ឪពុកម្ដាយ​របស់​​ពលករ​ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​៣​នាក់ សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​​ជួយ​​កូនៗ​គាត់ ​ ​

ឪពុកម្ដាយ​របស់​​ពលករ​ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​៣​នាក់ សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​​ជួយ​​កូនៗ​គាត់ ​ ​



កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ឪពុកម្ដាយ របស់​ពល​ការិនី​៣​នាក់ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ បាន​មក​កាន់​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត និង​បន្ទាប់មក​បាន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​រឿង​កូនៗ​ពួកគាត់​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន សុំ​ឲ្យ​ជួយ​រំដោះ​កូន​គាត់​មកកាន់​ប្រទេស​កម្ពុជា​វិញ។
​ ​
ស្ត្រី​ជា​ម្តាយ​ពល​ការិនី មានឈ្មោះ ហេង ទូច អាយុ​៥០​ឆ្នាំ , ឈ្មោះ ស ខឿន អាយុ​៥៥​ឆ្នាំ និង​ឈ្មោះ ម៉ៅ ណាន អាយុ​៤២​ឆ្នាំ ទាំងអស់គ្នា​មាន​ទីលំនៅ ភូមិ​តា​ម៉ុ​ល​ក្រោម ឃុំ​កោះ​ថ្កូវ​ស្រុក​ជល​គី​រី បាន​ឲ្យ​ដឹង​ថា​ កូនស្រី​ពួកគេ​មាន​ទី​១​ឈ្មោះ សូត្រ សុខ​នៅ អាយុ​១៩​ឆ្នាំ ,២​ឈ្មោះ ហួត សា​រ៉ែ​ន អាយុ​១៩​ឆ្នាំ និង​៣​ឈ្មោះ​ ផា ស៊ី​នី អាយុ​២១​ឆ្នាំ ត្រូវ​បាន​ក្រុមហ៊ុន ​ឈ្មោះ អេ​ភី ធី​អេស​អ៊ី ស៊ី​ខេ​ម​បូ​ឌា រី​សត​ថ៍​ខូ​អិ​ល​ធី​ឌី (​ចំការ​ដូង​រាជធានី​ភ្នំពេញ​) ឲ្យ​ទៅ​រៀនសូត្រ​មុន​ចាកចេញ នៅ​ចុងឆ្នាំ​២០១៤ និង​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ខែឧសភា ឆ្នាំ​២០១៥។ ចាប់តាំងពី​ចាកចេញ​ជិត​១​ឆ្នាំ​កូនស្រី​ពួកគាត់​មិនដែល​ផ្ញើ​លុយកាក់​មក​ទេ។ កូន​ពួកគាត់​ធ្លាប់​ទូរស័ព្ទ​មក​ប្រាប់​ថា​ គេ​បាន​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​(​ឃ្លី​ន​សឺ​វី​ស​) សម្អាត​តាម​ផ្ទះ​គ្រប់​ទីកន្លែង តាំងពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​១១ ទើប​សម្រាក​ហូបបាយ ម៉ោង​១​ចូល​ធ្វើ​ការ​វិញ ដល់​ម៉ោង​៥​ល្ងាច​ចេញ ហូបបាយ ហើយ​ចូល​វិញ​ម៉ោង​៧​យប់ រហូតដល់​ម៉ោង​១០​យប់​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ដោយ​ក្រុមហ៊ុន​ប្រាប់​ថា​ បាន​ប្រាក់ខែ​៥៥០​ដុល្លារ តែ​មិនដែល​ឃើញ​បើក​ឡើយ​។

​ឪពុកម្ដាយ​ពលករ​ប្រទេស​ម៉ាឡេស៊ី​ទាំង​នោះ​បាន​បន្ត​ថា​ ស្រាប់តែ​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ កូនៗ​ពួកគាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ពួក​នាង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ហើយ សូម​ឲ្យជួយ​ពួក​នាង​ផង​
​ហើយ​តាំងពី​នោះ​មក ទូរស័ព្ទ​ទំនាក់ទំនង​លែង​បាន​រហូត​តែម្តង។ ពួកគាត់​បាន​លើកដៃ​សំពះ សូម​ឲ្យ​​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស សម្ដេច ​ហ៊ុន សែន​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​សង្គ្រោះ​កូនៗ​ពួក​គាត់​ឲ្យ​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ផង​។
​ ​
ក្នុង​រឿង​ខាង​លើ​នេះ​ដែរ លោក កេ​ត យ៉ុង នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ដឹង​ថា ក្រុមហ៊ុន​នាំ​ពល​ករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ខាងលើ មាន​បញ្ហា​ត្រូវ​ឡើង​តុលាការ ទើប​ខាង​សមត្ថកិច្ច​គេ​ឃាត់​ពលករ​ខា​ង​លើ​ទុក​ធ្វើ​សាក្សី​នៅពេល​សវនាការ​នៅ​ប្រទេស​ម៉ាឡេស៊ី ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ខាង​នាយកដ្ឋាន​លោក​មិន​ជឿ​នោះ​ទេ ព្រោះ​បើ​ត្រឹម​ឃាត់ទុក​ធ្វើ​សាក្សី ហេតុ​អី​សាច់ញាតិ​នៅ​ស្រុក​ខ្មែរ ទំនាក់ទំនង​មិនបាន រឿង​នេះ​ខាង​នាយកដ្ឋាន​លោក​កំពុង​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​ជួយ​ស្រាវជ្រាវ ​និង​ជួយ​ដោះស្រាយ​ក្នុង​រឿង​នេះ៕

ឪពុកម្ដាយ​របស់​​ពលករ​ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​៣​នាក់ សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​​ជួយ​​កូនៗ​គាត់ ​ ​