ក្រសួងការបរទេស ប្រកាស​ជួយ​ពលករ​ខ្មែរ​១៥​នាក់ ដែល​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​នៅលើ​ទូក​នេសាទ​ថៃ​

ភ្នំពេញ:
កាលពី​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ អា​ជ្ងា​ធរ​ថៃ​បាន​ឃាត់​ទូក​នេសាទ​ថៃ​ចំនួន​២​គ្រឿង ឃើញ​មាន ពលករ​ខ្មែរ​១៥​នាក់ ដែល​អា​ជ្ងា​ធរ​ថៃ​សង្ស័យ​ជា​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស ក៏បាន​នាំយក ទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល​ស្តារ​និតិ​សម្បទា​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ខេត្ត​Ranong​។​

​លោក​ជុំ សុន្ទរី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន ប្រសាសន៍​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ លោក ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ឱ្យ​ចុះសួរសុខទុក្ខ ទំនាក់ទំនង​ជាមួយ​អា​ជ្ងា​ធរ​ថៃ​ជំរុញ ឱ្យមាន​ការ​ដោះ លែង​ពលករ​ទាំង​១៥​នាក់ បាន​ឆាប់រហ័ស ហើយ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ទូក​នេសាទ​ថៃ ជូន​ដល់ ពលករ​ទាំងអស់​។​

​លោក​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែ មីនា ឆ្នាំ ២០១៦ ស្ថាន​ឯកអគ្គរាជទូត បាន​ទៅ​សួរ​សុខ ទុក្ខ​ពលករ​ទាំង​១៥​នាក់ នៅ​មជ្ឈមណ្ឌល​ខេត្ត Ranong និង​បាន​ជួប​អា​ជ្ងា​ធរ​មូលដ្ឋាន​របស់​ថៃ ដើម្បី ដោះស្រាយ ដោយ​អា​ជ្ងា​ធរ​មូលដ្ឋាន​ថៃ ស្នើ​សុំឱ្យ​ពលករ​ទាំងអស់​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​មួយរយៈ​សិន ដើម្បី ធ្វើ​សាក្សី​ក្នុងការ​ចោទប្រកាន់​ក្រុមហ៊ុន​ទូក​នេសាទ​ថៃ ពីបទ​ជួញដូរ​កម្លាំង​ពលកម្ម​មនុស្ស​។ ចំណែក នៅ​ថ្ងៃទី​២៤ ខែ មីនា ឆ្នាំ ២០១៦ តុលាការ​នឹង​កោះហៅ​សាក្សី​ទាំងអស់​ទៅ​ផ្តល់​ចម្លើយ ហើយ តុលាការ អាច​ពិចារណា​អនុញ្ញាតឱ្យ​ពលករ​ចាកចេញ​ពី​ថៃ ក្នុងករណី​ទទួលបាន​ចម្លើយ​គ្រប់គ្រាន់​ហើយ​។ ជាមួយគ្នា នេះដែរ ក្រុមហ៊ុន​ទូក​នេសាទ បាន​យល់ព្រម​ទូទាត់​ឱ្យ​ពលករ​នូវ​ទឹកប្រាក់​ចំនួន ២៥.០០០​បាត​ក្នុង ម្នាក់ៗ​រួចហើយ ដោយ​ប្រគល់ឱ្យ​មជ្ឈមណ្ឌល​រក្សាទុក​ជូន​ដល់​ជនរងគ្រោះ​។​

​លោក​បាន​អះអាងថា តាម​ការពិនិត្យ​របស់​ស្ថានទូត ពលករ​ខ្មែរ​ទាំងនេះ ត្រូវបាន​មជ្ឈមណ្ឌល​យកចិត្តទុកដាក់​មើល​យ៉ាង​ល្អ ដោយមាន​កន្លែង​ស្នាក់នៅ​សមរម្យ ការហូបចុក​៣ ពេល​ក្នុង​មួយ ថ្ងៃ និង​ម្ហូប​៣​មុខ​ក្នុង​១​ពេល ផងដែរ​។​

​ស្ថានទូត ក៏បាន​ទំនាក់ទំនង​ជូន​ព័ត៌មាន​ដល់​គ្រួសារ​ពលករ​ទាំង​១៥ នាក់ រួចហើយ ដើម្បី កុំឱ្យ មានការ​ព្រួយបារម្ភ ហើយក៏​បាន​ជួយ​សម្រួល​ឱ្យ​សាច់ញាតិ​របស់​ពលករ​មួយចំនួន​បានធ្វើ​ដំណើរ ទៅ សួរសុខទុក្ខ​ដល់​មជ្ឈមណ្ឌល នៅក្នុង​ប្រទេស​ថៃ​។​

​សូមបញ្ជាក់ថា ពលករ​ខ្មែរ​ទាំង ១៥ នាក់​នោះ មានឈ្មោះ ១- នឹម ញ៉ា​វ អាយុ ២៨​ឆ្នាំ មានស្រុក កំណើត នៅ​ខេត្តកំពង់ស្ពឺ ២- នឹម សុ​ឃឿ អាយុ ២៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ស្ពឺ ៣- នឹម សុខា អាយុ ១៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ស្ពឺ ៤- ថុ​ន ម៉ី អាយុ ៣១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​ស្វា​រៀង ៥- ថុ​ន ភា អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​ស្វា​រៀង ៦- ថុ​ន ពុធ អាយុ ២៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​ស្វា​រៀង ៧- ទូច វ៉ាន់ អាយុ ៣០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពត ៨- ធី រ៉េត​អាយុ ៤៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ ៩- ណែ មាន អាយុ ១៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ ១០- ប៊ុន ធឿន អាយុ ២៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ ១១- ឈឹម ណន អាយុ ៦២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ធំ ១២- មូល រឿន អាយុ ២៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ស្ពឺ ១៣- សាម វុទ្ធី​អាយុ ៣៣​ឆ្នាំ មាន ស្រុកកំណើត នៅ​ខេត្តកំពង់ស្ពឺ ១៤- ឃន់ សុ​ឃិន​អាយុ ៣៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ ចាម ១៥- ពូន ភា​អាយុ ២៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពត​៕​