ការបណ្តេញចេញ​មាន​៣​ថ្នាក់ នៅក្នុង​នោះ ទី​១. តាម​ជើងគោក និង​ច្រក​មួយ​ចំនួន ទី​២.​តាម​ស្នងការ​ខេត្ត ជាពិសេស​ខេត្ត​ជាប់​ព្រំដែន និង​ទី​៣.​តាម​ប៉ុស្តិ៍​ច្រក​អន្តរជាតិ ហើយ​សរុប​ការ​បណ្តេញចេញ​ទាំងអស់​មាន​ចំនួន​៩៦៩៥ នាក់ ច្រើនជាងគេ គឺ​ជនជាតិ​វៀតណាម​៨២៨០ នាក់។

ដោយឡែក​ទាក់ទង​អត្តសញ្ញាណ​កម្ម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​លើក​ឡើងថា​  បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ការងារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឥឡូវ​បញ្ហា​ដែល​ប្រឈម​ធំ​បំផុត​ដែល​ប្រជាពលរដ្ឋ​ឡើង​ទៅ​សុំ​នៅក្នុង​ផេ​ក​ហ្វេស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ច្រើន​បំផុត ទាក់ទង​នឹង​ការ​យឺតយ៉ាវ នៃ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ ហើយ​មូលហេតុ​អី​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​យឺតយ៉ាវ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​រក​ឃើញ​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​មានការ​យឺតយូរ គឺ​បញ្ហា​អត្តនោម័តិ គឺ​ការ​បញ្ជូន​ទិន្នន័យ​មក​បោះពុម្ព​គឺ​យឺតយ៉ាវ ខេត្ត​ខ្លះ​៥​ទៅ​៦​ខែ ទិន្នន័យ​យក​ពី​ប្រជាពលរដ្ឋ​មក​ហើយ ក៏ប៉ុន្តែ​អត់​ទាន់​បញ្ជូន​មកដល់​មជ្ឈមណ្ឌល​កណ្តាល​ដើម្បី​ធ្វើការ​បោះពុម្ព​ទេ​…​បោះពុម្ព​ហើយ ៧​លាន ៥​សែន ប៉ុន្តែ​លេខ​នៅ​ក្នុង​ប្រព័ន្ធ តាម​របាយការណ៍​មាន ៧​លាន ៨​សែន តែ​ជាក់​ស្តែង​យើង​បោះពុម្ព​បានតែ ៧​លាន ៥​សែន ទេ ចឹ​ង​អា​៣​សែន​ទៀត​ទៅ​ណា វា​អត់​បញ្ជូន​មក​…​មាន​បញ្ហា​ខ្លះ​នៅក្នុង​រឿង​អត្តសញ្ញាណប័ណ្ណ​នេះ មិនមែន​ធម្មតា​ទេ ព្រោះ​បងប្អូន​យើង​វា​មាន​ពិសោធន៍​ដឹង​ចិត្ត​ព្រះ ដឹង​ចិត្ត​ការងារ​”។

នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា មាន​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ ដល់​ប្រជាពលរដ្ឋ​យឺត គឺ​មកពី​បញ្ហា​ពាក់ព័ន្ធ ដោយ​ខាង​មន្ត្រី​យើង​ខ្លះ យក​លុយ​ថ្លៃ​សេវា ទៅ​បង្វិល​រកស៊ី​ចងការ​សិន​។ លោក​បាន​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ មាន​បញ្ហា​ស្មុគស្មាញ​ជាងគេ ពាក់ព័ន្ធ​បញ្ហា​អត្តសញ្ញាណប័ណ្ណ ហើយ​លោក​សុំ​ឱកាស​នេះ រាយការណ៍​ជូន​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ជ្រាប ហើយ​បញ្ហា​នេះ បើ​មិនអាច​ទុក​ឲ្យ​ស្អុយរលួយ ដោយសារ​បងប្អូន​យើង ប៉ុន្មាន​នាក់​នោះ​ទេ ខូច​កិត្តិយស​របស់​ប៉ូលិស​។ ជា​មួយ​គ្នា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា ក៏បាន​សូម​ឲ្យ​ពិនិត្យ​ឡើង​វិញ នៅ​ចំនួន​អត្តសញ្ញាណ​ដែល​នៅ​សេសសល់។

គួរ​រំលឹក​ថា មកដល់​ខែមីនា ឆ្នាំ​២០១៦ នេះ មាន​ប្រជាពលរដ្ឋ ៧៥៦០.០០០​នាក់ (៧​លាន ៥​សែន ៦​ម៉ឺន​នាក់​) បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​រួចរាល់ និង​នៅសល់​ជាង ៣០០០.០០០ នាក់​ទៀត (៣​លាន​នាក់​) ដែល​មិនទាន់​បាន​ធ្វើ​៕

សុខ ផល ៖ ការ​បណ្តេញ​អន្តោប្រវេសន៍​ចេញ​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​៩៦០០​នាក់ ហើយ​ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ សុខ ផល ៖ ការ​បណ្តេញ​អន្តោប្រវេសន៍​ចេញ​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​៩៦០០​នាក់ ហើយ​ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ