លោក​រដ្ឋមន្ត្រី វង សូត ៖ ស្រុក​កំចាយ​មា​ទទួល​បាន​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន ពី​រាជរដ្ឋាភិបាល

លោក​រដ្ឋមន្ត្រី វង សូត ៖ ស្រុក​កំចាយ​មា​ទទួល​បាន​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន ពី​រាជរដ្ឋាភិបាល



ភ្នំពេញ ៖ ​ប្រមុខ​ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ចាត់​ទុក​ស្រុក​កំចាយមា ជា​ស្រុក​ដែល​ទទួល​បាន​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ក្នុងស្រុក ដែល​ពុំ​ធ្លាប់​កើតមាន​ពីមុនមក នោះ។

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានលើកឡើង បែបនេះ​ ក្នុង​ពិធីបុណ្យ​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ មកពី​ប្រទេស​សិរី​លង្កា និង​ប្រទេស​ថៃ រួម​ជា​មួយ​បុណ្យផ្កា សាមគ្គី​នៅ​វត្ត​ជោតិ​វ័​ន្ត ហៅ​វត្ត​ជា​ច ក្នុង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រែ​វែង នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦។

លោក​វង សូត​បាន​បញ្ជាក់​ថា នៅ​ក្នុង​ទសវត្សរ៍​ទី​៨០ រហូតដល់​៩០ ស្រុក​កំចាយមារ​ពុំ​ទាន់​មាន​ផ្លូវ ស្ពាន សាលារៀន វត្ត​អារាម ដូច​ពេល​បច្ចុប្បន្ន​នេះ​ឡើយ ពោល​គឺ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​នៅ មាន​កម្រិត ដោយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​នេះ ហាក់បី​ដូច​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំជន គ្មាន​ស្គាល់​ផ្សារ តំបន់​ទេសចរណ៍ ជាពិសេស​រាជធានី។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ដោយសារ​ល្បឿន​អភិវឌ្ឍន៍​ឥត​ឈប់ឈរ​របស់​រាជ​រដ្ឋាភិបាល និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ផង​នោះ ធ្វើ​ឲ្យ​ស្រុក​នេះ ទទួលបាន​សមិទ្ធផល​ជាច្រើន សន្ធឹកសន្ធាប់ មាន​សាលារៀន វត្ត​អារាម ផ្លូវ ស្ពាន បាន​កើត​ឡើងជា​បន្តបន្ទាប់ ក្នុង​នោះ​រាជរដ្ឋាភិបាល បាន​បង្កើត​ផ្លូវជាតិ​លេខ​៨ កាត់​តាម​ស្រុក​កំចាយមារ​នេះ​ដែរ ចាត់ទុកជា​ផ្លូវ​ប្រវត្តិសាស្ត្រ ដែល​មិន​មាន ពី​មុន​មក ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ផ្លូវ​កៅស៊ូ កាត់​ត្រង់​ឃុំ​ជា​ច ពី​ស្រុក​កំចាយមារ ទៅ​ស្រុក​ពញាក្រែក ត្រង់​ឃុំ​កណ្តោលជ្រុំ ដោយ​បាន​ស្ថាបនា​សម្រេច​ជិត​១០០% រួម​ជា​មួយ​ផ្លូវ​ផ្សេងៗ​ជាច្រើន​ទៀត បាន​កាត់បន្ថយ​ពេលវេលា​កាន់តែច្រើន ក្នុងការ​ធ្វើដំណើរ​បស់ ប្រជាពលរដ្ឋ​យើង។

ទាក់ទិន​នឹង​ចរន្ត​អភិវឌ្ឍន៍​នេះ លោក​វង សូត បាន​លើក​ឡើង​បន្ថែម​ថា ស្រុក​កំចាយ ក្រោយពី មាន​ផ្លូវ​មាន​ស្ពាន​ឆ្លងកាត់​ខ្វាត់ខ្វែង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ អាច​ដឹកជញ្ជូន កសិផល​ផលិតផល​បាន​ទាន់​ពេល​វេលា ក្នុង​នោះ​ក្រៅពី​ការ​ធ្វើ​របរ​កសិកម្ម ប្រជាពលរដ្ឋ​ខ្លះ​ក៏​មាន អាជីព​ជា​អ្នក​លក់ដូរ​នឹង​ចេញទៅ​បំពេញការងារ​នៅ​កន្លែង​ផ្សេងៗ បាន​ទាន់​ពេល​វេលា។

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា ចំពោះ​វិស័យ​ពុទ្ធចក្រ​វិញ ស្រុក​កំចាយមារ​ក៏បាន​ទទួល​ការអភិវឌ្ឍន៍​ឥត​ឈប់ឈរ​ផង​ដែរ ជាក់​ស្តែង វត្ត​ជោតិ​វ័​ន្ត ហៅ​វត្ត​ជា​ច​នេះ ត្រូវ​បាន​សាងសង់​យ៉ាង ល្អ​ប្រណិត​ ព្រោះ​ទី​អារាម​គឺជា​សាសនា​របស់​រដ្ឋ នឹង​ជាទី​សក្ការៈ​សម្រាប់​ប្រជាជន​ទូទៅ ដែល​ទាមទារ ឲ្យ​យើង​ទាំងអស់​គ្នា​ចូលរួម​តាម​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះ​សាសនា៕

លោក​រដ្ឋមន្ត្រី វង សូត ៖ ស្រុក​កំចាយ​មា​ទទួល​បាន​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន ពី​រាជរដ្ឋាភិបាល លោក​រដ្ឋមន្ត្រី វង សូត ៖ ស្រុក​កំចាយ​មា​ទទួល​បាន​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន ពី​រាជរដ្ឋាភិបាល