កញ្ញា​បេ​ប៊ី ខ្វល់ខ្វាយ​ពី​ម្តាយ​ទុក​កាយ​ទំនេរ​រឿង​ស្នេហា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី កញ្ញា​បេ​ប៊ី ស្រស់​ស្អាត​ឡើងជា​លំដាប់​ស្រប​តាម​កេរ្តិ៍ឈ្មោះ​លូតលាស់​ក្នុង​ពិភព​សិល្បៈ​។   ទោះជា​យ៉ាងណា​ក្តី បេ​ប៊ី​នៅ​មិន​ទាន់​ទទួលយក​បុរស​ណា​មក​ជា​គូ​កៀក​កិត​កាយ​ទេ ។ ក្នុង​ចំណោម​តារា​ល្បី​កញ្ញា​បេ​ប៊ី មិន​ស្ងាត់​ព័ត៌មាន​ស្នេហា​ទេ ពិសេស​ល្បី​មាន​ឧកញ៉ា​ខ្លះ​ចាប់ចិត្ត​លើ​រូប​នាង​ថែម​ទៀត​ផង តែ​នាង​មិន​ពេញចិត្ត ។

កញ្ញា​បេ​ប៊ី ខ្វល់ខ្វាយ​ពី​ម្តាយ​ទុក​កាយ​ទំនេរ​រឿង​ស្នេហា

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន កញ្ញា​បេ​ប៊ី ឱ្យ​ដឹង​ថា ឥឡូវនេះ​កិច្ចការ​សិល្បៈ​របស់​នាង​មមាញឹក​ទាំង​ពិធី​ការិនី និង​ច្រៀង​តាម​ស្ថានីយទូរទស្សន៍ និង​ពិធី​មង្គលការ​នៅ​តាម​ខេត្ត ។ បើ​ទោះជា​មមាញឹក និង​ហត់នឿយ​ពេល​ចេញ​ទៅ​តាម​ខេត្ត​ក្តី បេ​ប៊ី​សប្បាយចិត្ត ព្រោះ​វា​បង្ហា​ញ​ពី​ភាព​លូតលាស់​នៃ​អាជីព ។ «​នាង​ខ្ញុំ​សប្បាយចិត្ត ស្រប​ពេល​កិច្ចការ​កំពុង​តែ​ត្រូវប៉ាន់ ជា​មធ្យោបាយ​មួយ​ជួយ​ឱ្យ​យើង​បាន​រក​ប្រាក់​សន្សំទុក ។ សិល្បៈ​មិន​ទៀង​ទាត់​ទេ យើង​ល្បី នៅ​ក្មេង​រកបាន​លុយ តែបើ​ចាស់​បន្តិច ទីផ្សារ​ការងារ​ក៏​ធ្លាក់​ចុះ​នាំ​ឱ្យ​ពិបាក » ។ នៅ​ពេល​សួរ​រឿង​ស្នេហា​ខណៈ​លេចឮ​ថា​មាន​បុរស​ក្នុង​និង​ក្រៅប្រទេស​តាម​សុំ​ស្រឡាញ់​នោះ កញ្ញា​បេ​ប៊ី​ឆ្លើយ​យ៉ាង​លឿន​ថា «​ដូចដែល​ដឹង​ហើយ​មិន​ខ្វះ​ទេ​អ្នក​តាម​ស្រឡាញ់​ចង់បាន​ខ្ញុំ ប៉ុន្តែ​ពេល​នេះ​សុំ​មិន​ទទួល​បុរស​ណា​ក្នុង​ពេល​កិច្ចការ​សិល្បៈ​រវល់​ខ្លាំង និង​ក្នុង​ពេល​ដែល​នាង​ខ្ញុំ​កំពុង​តែ​ស្រឡាញ់​សិល្បៈ និង​មើលឃើញ​សិល្បៈ​ដែល​នាង​ខ្ញុំ​ស្រ​វេ​ស្រវា​តាំងពី​ដំបូង​មក​ទល់​ពេល​នេះ​ហុច​ផ្លែផ្កា​មក​វិញ ។ ការ​បញ្ចូល​ជីវិត​ក្នុង​បញ្ហា​ស្នេហា គឺ​ពិបាក​ណាស់ ដោយសារ​តែ​ខ្លាច​គេ​ប្រចណ្ឌ ព្រោះ​យើង​ជា​អ្នកសិល្បៈ មាន​គេ​ស្គាល់​ច្រើន មិន​ថា​ប្រុស ឬ​ស្រី ហើយ​ពេល​ខ្លះ​ទៀត​យើង​ឡើង​ឡើង​លើ​ឆាក​ក្នុង​សភាព​ស្និទ្ធស្នាល​នាំ​ឱ្យ​គេ​មើលទៅ​ទើសភ្នែក ហើយ​ប៉ះពាល់​ការ​ប្រចណ្ឌ ទើប​ទុក​ចោល​រឿង​ស្នេហា​មួយអន្លើ​សិន ។ នាង​ខ្ញុំ​មិន​ចង់​ជាប់ជំពាក់​ចិត្ត​លើ​បុរស​ណា​ក្នុង​វ័យ​ដ៏​ក្មេងខ្ចី​ឡើយ ពោល​នាង​ខ្ញុំ​ចង់​នៅ​មើលថែ​ម្តាយ​ឱ្យ​បាន​ច្រើន​ជាង​នេះ គ្រា​ដែល​នាង​ខ្ញុំ​អាណិត​គាត់ ឃើញ​គាត់​ខំ​ដើរ​តាម​ខ្វាយខ្វល់ ហើយ​កាន់តែ​ស្រឡាញ់​គាត់​ពេល​គាត់​ក្លាយជា​ស្ត្រី​មេម៉ាយ​យ៉ាង​លឿន​ក្នុង​សភាព​ធ្លាប់តែ​ជួបជុំ​ស្វាមី ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចង់ឱ្យ​ម្តាយ​ឃើញ​ទឹកចិត្ត​ខ្ញុំ​ស្រឡាញ់​គាត់​ឱ្យ​បាន​ច្រើន​មុន​ពេល​យក​គូ​អនាគត​» ។

បច្ចុប្បន្ន​បេ​ប៊ី​ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង និង​សម្តែង​លោក​បញ្ញា សិទ្ធិ ដើម្បី​សម្តែង​តាម​ឆាក​តន្ត្រី ។ តារា​ពីរ​ដួង​នេះ​មាន​ក្បាច់​រាំ​យ៉ាង​រស់​រវើក ហើយ​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ៕