ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​ម៉ាឡេស៊ី ជួយ​ពល​ការី​នី​កម្ពុជា​ចំនួន​៤​រូប ដែល​ជួប​ការ​លំបាក​ក្នុង​ការងារ​ឲ្យ​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ

ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​ម៉ាឡេស៊ី ជួយ​ពល​ការី​នី​កម្ពុជា​ចំនួន​៤​រូប ដែល​ជួប​ការ​លំបាក​ក្នុង​ការងារ​ឲ្យ​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ



ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការី​នី​កម្ពុជា​ចំនួន ០៤ រូប  ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួបប្រទះ​ការ​លំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ នេះ​បើ​តាម​អ្នកនាំពាក្យ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ បាន​បញ្ជាក់​ថា ពល​ការិនី​០៤ រូប​នោះ មានឈ្មោះ ៖ ១-កាន សៅ  អាយុ ២៧ ឆ្នាំ បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​បោសសំអាត នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៥  និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ បន្ទាប់ពី​ស្ថានទូត បាន​ទាមទារ​ឲ្យ​ថៅកែ​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ ពល​ការិនី​រូបនេះ  បាន​មកដល់​មាតុប្រទេស​ហើយ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ មីនា  ឆ្នាំ​២០១៦ នេះ តាម​ជើងយន្តហោះ AK ៥៣៦​។ ២- សាយ ច្រឹប អាយុ ៣៥ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃនប់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់  ខេត្ត បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៤  និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។  ស្ថានទូត បានទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី​រូបនេះ ត្រឡប់មក​កម្ពុជា​វិញ ។

៣-​ជិន កក្កដា អាយុ ៣២ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អូ​តាប៉ាង  ឃុំ​ឧកញ៉ា​ហេង  ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៤  និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ស្ថានទូត បាន​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី​រូបនេះ  ត្រឡប់មក​កម្ពុជា​វិញ  ។ ៤-​ថន សាន អាយុ ៣២ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ផាន់​ញ៉ើ​ម ឃុំ​ផ្តៀក ស្រុក​ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ បាន​ទៅធ្វើ​ការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី  តាំងពី​ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៤ និង​បានមក​ស្ថានទូត នៅ​ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦ សុំ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។  ពល​ការិនី​រូបនេះ  ត្រូវបាន​ថៅកែ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ បន្ទាប់ពី​មានការ​ទាមទារ​យ៉ាង​ស្វិតស្វាញ​របស់​ស្ថានទូត​។​

​អ្នកនាំពាក្យ​បញ្ជាក់ថា ពល​ការិនី សាយ ច្រឹប  ជិន កក្កដា និង​ថន សាន នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ ថ្ងៃទី ១៧ ខែ មីនា  ឆ្នាំ​២០១៦ វេលា​ម៉ោង ១៦ និង​៣០ តាម​ជើងយន្តហោះ MH ៧៦២។ កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូប​- ចុក​ជូន​ដល់​ពល​ការិនី​ទាំង ០៤​រូប ខាងលើ។

ជាមួយគ្នា​នោះ លោក ជុំ សុន្ទរី អះអាង​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី ឲ្យ​បាន​ត្រឡប់​មក​ស្រុកកំណើត​វិញ ចំនួន ២៥​រូប (​គិតពី​ខែ មករា ដល់​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦)៕