២៣​មីនា តុលា​ការ​បន្ត​សវនាការ​​​រឿងក្ដី​វីតិក្រម​នៅ​ខេត្ត​បន្ទាយមានជ័យ

២៣​មីនា តុលា​ការ​បន្ត​សវនាការ​​​រឿងក្ដី​វីតិក្រម​នៅ​ខេត្ត​បន្ទាយមានជ័យ



ភ្នំពេញ ​៖ ពេញ​មួយ​ថ្ងៃ​ទី​១៦ ​ខែ​មីនា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​ជំនុំជម្រះ តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ត​បើកសវនាការ​រឿងក្ដី វីតិក្រម អំពើ​ពុក​រលួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ជា​​ម្ចាស់​ករណី។

ក្នុង​សវនាការ​នា​ថ្ងៃនេះ តុលាការ​បាន​ផ្ដោតលើ​ការ​សួរ​យក​ចម្លើយ​ពី​លោកអ៊ុំ សំអាង នាយក​និង​ជា​អភិបាល​ក្រុមហ៊ុន អាំងទែ​ណា​ស្យូ​ណា​ល់ ហ្គ្រី​ន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​សូកប៉ាន់ និង​បទ​សមគំនិត រួមទាំង​ការ​អាន​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​សំណុំរឿង​ដែល​មាន​ប្រមាណ​ជាមួយ​ម៉ឺន​ទំព័រ​ឯណោះ។

ក្នុងការ​សាកសួរ​របស់​តុលាការ លោក អ៊ុំ សំអាង បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​មកលើ​រូបគាត់។

ក្រោយពី​បញ្ចប់​ការ​សួរ​យក​ចម្លើយ​ពី​លោក អ៊ុំ សំអាង រួចមក​នៅ​វេលា​ម៉ោង​១៦​ល្ងាច​ថ្ងៃ​ដដែល​តុលាការ​​​បានប្រកាស​ពន្យារពេល​សវនាការ​រហូតដល់​ថ្ងៃ​ទី​២៣ ​ខែ​មីនា ឆ្នាំ​២០១៦​ខាងមុខ​ទើប​​បន្ត​ការ​កាត់ក្ដី​ទៀត។

សូម​រំលឹក​ថា​ លោក ជួន សុរា​សី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ក្រុង​​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​តុលា ឆ្នាំ​២០១៥ បាន​សម្រេច​ពន្យារពេល​សវនាការ​រឿងក្ដី​វីតិក្រម​នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ ម្ដង​រួច​ទៅ​ហើយ ដោយសារ​លោក​មេធាវី​ទួត លុច ​សុំ​ដក​ខ្លួន​ឈប់​ការពារ​ក្ដី ឲ្យ​លោក ថូ​ម៉ាស ហ្វី​យ៉េត​ហ្គ្រិ​ច​។​

លោក​ចៅក្រម​ជួន សុរា​សី ​បាន​បញ្ជាក់​ថា លោក​មេធាវី ទួត លុច បាន​ដាក់​ពាក្យសុំ​ដក​ខ្លួន​ឈប់​ការពារ​ក្ដី​ឲ្យ​លោក​ថូ​ម៉ាស់​ហ្វ្រី​យ៉េត​ហ្គ្រិ​ច និង​លោក ទី ពៅ ។ ដូច្នេះ​តុលាការ​សួរ​យោបល់​ជនជាប់ចោទ​ថា​តើ​ជនជាប់ចោទ​សុខចិត្ត​រក​មេធាវី​ដោយ​ខ្លួនឯង ឬក៏​យក​មេធាវី​ដែល​តុលាការ​ចាត់តាំង។

ក្នុងករណីនេះ​លោក​ថូ​ម៉ាស បាន​សុំ​ឲ្យ​តុលាការ​ពន្យារពេល​សវនាការ និង​រក​មេធាវី​ដោយ​ខ្លួនឯង។ ដូច្នេះ​តុលាការ​សម្រេច​ទុក​ពេលវេលា​រហូតដល់​ថ្ងៃ​០៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​ជនជាប់ចោទ​រក​មេធាវី ដោយ​ខ្លួនឯង។ ក្នុង​ករណី​ដែល​ជនជាប់ចោទ​រក​មេធាវី​មិនបាន បើ​ហួស​ពី​ថ្ងៃ​ទី​ ០៦ ​ខែ​វិច្ឆិកា​ទៅ តុលាការ​នឹង​ស្នើ​ទៅ​គណៈ​មេធាវី​ដើម្បី​ចាត់តាំង​មេធាវី​ថ្មី​ឲ្យ​ការពារ​ជនជាប់ចោទ ហើយ​តុលាការ​នឹង​បន្ត​សវនាការ​ចាប់ពី​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​តទៅ ប៉ុន្តែ​មកដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា តុលាការ​នៅតែ​មិនអាច​បន្ត​សវនាការ​បាន​ ដោយសារតែ​មេធាវី​ថ្មី​សុំ​សិក្សា​សំណុំរឿង​ជាមុន។

សូម​បញ្ជាក់​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​តុលា ២០១៥​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ ​បាន​បន្ត​សវនាការ​លើ​សំណុំ​រឿ សូកប៉ាន់ ស៊ី​សំណូក​នៅ​ខេត្តបន្ទាយមានជ័យ ដែលមាន​ជនជាប់ចោទ​ជា​មន្ត្រី​សាលាខេត្ត មេធាវី នាយក​ក្រុមហ៊ុន ទាហាន និង​ជនបរទេស។

កាលពី​ថ្ងៃ​ទី​០៧ ​ខែ​តុលា​នោះ តុលាការ​បាន​សួរដេញដោល​តែ​លើ​លោក​ទី ពៅ ម្នាក់​ប៉ុណ្ណោះ ដោយ​ភ្ជាប់​នឹង​អង្គហេតុ បទ​ប្រើ​ឯកសារ​សាធារណ​ក្លែង គឺ​ពាក់ព័ន្ធ​ការចេញលិខិត​បញ្ជាក់​លើ​ផ្ទៃដី ៦០៧៩​ហិក​តា ស្ថិត​ក្នុងភូមិ​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ឲ្យ​ទៅ​ក្រុមហ៊ុន ស៊ីកា​ដែល នៅ​អង់គ្លេស។

ពាក់ព័ន្ធ​ករណីនេះ លោក​ទី ពៅ បាន​សារភាពថា នៅ​ចន្លោះ​ឆ្នាំ​២០១០​លោក​បានឃើញ​ផែនទី​នៅក្នុង​ការិយាល័យ​របស់​លោក ហាន់ ចំ​រ៉ុង​ដែល​គាត់​ជា​អ្នកគ្រប់គ្រង​ដី​នោះ​ជាមួយនឹង​ក្រុមហ៊ុន IGE ទើប​លោក​ហ៊ាន​បញ្ជាក់​ក្នុង​ឯកសារ​ឲ្យ​ទៅ​ក្រុមហ៊ុន ប៉ុន្តែ​ឯកសារ​នោះ មិនមាន​បោះត្រា ឬចុះហត្ថលេខា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទេ។

សូមបញ្ជាក់​ថា សំណុំរឿង​សូកប៉ាន់ ស៊ីសំណូក ក្លែង​លិខិត​សាធារណៈ ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ តាំង ពី​មេធាវី យោធា មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ នាយក​ក្រុមហ៊ុន ត្រូវបាន​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​លើក​មក​កាត់ទោស​អង្គសេចក្ដី​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥ នៅ​ចំពោះមុខ​ជនជាប់ចោទ ៥​នាក់ និង​ម្នាក់ទៀត ឈ្មោះ ហាន់ ចំ​រ៉ុង ជា​មន្ត្រី​យោធា​ត្រូវ​កាត់ទោស​កំបាំងមុខ។

ការ​ជំនុំជម្រះ​នេះ​ត្រូវបាន​តុលាការ​សម្រេច​សាកសួរ លោក ទី​ពៅ អតីត​មេធាវី​ជាទី​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន ស៊ីកា​ដែល​ជាមុន។ តុលាការ​បាន​ចោទប្រកាន់​លោក​ទី ពៅ ពីបទ​ស៊ី​សំណូក ការបំពេញ​នីតិសម្បទា​ផ្ដល់​លិខិតបញ្ជាក់​មិន​ពិត តាម​មាត្រា​៦៣៦ និង​មាត្រា​៣២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​ប្រើ​លិខិត​សារណៈ​ក្លែង តាម​មាត្រា ៦៤០ នៃ​ក្រម​ព្រហ្មទណ្ឌ។

ពាក់ព័ន្ធ​នឹង​បទ​ចោទ​ស៊ីសំណូក​ និង​ការ​ផ្ដល់​លិខិតបញ្ជាក់​មិន​ពិត ចៅក្រម​ និង​តំណាង​អយ្យការ​បាន​ចោទសួរ​លោក​ទី ពៅ ពី​ករណី បាន​ទទួល​យក​ប្រាក់​ពី​លោក អ៊ុំ សំអាន ​នាយក​ក្រុមហ៊ុន ige ជា​បន្តបន្ទាប់ ចាប់ពី​ខែ​តុលា ឆ្នាំ​២០១០ រហូតដល់​ថ្ងៃ​ទី​២៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១១ មាន​ទឹក​លុយ ៦០០​ដុល្លារ ,១៥០០០​ដុល្លារ​, ៣០០០​ដុល្លារ​,​និង​២ ០០០០​ដុល្លារ ជាដើម ក្នុងពេលដែល​លោក ទី ពៅ ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន ស៊ីកា​ដែល របស់​លោកស្រី​លីហ្សា​បែ​ត ជនជាតិ​អង់គ្លេស​ទៅវិញ។

ត្រង់ចំណុច​នេះ លោក ទី ពៅ បាន​ឆ្លើយ​ថា លោក​ធ្វើជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​ឲ្យ​ក្រុមហ៊ុន​ស៊ីកា​ដែល ដោយ​បាន​ទទួល​ប្រាក់ខែ ៣៥០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ធ្វើការ​បាន ៣០​ខែ ទើប​ក្រុមហ៊ុន​IGE របស់​លោក អ៊ុំ សំអាង​ដែលមាន​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ស៊ីកា​​ បាន​បើក​លុយ​ឲ្យ​ជា​បន្តបន្ទាប់ ហើយ​នៅ​ខ្វះ​១៩​ខែ​ទៀត គិត​មកដល់​បច្ចុប្បន្ន។

សវនាការ​នេះ​ទើបតែ​សាកសួរ​លោក ទី ពៅ​បញ្ចប់​នូវ​ករណី​ស៊ី​សំណូក​ប៉ុណ្ណោះ​ក៏​ដល់​ម៉ោង​សម្រាក​ ម៉ោង ១១ ថ្ងៃត្រង់ ទើប​ចៅក្រម​តុលាការ លោក ជួន សុរា​សី បាន​សម្រេច​ផ្អាក​ការ​សួរដេញដោល ហើយក៏​សម្រេច​លើក​យក​រឿងក្ដី​នេះ​ទៅ​បន្ត​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​តុលា ឆ្នាំ​២០១៥​ខាងមុខ។

សូមបញ្ជាក់ថា​រឿងក្ដី​នេះ​មាន​ជនជាប់ចោទ ៦​នាក់ លោក​Gregg Thomas Fryett អាយុ​៤៧​ឆ្នាំ ជនជាតិ​អង់គ្លេស ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន International Green Energy ឈ្មោះ អ៊ុំ សំអាង អាយុ​៥០​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន និង​ជា​អភិបាល​ក្រុមហ៊ុន International Green Energy ឈ្មោះ សឿ​ម ដែន​នី អាយុ​៤០​ឆ្នាំ ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​គ្រឿងចក្រ និង​ឈ្មោះ អ៊ុក កែវ​រតនៈ អាយុ​៥៦​ឆ្នាំ ជា​អតីត​នាយករង​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ លោក​ហាន់ ចំ​រ៉ុង ជា​មន្ត្រី​យោធា​ផ្កាយ​ពីរ និង​មេធាវី ទី ពៅ។

ជនជាប់ចោទ​ទាំងអស់ ត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទ​ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ បទ​សូកប៉ាន់​អ្នកមាន​នីតិសម្បទា​ដើម្បី​ធ្វើលិខិត​បញ្ជាក់​មិន​ពិត បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ បទ​ក្លែង​លិខិត​ឯកជន និង​ប្រើប្រាស់​លិខិត​​​ក្លែង បទ​កាប់​រាន​ព្រៃ ឈូសឆាយ​ដីព្រៃ និង​ហ៊ុម​ព័ទ្ធ​ដីព្រៃ ព្រមទាំង​បទ​សមគំនិត និង​ផ្តើមគំនិត អំពើ​ឆបោក៕

២៣​មីនា តុលា​ការ​បន្ត​សវនាការ​​​រឿងក្ដី​វីតិក្រម​នៅ​ខេត្ត​បន្ទាយមានជ័យ