គណៈកម្មការ​ជំនាញ​ខាងច្បាប់​នៃ​រដ្ឋសភា​ជួបពិភាក្សា​ជាមួយ​ក្រសួងយុត្តិធម៌​លើ​ការងារ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​

ភ្នំពេញ:
គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ បាន​ជួបពិភាក្សា​ការងារ ជាមួយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​សហការី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា ដើម្បី​ស្វែងយល់​ពី​ការងារ មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌ ដែល​ក្រសួង​បាន​អនុវត្ត​នាពេល​កន្លងមក​។    

​លោក ប៉ែន បញ្ញា បាន​មានប្រសាសន៍ថា  គណៈកម្មការ​ទី​៦​នៃ​រដ្ឋសភា អញ្ជើញ លោក រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​សហការី មកជួប​ប្រជុំ នាពេលនេះ គឺ​ដើម្បី​ចង់ដឹង​ពី​លទ្ធផល​ការងារ​និង​បញ្ហា​ប្រឈម របស់​ក្រសួងយុត្តិធម៌ ពិសេស​ផ្ដោតទៅលើ​ការអនុវត្ត យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ទៅនឹង ការងារ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ និង​ការកសាង​ផែនការ​ក្នុង​ការងារ​តាក់តែង​ច្បាប់ ជាដើម​។​

​លោក អង្គ វង្សវឌ្ឍានា បាន​មានប្រសាសន៍ថា​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ និង​ការកសាង​ផែនការ​បន្ត​ច្បាស់លាស់​ក្នុង​ការងារ​តាក់តែង​ច្បាប់ គឺ​ក្រសួង​មានការ​យកចិត្តទុកដាក់​ជាខ្លាំង ដោយ​ក្រសួង​ចាំបាច់ ត្រូវមាន​ឯកសារ​មាន​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​ជាច្រើន ដែល​អនុលោម​តាមច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការកសាង និង អភិវឌ្ឍ​ប្រទេស ក្នុងទិសដៅ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ដើម្បី​កំណើនសេដ្ឋកិច្ច​សង្គមជាតិ​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា កន្លងមក​ក្រសួង​បាន​កសាង​ច្បាប់​គោល​សំខាន់ៗ​ចំនួន​៤ រួចមកហើយ មាន​ជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធី​រដ្ឋប្បវេណី ហើយ​ថ្មីៗ​នេះ ក៏បាន​រៀបចំ​ច្បាប់​ធំៗ​៣​ទៀត គឺ ១-​ការរៀបចំ​អង្គការ​តុលាការ ២-​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​៣-​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​។​

 លោក​បាន​មានប្រសាសន៍​ទៀតថា បច្ចុប្បន្ន​ក្រសួង​បាន​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ចៅក្រម ព្រះរាជអាជ្ញា នៅតាម​សាលាដំបូង​ខេត្ត ក្រុង និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​បន្ថែមទៀត សំដៅ​បង្កើន​ការគ្រប់គ្រង​ការងារ​យុត្តិធម៌​ឲ្យ​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​។ ឯកឧត្តម អង្គ វង្សវឌ្ឍានា បញ្ជាក់ថា មាន​បញ្ហា​ទំនាស់​ជាច្រើន​ត្រូវបាន​ក្រសួង​ជំរុញ​ដោះស្រាយ​បានជា​បន្តបន្ទាប់ ហើយ​ថែមទាំង​បន្ត​រៀបចំ​មណ្ឌល​សេវាកម្ម​យុត្តិធម៌ តាំងពី​ថ្នាក់ជាតិ រហូតដល់​ថា្នក់​ក្រោម​ជាតិ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​ក៏​ជាការ​បន្ថយ ការកកស្ទះ​រឿងក្តី​នៅ​តុលាការ ផងដែរ​។                      

​នៅក្នុង​ឱកាស​នោះ​លោក​ប៉ែន បញ្ញា បាន​មានប្រសាសន៍​ថ្លែង​ការកោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន ក្នុង​ការធ្វើ ទំនើបកម្ម​ក្របខណ្ឌ​ច្បាប់ ការបង្កើន​ការយល់ដឹង និង លើកកម្ពស់​ការអនុវត្ត​ច្បាប់ ការកែទម្រង់​ប្រព័ន្ធតុលាការ និង​ការពង្រឹង​លើកកម្ពស់​យន្តការ នៃ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ដែល​កើតមាន​។​

​លោក​បាន​មានប្រសាសន៍ ជំរុញ​ឲ្យ​ក្រសួងយុត្តិធម៌ ធ្វើយ៉ាងណា​ឲ្យ​អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ ធានា​រក្សា​នូវ​ភាពមិនលម្អៀង និង ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន​។ ទន្ទឹមនឹងនោះ លោកប្រធាន​គណៈកម្មការ  ក៏បាន​លើក​ជា សំណូមពរ​ថា រាល់​បញ្ហា​ទំនាស់​ដែល​កើតមាន សូម​ដោះស្រាយ​ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់ សូមកុំ​ឲ្យ​មានការ​ចាប់ឃុំខ្លួន​ប្រជាពលរដ្ឋ ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពសុខដុមរមនា​នឹង​គ្នា​។ លោក បានស្នើ​ដល់​ក្រសួង ជួយ​ជំរុញ​ថវិកា​បន្ថែម​ទៅកាន់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រីក្រោមឱវាទ​នៅតាម​បណ្តា​ខេត្ត ដើម្បី​លើកទឹកចិត្ត​លើ​ការបង្កើន​ប្រសិទ្ធភាព​ក្នុង​ការងារ​យុត្តិធម៌​៕

គណៈកម្មការ​ជំនាញ​ខាងច្បាប់​នៃ​រដ្ឋសភា​ជួបពិភាក្សា​ជាមួយ​ក្រសួងយុត្តិធម៌​លើ​ការងារ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​

គណៈកម្មការ​ជំនាញ​ខាងច្បាប់​នៃ​រដ្ឋសភា​ជួបពិភាក្សា​ជាមួយ​ក្រសួងយុត្តិធម៌​លើ​ការងារ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​

គណៈកម្មការ​ជំនាញ​ខាងច្បាប់​នៃ​រដ្ឋសភា​ជួបពិភាក្សា​ជាមួយ​ក្រសួងយុត្តិធម៌​លើ​ការងារ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​