ស្នេហា​ និង​នយោបាយ​ ៖ តើ​កឹ​ម ​សុខា​ នឹង​ដូច​​ក្រុមព្រះ​ ឬ​ដូច​គ្លី​ន​តុ​ន​ ?

ស្នេហា​ និង​នយោបាយ​ ៖ តើ​កឹ​ម ​សុខា​ នឹង​ដូច​​ក្រុមព្រះ​ ឬ​ដូច​គ្លី​ន​តុ​ន​ ?

ថ្មី​ៗ​នេះ លោក​កឹ​ម ​សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​រង​ព្យុះ​​​បោក​បក់​​ទាក់ទង​នឹង​​ស្នេហា​លួចលាក់​​របស់​​លោក ​ជាមួយ​ស្រី​​ក្មេង​ម្នាក់​ ។ ​សារព័ត៌មាន​ក្នុងស្រុក​ បាន​​សរ​សេរ​មួយ​រឿង​ហើយ​មួយ​រឿង​ទៀត ​អំពី​រឿងរ៉ាវ​​ស្នេហា​លួចលាក់​​របស់​លោក ​។ តើ​រឿង​អាស្រូវ​ផ្លូវភេទ​​នេះ អាច​បំផ្លាញ​ជីវិត​​នយោបាយ​របស់​លោក​ដែរ​ឬទេ ?

បទ​​ពិសោធន៍​នយោបាយ​បាន​​បង្ហាញ​ថា ​រឿងអាស្រូវ​ស្នេហា​​លួចលាក់​ អាច​នាំ​ដល់​ការ​​បាត់បង់​ប្រជាប្រិយភាព​ ផ្នែក​នយោបាយ​ហើយ​​មាន​អ្នក​ន​យោ​​បាយ​តិចតួច​ណាស់​ ដែល​មានរឿង​អាស្រូវ​​ស្នេហា​ អាច​ឈរជើង​នៅ​​នឹង​ក្នុង​សង្វៀន​​នយោបាយ​ដ៏​​ប្រកួត
ប្រជែង​។

សម្តេចក្រុមព្រះ​ នរោត្តម រណប្ញ​ទ្ធិ ​បាន​ធ្វើ​ឱ្យ​​ជីវិត​នយោបាយ​​របស់​ព្រះ​អង្គ​ធ្លាក់​​ចុះ នៅ​ពេល​ដែល​ព្រះ​អង្គ​ មាន​ស្នេហា​ជាមួយនឹង​អ៊ុ​ក ផល្លា អតីត​អ្នករបាំ ​អំឡុង​ពេល​ដែល​ព្រះ​អង្គ មាន​មហេសី​ទៅ​ហើយ​ គឺ​ម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី រណ​ប្ញ​ទ្ធិ ​។ ព្យុះ​​រិះគន់​​បាន​បោកបក់​មក​លើ​ព្រះ​អង្គ​យ៉ាង​​សាហាវ​ ដែល​ទីបំផុត ​ព្រះ​អង្គ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​ហ៊្វុន​​ស៊ិ​ន​ប៉ិច ហើយ​បង្កើត​គណបក្ស​ នរោត្តម​រណប្ញទ្ធិ ​ដែល​ទទួល​បាន​​តែ​២​អាសន​:​ប៉ុណ្ណោះ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​​ឆ្នាំ​២០០៨ ​។ រឿងរ៉ាវ​​ស្នេហា​របស់​ទ្រង់​ជា​ រងើកភ្លើង​មួយ​ដែល​​ដុតឱ្យ​​ឆេះ​ខ្ទេច​​ទំនាក់ទំនង​គណបក្ស​ហ៊្វុន​​ស៊ិ​ន​ប៉ិច​នៅ​ក្នុង​គ្រានោះ ខណ​:​ព្រះ​អង្គ​ មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ​សម្រាប់​ដឹកនាំ​គណ​បក្ស​រាជា​និយម​មួយ​​នេះ​។ រឿងរ៉ាវ​​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​របស់​ទ្រង់​ ក៏​បាន​បំផ្លាញ​ជីវិត​​នយោបាយ​​ ស្ទើរ​តែ​រលាយ​សាប​សូន្យ ​។

ប៉ុន្តែ​​នៅ​អា​មេ​រិ​​ក​​ឯណោះ​វិញ ព្យុះ​បោកបក់​​ដ៏​ធំ​ ក៏​បាន​​គំរាម​កំហែង​​ដល់​​លោក​​អតីត​​​ប្រធានាធិបតី​ ប៊ី​ល គ្លី​ន​តុ​ន ​ដែល​មាន​ស្នេហា​ជាមួយ​​អតីត​​​អ្នក​ហាត់​​ការ ​នាង ម៉ូ​នី​កា ឡេ​វី​ន​ស្គី​ ។ រឿងអាស្រូវ​ផ្លូវភេទ​​របស់​លោក​ប៊ី​ល គ្លី​ន​តុ​ន ​គឺជា​រឿងអាស្រូវ​ដ៏​ធំ​​បំផុត ​ហើយ​ល្បី​សុះ​សាយ​ពេញ​​ពិភព​លោក ​។ ប៉ុន្តែ​​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ វា​មិន​បាន​ធ្វើ​ឱ្យ​​លោក​បាត់បង់​​តំណែង​ប្រធានាធិបតី​ឡើយ​ ។

លោក​បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បាន​កាន់​​តំណែង​ប្រធានាធិបតី​ បាន២​អាណត្តិ​​ពេញ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​២០០១ បន្ទាប់​ពី​ប្រធានាធិបតី ហ្វ្រែ​ង​គ្លី​ន រូ​សា​វែ​ល​( Franklin Roosevelt) ​។

រឿងអាស្រូវ​​ស្នេហា​របស់​សម្តេចក្រុមព្រះ ​និង​រឿងអាស្រូវ​ស្នេហា​​របស់​ប៊ី​ល គ្លី​ន​តុ​ន ​បាន​នាំ​ដល់​ផលវិបាក​២​ផ្សេង​គ្នា ​។ ឥឡូវ​លោក
កឹ​ម សុខា កំពុង​​​តាម​លង​​ដោយ​រឿងអាស្រូវ​ស្នេហា​ដូច​គ្នា ​។

តើ​អនាគត​នយោបាយ​​របស់​លោកកឹ​ម ​សុខា អាយុ​៦៣​ឆ្នាំ នឹង​ត្រូវ​បំផ្លាញ​​ដោយ​រឿងអាស្រូវ​​ស្នេហា​​​រវាង​ស្រី​ម្នាក់ ​ដែល​ឈ្មោះ​ថា ​ស្រី​មុំ​ ឬ​យ៉ាងណា?

ពេល​វេលា​​នឹង​ប្រាប់​អំពី​​អនាគត​នយោបាយ​របស់​លោក​ ៕