ស្ដាប់​ប្រសាសន៍​របស់​លោក​ស្រី Melina Koulmandas រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ការ​បង្កើត​កោះ​សង្សា

​លោកស្រី​មេលីឡាគូលម៉ាន់ដាស់ (Melina Koulmandas) បាន​ធ្វើ​ដំណើរ​តាម​ស្វាមី​លោកស្រី​មក​​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ឆ្នាំ២០០៥។ លោកស្រី​និង​ស្វាមី គ្រោង​ស្នាក់​នៅ​មួយ​ឆ្នាំ ហើយ​នឹង​អាល​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។​ ប៉ុន្តែ​អាច​និយាយ​បាន​ថា​វា​ជា​ភាព​ចៃដន្យ​ដែល​លោកស្រី​បាន​បន្ត​ស្នាក់​នៅ​ស្រុក​ខ្មែរ​រហូត​មក​ទល់​នឹង​ពេល​នេះ គិត​ទៅ​វា​ចូល ១០ ឆ្នាំ​ហើយ។

 

ប៉ុន្តែ​កាលៈទេសៈ​បាន​កែប្រែ​ផែនការណ៍​របស់​លោកស្រី ហើយ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​អ្វី​មួយ​ដែល​ឥត​ព្រាងទុក ដែល​លោក​ស្រី​បាន​មក​ប្រកប​អាជីព​អភិវឌ្ឍ​កោះ​សង្សារ​ឲ្យ​ក្លាយ​ជា​ទី​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត មាន​ផ្ទះ​បណ្ដែត​ទឹក និង វីឡា​ទំនើបៗ​​ចំនួន ២៤ ខណ្ឌ​​​​​ដាច់ៗ​ពី​គ្នា។

 

​ថ្ងៃ​មួយ ក្នុង​ឱកាស​ដើរ​កម្សាន្ត​ជាមួយ​ស្វាមី និង​កូន​ប្រុស​ទៅ​កាន់​ដែន​សមុទ្រ​ខ្មែរ លោក​ស្រី​និង​គ្រួសារ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​សង្សារ​ដែល​ស្ថិត​នៅ​ចម្ងាយ ២៩ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ។ កាលណោះ មាន​អ្នក​ស្រុក​រស់​នៅ​លើ​កោះ​សង្សារ។

 

លោក Hunter ដែល​ជា​ស្វាមី បាន​ចុះ​កុងត្រា​​​ក្នុង​ទំហំ​ទឹកប្រាក់ ១៥ ០០០ ដុល្លារ​ដើម្បី​ជួល​កោះ​សង្សារ​នេះ​ក្នុង​​រយៈពេល ៩៩ ឆ្នាំ​រវាង​លោកស្រី​ក្នុង​នាម​ជា​អ្នក​វិនិយោគ និង​រាជរដ្ឋាភិបាល​កម្ពុជា។

 

ចាប់​ពី​ពេល​នោះមក លោក​ស្រី​ចាប់​ផ្តើម​អភិវឌ្ឍ​ប្រែក្លាយ​កោះ​នេះ​ឲ្យ​កាន់​តែ​ទំនើប​ជាង​មុន ពោល​គឺ​​ជារមណីយដ្ឋាន​លំដាប់​ VIP ​នេះ​ឯង។ ​នៅ​ឆ្នាំ២០០៨ លោក​ស្រី​ប្រឈម​នឹង​បញ្ហា​អសកម្ម​ខ្លះៗ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN លោក​ស្រី Melita មាន​ប្រសាសន៍​ថា​ គ្រូពេទ្យ​វិនិច្ឆ័យ​រោគ​ដឹង​ថា​លោក​ស្រី​កើត​ជំងឺ​មហារីក​ដំណាក់​កាល​ដំបូង។

 

យ៉ាងណាមិញ​​អាជីវកម្ម​របស់​លោក​ស្រី​នៅ​លើ​កោះ​សង្សារ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​កាន់​តែ​រីក​ចម្រើន​ដូច​ផ្ការីក​ពេល​ព្រឹក​ព្រលឹម​ក្នុង​នោះ​លោក​ស្រី​បាន​ចាប់​ផ្តើម​ធ្វើ​ការ​អភិវឌ្ឍ និង សាងសង់​កន្លែង​ស្នាក់​នៅ​​ប្រណីតៗ សម្រាប់​លំហែ​កម្សាន្ត​ដល់​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។

 

បច្ចុប្បន្ន កោះ​សង្សារ​មាន​ផ្ទះ​បណ្ដែត​ទឹក​​ និង វីឡា​ប្រណីត​ៗ​​ចំនួន ២៧ ខ្នង។ តម្លៃ​ស្នាក់នៅ​មួយ​យប់​ចាប់ពី ៨៦៩ ដុល្លារ​ឡើង​ទៅ។ សម្រាប់​វីឡា​ដែល​បាន​សាងសង់​នៅ​ទីនេះ​វិញ គឺ​លក់​ក្នុង​តម្លៃ​ចាប់​ពី ៦០០ ០០០ ដុល្លារ ទៅ ១,៧៥ លាន​ដុល្លារ​អាមេរិក​។ ទឹកប្រាក់​សរុប​សម្រាប់​​​វិនិយោគ​​សាងសង់​សំណង់​ផ្សេងៗ​​នៅ​លើ​​កោះ​នេះ​​នា​​ពេល​កន្លង​មក​ គឺ​មាន​ចំនួន​​២២ លាន​ដុល្លារ​ហើយ​​​។​

 

សូម​បញ្ជាក់​ថា​លោក​ស្រី Melina Koulmandas មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ហើយ​បាន​ជួប​ស្វាមី​ជា​លើក​ដំបូង​នៅ​ទីក្រុង​អ័កឡែន (Auckland) ប្រទេស​នូវែលហ្សេឡង់៕

Author: ប្រែសម្រួល៖ អន សំអាងSource: The Daily Mail និង​ Business Insider