អនុវត្ត​បច្ចេកទេស​ថ្មី ដាក់​ស្ទែ​ន (STENT) បំពង់​អាហារ​នៅលើ​អ្នកជំងឺ​ត្បៀត​បំពង់​អាហារ ដោយសារ​មហារីក

អនុវត្ត​បច្ចេកទេស​ថ្មី ដាក់​ស្ទែ​ន (STENT) បំពង់​អាហារ​នៅលើ​អ្នកជំងឺ​ត្បៀត​បំពង់​អាហារ ដោយសារ​មហារីក



ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ បាន​និយាយ​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦​មីនា​ថា ជំងឺ​មហារីក​បំពង់​អាហារ​(Esophageal cancer) គឺជា​ជំងឺ​កាច​សាហាវ​ឈរ​លំដាប់​ទី​៤ ក្នុងចំណោម​ជំងឺ​មហារីក​ផ្លូវ​រំលាយ​អាហារ​ជាច្រើន​ទៀត ហើយ​ជំងឺ​នេះ​ច្រើន​ជួប​នៅ​លើ​អ្នកជំងឺ​បុរស ដែល​ពិសា​បារី និង​សុរា​ច្រើន។ តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ឃើញ​ថា ក្នុងចំណោម​ជំងឺ​មហារីក​នៅ​លើ​ពិភពលោក ជំងឺ​មហារីក​បំពង់​អាហារ​ឈរ​នៅ​លំដាប់​ទី​៦​ចំពោះ​បុរស និង​លំដាប់​ទី​៩​ចំពោះ​ស្ត្រី។

ក្នុង​មួយ​ឆ្នាំ​មាន​អ្នកជំងឺ​កើត​មហារីក​បំពង់​អាហារ​ប្រមាណ​១,៥​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​។ បំពង់​អាហារ (Esophagus) គឺជា​បំពង់​ដែល​ត​ភ្ជាប់​ពី​បំពង់ក (Pharynx) ទៅដល់​ក្រពះ​(Stomach)​។ មហារីក​បំពង់​អាហារ គឺជា​មហារីក​ដែល​កើតឡើង​នៅលើ​បំពង់​អាហារ។

ប្រភព​ព័ត៌មាន​បន្ត​ថា ​ជំងឺមហារីក​បំពង់​អាហារ​ច្រើនតែ​រក​ឃើញ​នៅ​ក្នុង​ដំណាក់កាល​យឺត​ពេល ដោយសារ​នៅ​ដំណាក់កាល​ដំបូង ជំងឺមហារីក​មិនមាន​ស្តែង​ចេញ​ជា​រោគសញ្ញា​អ្វី​ច្បាស់លាស់ ជាហេតុ​នាំ​ឲ្យ​អ្នកជំងឺ​មិន​មាន​ការចាប់អារម្មណ៍​ថា មាន​កើត​ជំងឺ​នោះ។ អ្នកជំងឺ​ច្រើនតែ​មក​ជួប​គ្រូពេទ្យ​ពិនិត្យ​ជំងឺ នៅ​ពេល​មាន​រោគសញ្ញា ដូចជា​ពិបាក​លេប លើកដំបូង​ពិបាក​លេប​អាហារ​រឹង ក្រោយមក ពិបាក​លេប​អាហារ​រាវ (​បបរ​, ស៊ុប​, ទឹកដោះគោ​) នៅ​ដំណាក់កាល​ចុងក្រោយ អ្នកជំងឺ​មិន​អាច​លេប​សូម្បីតែ​ទឹក និង​ទឹកមាត់​ខ្លួនឯង ដែល​ជា​ហេតុ ធ្វើ​ឲ្យ​អ្នកជំងឺ​ស្រក​ទម្ងន់ ស្គមរីងរៃ រលាក​សួត​ដោយសារ​ដុំ​មហារីក​ស៊ី​ធ្លាយ (Fistula) ចូលដល់​បំពង់ខ្យល់​(Trachea)​ទងសួត (Bronchus) ឬ​ធ្វើ​រីក​រាលដាល (Metastasis) ឆ្លង​ទៅ​សរីរាង្គ​ផ្សេងៗ ដូចជា ខួរក្បាល​(Brain), ឆ្អឹង (Bone), ថ្លើម (Liver), សួត (Lung) ។​ល​។ ដោយសារ​ដុំ​មហារីក​មាន​ទំហំ​ធំ​កៀបសង្កត់​ធ្វើ​ឲ្យ​ត្បៀត​បំពង់​អាហារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នកជំងឺ​កាន់តែ​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​មិន​មាន​អាហារូបត្ថម្ភ​(Nutrition)​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​សរីរាង្គ។

បុរេនិមិត្ត (Prognosis) របស់​អ្នកជំងឺ​នៅ​ក្នុង​ដំណាក់កាល​យឺត​ពេលនេះ គឺ​វិ​វត្ត​អាក្រក់ រយៈពេល​អាចរ​ស់បាន​បន្ត​ជា​មធ្យម ប្រមាណ ពី​៦-១៨​ខែ អ្នកជំងឺ​ច្រើន​ស្លាប់​ដោយសារ​ស្គមរីងរៃ​កង្វះ​អាហារូបត្ថម្ភ ឬ​ដោយសារ​ជំងឺ​រលាក​សួត។ ជាទូទៅ​ការ​ព្យាបាល​អ្នកជំងឺ​មហារីក​បំពង់​អាហារ​ក្នុង​ដំណាក់កាល​នេះ គឺ​អាច​អនុវត្ត​មធ្យោបាយ​វះ​កាត់ត​ពោះវៀន​ពង្វាង​(colon bypass)​បណ្ដោះអាសន្ន​វះកាត់​បើក​ក្រពះ​មក​ក្រៅ​ស្បែក​ដើម្បី​ផ្តល់​អាហារូបត្ថម្ភ ដាក់​ស្ទែ​ន​បំពង់​អាហារ និង​ក្រោយមក​អាច​ព្យាបាល​គួបផ្សំ​ដោយ​ជាតិគីមី ឬ​បាញ់​កាំរស្មី។

ការ​ដាក់​ស្ទែ​ន​(stent)​បំពង់​អាហារ គឺជា​បច្ចេកទេស​ប្រើ​បំពង់​សំណាញ់​លោហៈ​រលាស់​ពង្រីក​កន្លែង​ត្បៀត​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដាក់​ចូល​ដល់​ទីតាំង​កំណត់​(​ដូច​រូបភាព​) ដែល​ជា​មធ្យោបាយ​ជម្រើស​ទី​១ ជួយ​ឲ្យ​អ្នកជំងឺ​អាច​ហូប​អាហារ​ដោយ​ខ្លួនឯង​បាន ក្នុង​គោលបំណង​លើកស្ទួយ​សុខភាព និង​គុណភាព​ជីវិត​អ្នកជំងឺ​ឲ្យ​ប្រសើរ​ឡើង។

ករណី​ដាក់​ស្ទែ​ន​លោហៈ​បំពង់​អាហារ​លើកដំបូង​នៅ​ផ្នែក​ឆ្លុះ​ក្រពះ​ពោះវៀន​មន្ទីរពេទ្យ​ជោ​រៃភ្នំពេញ

– អ្នកជំងឺ​ឈ្មោះ S.V ភេទ​ប្រុស អាយុ 58 ឆ្នាំ​នៅ​ខេត្តតាកែវ​
– ប្រវត្តិ​ជំងឺ​៖ អ្នកជំងឺ​ចាប់ផ្តើម​ឈឺ​រយៈ​មួយខែ​ដោយ​ហូប​មិនបាន ពិបាក​លេប ក្អួត​ពេល​ញ៉ាំ​ហើយ​ស្រក់​ទម្ងន់ ដែល​បាន​ព្យាបាល​ច្រើន​កន្លែង ប៉ុន្តែ​អាកា​រៈ​ជម្ងឺ​មិនបាន​ធូរស្បើយ ក៏​គ្រួសារ​នាំមក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជោ​រៃ។
– អតីតកាល​ជំងឺ​៖ ហូប​បារី និង​ស្រា​ច្រើន​អ្នកជំងឺ​បាន​ចូល​សំរាក​ពេទ្យ​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ២០១៦ ដោយមាន​រោគសញ្ញា​លេប​មិន​ចូល ក្អួតចង្អោរ​មាន​ឈាម​តិចៗ។
– លទ្ធផល​-​ឆ្លុះ​ក្រពះ​៖ ត្បៀត​បំពង់​អាហារ​ផ្នែក​កណ្តាល​ដែល​បណ្តាលមកពី​មហារីក​បំពង់​អាហារ
-CT-Scan ពោះ​-​ទ្រូង​៖ ត្បៀត​បំពង់​អាហារ​ផ្នែក​កណ្តាល​ដែល​បណ្តាលមកពី​មហារីក​បំពង់​អាហារ មានកូន​កណ្តុរ (lymphnodes)​ច្រើន​ក្នុង​ទ្រូង​-​ទឹក​ក្នុង​ស្រោម​សួត​-​រលាក​ទងសួត និង​សួត ។​

ក្រុម​គ្រូពេទ្យ​បាន​អនុវត្ត​បច្ចេកទេស​ដាក់​ស្ទែ​ន​បំពង់​អាហារ​ឲ្យ​អ្នក​ជំងឺ​ដោយ​ប្រើ​ស្ទែ​ន​លោហៈ​ដែល​អាច​រលាស់​រីក​ប៉ោង​ឡើង​ដោយ​ខ្លួន​ឯង​បាន ទំហំ​24x20x135mm ។ បច្ចេកទេស​នេះ​ត្រូវអនុវត្ត​នៅក្នុង​បន្ទប់វះកាត់ ប្រើ​រយៈពេល​៣០​នាទី ។ ក្រោយ​រយៈពេល​3​ម៉ោង អ្នក​ជម្ងឺ​អាច​ហូប​ទឹកបាន​, ក្រោយ ១២ ម៉ោង​អាច​ហូប​ទឹកដោះគោ​-​ស៊ុប និង​អាច​ដើរ​ទៅមក​បាន។ សរុប​សេចក្តី​មក ការ​ដាក់​ស្ទែ​ន​បំពង់​អាហារ​ទៅលើ​អ្នកជំងឺ​ត្បៀត​បំពង់​អាហារ​ដែល​បណ្តាល​មក​ពី​ជំងឺមហារីក​បំពង់​អាហារ គឺជា​បច្ចេកទេស​សមស្រប​ដែល​អាច​ជួយ​ឲ្យ​អ្នកជំងឺ​អាច ហូប​អាហារ និង​ហូប​ទឹកបាន ដើម្បី​លើស​ស្ទួយ​សុខភាព និង​គុណភាព​ជីវិត​អ្នក​ជំងឺ​ឲ្យ​ប្រសើរ​ឡើង និង​ជួយ​ឲ្យ​អ្នក​ជំងឺ​អាចមាន​សុខភាព​គ្រប់គ្រាន់ ដើម្បី​បន្ត​ការ​ព្យាបាល​ដោយ​វិធី​ផ្សេងទៀត ដូចជា វះកាត់ បាញ់​កាំរស្មី និង​ជាតិគីមី៕

 អនុវត្ត​បច្ចេកទេស​ថ្មី ដាក់​ស្ទែ​ន (STENT) បំពង់​អាហារ​នៅលើ​អ្នកជំងឺ​ត្បៀត​បំពង់​អាហារ ដោយសារ​មហារីក អនុវត្ត​បច្ចេកទេស​ថ្មី ដាក់​ស្ទែ​ន (STENT) បំពង់​អាហារ​នៅលើ​អ្នកជំងឺ​ត្បៀត​បំពង់​អាហារ ដោយសារ​មហារីក