“ផ្តើមចេញពី​លុយ ៤០០០​រៀល​ក្លាយជា​ថៅកែ​លក់​ទា​”

ទឹក​មួយ​ដំណក់ៗ​អាច​ទំ​លុះ​ផ្ទាំង​ថ្ម​បាន​ដា​ឲ្យ​សឹក​រិ​ក​រិល​បានយ៉ាងណា​ម៉ិ​ញ​សេចក្តី​ព្យាយាម​គង់​បានសម្រេច​ដូច​ប្រាថ្នាហើយ​ភាព​អំណត់​តស៊ូ​ព្យាយាម​នេះ​ក៏​ជា​ស្ពាន​ចម្លង​មនុស្ស​ឲ្យ​បាន​ខ្ពង់ខ្ពស់​ផងដែរ ។

ជាក់ស្តែង​បុរស​វ័យ​កណ្តាល​មាន​ដើមកំណើត​នៅ​ខ្មែរក្រោម​។​​ កំពុង​ឈរ​បញ្ជា​ឱ្យ​កូនឈ្នួល​បោចរោម​ទា​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​លោក​គាង​វ៉ាង​ដែលមាន​វ័យ​៥៣​ឆ្នាំ បាន​ចេញមក​ស្វាគមន៍​អ្នកយកព័ត៌មាន​ទស្សនា​វ​ដ្តី​ខ្មែរ​អប្សរា​ហើយ​រៀបរាប់ថា លោក​មាន​ស្រុកកំណើត​នៅឯ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​និង​បានមក​នៅ​ស្រុក​ខ្មែរ កាលពី​ឆ្នាំ​១៩៩៣ ។​លោក​មាន​ភរិយា​ឈ្មោះ គឹម សុ​ភី អាយុ​៥១​ឆ្នាំ មានកូន​៤​នាក់ (​ប្រុស​៣​ម្នាក់​) ប៉ុន្តែ​ស្លាប់​ម្នាក់ ហើយពីរ​នាក់​នៅ​ស្រុក​ខ្មែរ ឯ​ម្នាក់ទៀត​នៅ​កម្ពុជា​ក្រោម ។ លោក វ៉ាង បាន​រំលឹក​អំពី​ប្រវត្តិ​របស់លោក​ឱ្យដឹងថា ក្រោយពី​ពេញវ័យ​អាយុ​១៨​ឆ្នាំ ខ្ញុំ​ក៏​ចូល​បម្រើ​យោធា​ដើម្បី​បំពេញ​កាតព្វកិច្ច ។

“ផ្តើមចេញពី​លុយ ៤០០០​រៀល​ក្លាយជា​ថៅកែ​លក់​ទា​”
 ខ្ញុំ​ត្រូវបាន​អង្គភាព​បញ្ជូន​ឱ្យមក​ស្រុក​ខ្មែរ​ក្នុងនាម​ជា​អ្នកបកប្រែ​ឱ្យ​ជំនាញការ​វៀតណាម ប្រចាំការ​នៅ​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​ចាប់ពី​ឆ្នាំ​១៩៨០​មក ។ លុះដល់​ឆ្នាំ​១៩៨៩ ខណៈដែល​ទាហាន​វៀតណាម​ដកចេញ​ពី​កម្ពុជា ខ្ញុំ​ក៏​វិល​ត្រលប់​ទៅ​ស្រុកកំណើត​វិញ​ដែរ​ហើយ​លាឈប់​ពី​កងទ័ព​មកជា​ស៊ីវិល​វឹ​ញ ។ ដោយសារ​នៅ​កម្ពុជា ក្រោម​ពិបាក​រកស៊ី​ទើប​នៅក្នុង​ឆ្នាំ​១៩៩៣ ខ្ញុំ​ក៏​នាំ​ប្រពន្ធ​និង​កូន​ឡើងមក​រស់នៅ​ស្រុក​ខ្មែរ​តាំងពី​ពេលនោះ​រហូតមក ។
 ​ថៅកែ​ទា​រូបនេះ​បាន​បន្តថា ឡើងមក​ដំបូង​ខ្ញុំ​មាន​មាស​តែមួយ​ជី​ប៉ុណ្ណោះ ហើយ​សុំ​ផ្ទះ​បងប្អូន​ជីដូនមួយ​ស្នាក់នៅ​ត្រង់​ម្តុំ​ទួល​តឹង​ក្នុង​សង្កាត់​ច្បារអំពៅ ។ គ្រានោះ​ខ្ញុំ​កាត់​មាស​លក់​៥​ហ៊ុន យកទៅ​ទិញ​សម្ភារ​ធ្វើ​នំក្រូច​នំជើងជ្រូក​លក់ តែ​ដល់​មិនសូវ​ដាច់​ក៏​ប្តូរ​ទៅ​លក់​ត្រី​ក៏​ខាត​ទៀត​នៅសល់តែ​មាស​៥​ហ៊ុន​ប៉ុណ្ណោះ ។
​លុះ​ក្រោយមក​ខ្ញុំ​ក៏​លក់​ផ្លែ​ម្នាស់​ចិត​រែក​លក់បាន​ប្រហែល​ជាង​ពីរ​ខែ​ក៏​ធ្លាក់ខ្លួន​មាន​ជំងឺ​គ្រុនពោះវៀន ។
 ព្យាបាល​ពេទ្យ​ឯកជន​អស់​លុយ​រលីង​ពី​ខ្លួន​ក៏មាន​បងប្រុស​ខ្មែរក្រោម​ម្នាក់​នាំទៅ​សម្រាក​នៅ​ពេទ្យ​សម្ភព​ក្រុង ។ លើក​កែវ​ទឹកតែ​ក្រេប​ផ្សើម​បំពង់ក​បន្តិច​លោក វ៉ាង មានប្រសាសន៍​បន្តថា កាលណោះ​ដេកពេទ្យ​បើ​គ្មាន​លុយ​បង់ថ្លៃ​ថ្នាំ គេ​មិន​មើល​ឡើយ ប៉ុន្តែ​បាន​អ្នកគ្រូ​ពេទ្យ​ចិត្តធម៌​ម្នាក់​អាណិត​ចេ​តែះ​ចាក់​ថ្នាំ​ព្យួរសេរ៉ូម​ឱ្យ​ក៏បាន​ជាសះស្បើយ​ទៅ ។
 ​រំលឹក​ដល់​រឿងនេះ​ពិតជា​កម្សត់​ណាស់ ប្រពន្ធ​ខ្ញុំ​ត្រូវ​ចុះទៅ​លក់​ដីស្រែ​អស់​ចំនួន​ពីរ​កុង (២០​អា​) ដើម្បី​យកប្រាក់​មក​បង់ថ្លៃ​ពេទ្យ ហើយ​នៅ​ម្នាក់ឯង​ឈឺ​ក្រោក​មិន​រួច​លុយ​ក៏​គ្មាន​មួយ​រៀល បើ​កុំ​តែ​បាន​អ្នកជំងឺ​ដូចគ្នា​ហុច​បាយ​សម្ល​ឱ្យ​ម្ល៉េះ​សម​ដាច់ពោះ​ស្លាប់​បាត់ទៅហើយ ។ លោក វ៉ាង បន្តថា ចេញពី​មន្ទី​ពេទ្យ​នៅសល់តែ​ប្រាក់​៤០០០​រៀល​ប៉ុណ្ណោះ ហើយក៏​មក​ស្នាក់នៅ​ជាមួយ​ឪពុកមា​នៅ​ម្តុំ​ចម្ការមន​និង​យកលុយ​នេះ​ទៅធ្វើ​ដើមទុន​លក់​ស្លឹកគ្រៃ ។​
“ផ្តើមចេញពី​លុយ ៤០០០​រៀល​ក្លាយជា​ថៅកែ​លក់​ទា​”
 ​ឆ្លៀត​ទំនេរ​ខ្ញុំ​តែង លី សែង យួរ​អីវ៉ាន់​ឱ្យគេ​រក​កម្រៃ​បន្ថែម ។   លោក​បាន​បន្តថា បើ​និយាយ ទៅ​ប្រហែលជា​គេ​មិន​ជឿ​ទេ​មើលទៅ​ដោយសារតែ​គ្មាន​លុយ ថ្ងៃ​ខ្លះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ហូប​ដំ​ឡូ​ស្ងោរ​ជំនួស​បាយ​ក៏មានដែរ ។ លុះ​មកដល់​ឆ្នាំ​១៩៩៦ ខ្ញុំ​សន្សំ​មាស​បាន​២​ជី​គាប់​ជួន​អ្នក​រាប់អាន​គ្នា​ម្នា​ក់បាន​នាំមក​ទិញ​ដី​(​កន្លែង​រស់នៅ​សព្វថ្ងៃ​) ស្ថិតក្នុង​ភូមិ​តា​ឡី​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ដី​នេះ​ម្ចាស់​គេ​លក់​តម្លៃ​៤​ជី​មាស ប៉ុន្តែ​គេ​អាណិត​គេ​យកតែ​២​ជី​មុន​ប៉ុណ្ណោះ សល់​ប៉ុន្មាន​ទុកឱ្យ​បង់​បណ្តាក់ ។ បុរស​ខ្មែរក្រោម​រូបនេះ​បានឱ្យដឹង​ទៀតថា​កាលណោះ​ខ្ញុំ​ក៏​បែកគំនិត​យកលុយ​រាប់ (​ខ្ចីលុយ​បង់​រំ​លោះ​) ដោយ​មួយខែ​ដក​ទិញ​មាស​៥​ហ៊ុន​ទុកជា​ប្រចាំ​លុះ​ឱ្យ​លុយ​ដី​គេ​រួច​អស់ ក៏​មក​ធ្វើ​ផ្ទះ​នៅទីនេះ​តែម្តងទៅ ។
​  មក​នៅទីនេះ​ដំបូង​ខ្ញុំ​នៅតែ​លក់​គ្រឿង​ស្លឹកគ្រៃ​ដដែល​លុះ​ក្រោយ​ឆ្នាំ​១៩៩៧ ខ្ញុំ​ឃើញ​គេ​លក់​ទា​នៅ​ផ្សារ​ស្ទឹងមានជ័យ ក៏​បែកគំនិត​ងាក​មក​ចាប់​របរ​នេះ​វិញ ។ ដំបូង​គឺ​ទិញ​ទារ​ស់​ពី​ផ្សារ​មក​តែ​បួនដប់ៗ​ប៉ុណ្ណោះ ព្រោះ​គ្មាន​ដើមទុន  ។ ថៅកែ​ដែល​ផ្តើមចេញពី​ដើមទុន​៤០០០​រៀល​រូបនេះ បាន​ពោលថា ខ្ញុំ​ពុំ​ធ្លាប់​នឹកស្មានថា​មាន​ថ្ងៃនេះ​ទេ ហើយ​ទាំងនេះ​គឺ កើតចេញពី​ការ​ខំប្រឹងប្រែង​ពីរ​នាក់​ប្តី​ប្រពន្ធ​ខ្ញុំ​សម្បើម​ណាស់  ។ លោក​បាន​បន្តថា ជាង​១៤​ឆ្នាំ​មកហើយ ដែល​គ្រួសារ​ខ្ញុំ​ប្រកប​របរ​លក់​ទា​នេះ ។ បើ​គិត​ជា​មធ្យម ថ្ងៃ​ធម្មតា​លក់​មិនសូវ​ដាច់​ហោចណាស់​ក៏​លក់បាន​ពី​១០០​នៅ​១៥០​ក្បាល​ដែរ ។
​ ប៉ុន្តែ​បើ​ក្នុង​រដូវប្រាំង​សម្បូរ​បុណ្យ​ការ​គឺ​លក់ដាច់​ណាស់ ធ្វើ​មិនទាន់​ឱ្យ​ម៉ូយ​ទេ រកតែ​ពេល​សម្រាក​មិនបាន​ផង ។ លោក​វ៉ាង ប្រាប់ថា សព្វថ្ងៃនេះ​មិន​ពិបាក​ដូច​មុន​ទេ ព្រោះ​ខ្ញុំ​មាន​ម៉ូយ​តាម​ហាង​គេ​ទិញ​យកទៅ​ខ្វៃ ។ របរ​នេះ​យ៉ាប់​ណាស់ដែរ​ព្រោះ​ត្រូវ​ក្រោក​តាំងពី​ម៉ោង​៣​ទៀបភ្លឺ​ប៉ុន្តែ​វា​ក៏​ទទួលបាន​ផល​សម​នឹង​ការ​ហត់នឿយ​នេះដែរ ។ សព្វថ្ងៃ​ខ្ញុំ​មានកូន ឈ្នួល​ចំនួន​៨​នាក់​សម្រាប់​ជួយ​ការងារ​នេះ ៕
ប្រភព៖ dnt-news
  • “ផ្តើមចេញពី​លុយ ៤០០០​រៀល​ក្លាយជា​ថៅកែ​លក់​ទា​”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ជីវិតនិងសង្គម
Tags: