បុរស​ចំណាស់​ម្នាក់​ធ្លាក់​ចូល​រណ្ដៅ​ដុត​សំរាម​ស្លាប់​ជា​ច្រើន​ម៉ោង​ទើប​ក្រុម​គ្រួសារ​រក​ឃើញ

បុរស​ចំណាស់​ម្នាក់​ធ្លាក់​ចូល​រណ្ដៅ​ដុត​សំរាម​ស្លាប់​ជា​ច្រើន​ម៉ោង​ទើប​ក្រុម​គ្រួសារ​រក​ឃើញ



ពោធិ៍សាត់ ​៖​ បុរស​​​​​អាយុ​ជិត​៧០​ឆ្នាំ​ម្នាក់​ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ភ្លើង​គំនរ​សំរាម ​ដែល​​​គាត់​បាន​ដុត​ បណ្ដាលឲ្យ​ស្លាប់​គួរ​ឲ្យ​ខ្លោចផ្សា​អស់​ជា​ច្រើន​ម៉ោង​ ទើប​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ ស្រប​ពេល​កើតហេតុ​មិន​មាន​នរណា​នៅ​ផ្ទះ​នោះ។

ហេតុការណ៍​ប្រទះ​ឃើញ​សព​នេះ​បាន​កើត​ឡើង​នៅ​​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​រណ្ដៅ​ចាស់​មុខ​ផ្ទះ​ប្រហែល​៥​​ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​ផូ សាវឿន ​មេ​ភូមិ​ឈើទាល​ខ្ពស់​បាន​ប្រាប់​កម្ពុ​ជា​ថ្មី​នៅ​មុន​នេះ​ថា ជនរងគ្រោះ​មាន​ឈ្មោះ​កង កន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ លោក​បន្ត​ថា បើ​តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​​ គឺ​នៅ​​ម៉ោង​ប្រមាណ​ជាជាង​៧​ព្រឹក​នោះ​ ប្រពន្ធ​គាត់​បាន​ទៅផ្ទះ​បងប្អូន ហើយ​កូនស្រី​ម្នាក់ទៀត​ចេញទៅ​ធ្វើការ​រោងចក្រ​បាត់ នៅសល់​តែ​ជនរងគ្រោះ​ម្នាក់ឯង​ កំពុង​បោស​សំរាម​ដាក់​ចូល​រណ្ដៅ​មុខ​ផ្ទះ។ លុះ​​​ល្ងាច​ឡើង​ប្រពន្ធ​ និង​កូន​មក​ជុំ​គ្នា​មិន​ឃើញ​ជនរងគ្រោះ​នៅ​ផ្ទះ​ មិន​ដឹង​ទៅ​ណា ក៏​មាន​ចៅ​ម្នាក់​បាន​យក​បបរ​ក្នុង​គោលបំណង​ឲ្យ​តា​ពិសា តែ​រក​តា​មិន​ឃើញ​ ក៏​ដើរ​រក​ស្រាប់​តែ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​គំនរ​រណ្ដៅ​ដុត​សំរាម​​យ៉ាង​រន្ធត់​តែម្ដង។

ទោះ​យ៉ាង​ណា នេះ​​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ដែល​យើង​ទទួល​បាន​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​ តែ​សភាពការណ៍​ស្លាប់​របស់​សព​​​ហាក់​ដូច​ជា​មាន​អាថ៌កំបាំង ​ហើយ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រឿង​នេះ ព្រោះ​វា​យប់​ទៅ​ហើយ៕
​​

បុរស​ចំណាស់​ម្នាក់​ធ្លាក់​ចូល​រណ្ដៅ​ដុត​សំរាម​ស្លាប់​ជា​ច្រើន​ម៉ោង​ទើប​ក្រុម​គ្រួសារ​រក​ឃើញ

បុរស​ចំណាស់​ម្នាក់​ធ្លាក់​ចូល​រណ្ដៅ​ដុត​សំរាម​ស្លាប់​ជា​ច្រើន​ម៉ោង​ទើប​ក្រុម​គ្រួសារ​រក​ឃើញ