ឪពុក​អគតិ​ចិត្តកំណាចស្រវឹង​ប្រចណ្ឌ​ខឹង​ប្រពន្ធចាប់​កូន​អាយុ​2​ខែ​បោក​សម្លាប់

ខេត្តកំពង់ចាម ៖ ទឹក​ប្ដូរ​និស្ស័យ​បាន​ធ្វើ​ឱ្យអំណាច​នៃ​ភ្លើង​ប្រចណ្ឌ​ពុះកញ្ជ្រោល​ឡើង​លើស​ពី​១០០​អង្សា ដែល​បុរស​ម្នាក់​ឈ្មោះ អោ​ក ចាន់​ណា អាយុ​២០​ឆ្នាំ ស្ទុះ​ទៅ​ចាប់ជើង​កូនប្រុស​តូច ទើប​មាន​អាយុ​២​ខែ​ទៅ​បោក​ផ្ទប់​នឹង​ដី​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ទាំង​គ្មាន​កំហុស​អ្វី​ទាំងអស់ ។ ហេតុការណ៍​អមនុស្សធម៌​ដែល​ត្រូវ​ទទួល​នូវ​ការ​ថ្កោលទោស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមីនា នៅ​ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រួម​នឹង​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​អំពើ​ដ៏​សាហាវ​ខាងលើ​នេះ ត្រូវ​បាន​អធិការ​នគរបាល​ស្រុក​មេមត់ លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​តូច​ដែល​ទើប​មាន​អាយុ​២​ខែ ឈ្មោះ រុំ ចាន់​និ​ត ជា​កូន​ដំបូង បាន​ស្លាប់​ក្រោម​កណ្តាប់ដៃ​របស់​ឪពុក​ខ្លួន ដោយសារ​តែ​មាន​ជម្លោះ​ជាមួយនឹង​ប្រពន្ធ​ឈ្មោះ ចាន់ ណា​រី អាយុ​១៩​ឆ្នាំ បែរជា​មក​សម្លាប់​កូន​ដែល​គ្នា​មិនដឹង​អ្វី​ទាល់តែ​សោះ ដោយ​ការ​ចាប់ជើង​បោក​សម្លាប់​ដូច​បោកកង្កែប នៅ​ចំពោះ​ប្រពន្ធ​ស្រែក​ទ្រហោយំ​កប់​អាកាស​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង។

ឪពុក​អគតិ​ចិត្តកំណាចស្រវឹង​ប្រចណ្ឌ​ខឹង​ប្រពន្ធចាប់​កូន​អាយុ​2​ខែ​បោក​សម្លាប់

លោក​អធិការ​បន្ត​ថា មុន​កើតហេតុ​នា​វេលា​ល្ងាច បុរស​រូប​នេះ​បាន​ឈ្លោះប្រកែក​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន ដោយសារ​តែ​ខ្លួន​មិន​គិត​ធ្វើ​ការងារ ដើរ​តែ​ផឹកស៊ី និង​បាន​ចោទ​ប្រពន្ធ​ថា លួច​មាន​ប្រុស​ថ្មី ទើប​រូបគេ​ជា​ប្ដី​មិន​នៅ​ក្នុង​កែវភ្នែក​។ បន្ទាប់​មក បាន​ដើរទៅ​ផឹកស្រា​នៅផ្ទះ​របស់​អ្នក​ជិតខាង​ដោយ​ផឹក​អស់​៦​ដប ក៏​ស្រវឹង​ធ្លាក់​ភ្នែក​។

លុះ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ទើប​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ដែល​មាន​ចម្ងាយ​ប្រហែល​៣០​ទៅ​៤០​ម៉ែត្រ  ហើយ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​កំពុង​អង្គុយ​នៅ​ច្រកចូល​ផ្ទះ​តៀម។ នៅ​ពេល​ខ្លួន​ហៅ​បែរជា​ប្រពន្ធ​មិន​និយាយ​ស្តី ក៏​កើតជា​ការ​ខឹងសម្បា​ទៅ​ចាប់ជើង​កូនប្រុស​តូច​ដែល​កំពុង​ដេក​លក់​នៅ​ក្នុង​អង្រឹង​មក​បោក​ផ្ទប់​ទៅ​នឹង​ដី បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​មួយ​រំពេច  ។

ក្រោយ​ពេល​បោក​សម្លាប់​កូន​ហើយ បុរស​ជា​ឪពុក​អគតិ​នេះ​បាន​រត់​ចេញ​ទៅ​ខាងក្រោយ​ផ្ទះ ហើយ​ប្រពន្ធ​ក៏​បាន​ស្រែកយំ​លាន់​ទ្រហឹង​ផ្អើល​ដល់​អ្នក​ជិតខាង ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​មក​កាន់​ផ្ទះ​កើតហេតុ​ភ្លាម​ៗ ។ ស្រប​ពេល​ដែល​បុរស​ជា​ឪពុក​ចេញពី​ក្រោយ​ផ្ទះ​មក អ្នកស្រុក​ក៏​ចាប់ខ្លួន​តែ​ម្តង និង​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ទាំង​យប់ ។

ឃាតករ​សម្លាប់​កូន​ឯង​អន់​ជាង​សត្វ​តិរច្ឆាន​ឈ្មោះ អោ​ក ចាន់​ណា ឆ្លើយ​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា រូបគេ​បាន​ទៅ​ផឹកស្រា​មាន​គ្នា​៧​នាក់ អស់​ស្រា​៦​ដប។ លុះ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​ខឹង​ប្រពន្ធ​មិន​ស្ដី​រក​ក៏​បាន​ទៅ​ចាប់ជើង​កូនប្រុស​តូច​មក​បោក​ផ្ទប់​នឹង​ដី​២​ដង​បណ្ដាល​ឱ្យ​ស្លាប់ រួច​រត់គេច​ខ្លួន​ទៅ​នៅ​ក្នុង​ព្រៃ​ចម្ការ​ម្រេច​ក្រោយ​ផ្ទះ ។

លោក​អធិការ​ហុង គឹ​ម​ហឿ​ន ថ្លែង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ឃោរឃៅ​នេះ​កើតឡើង លោក​ឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​ទាំង​យប់​ដើម្បី​ពិនិត្យ​សព​ក្មេង​ប្រុស​ដែល​ទើបតែ​មាន​អាយុ​២​ខែ​នោះ  បន្ទាប់​មក​បាន​ប្រគល់​សព​ឱ្យទៅ​ម្ដាយ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ភ្លើង​ប្រចណ្ឌ​ដែល​បាន​កើតឡើង គឺ​ជន​នេះ​សង្ស័យ​ថា ប្រពន្ធ​របស់​ខ្លួន​ទៅ​លួច​មាន​ស្នេហា​ជាមួយ​ប្រុស​ផ្សេង ហើយ​ថា​កូន​តូច​នេះ មិនមែន​ជា​កូន​របស់​ខ្លួន ប៉ុន្តែ​ការ​ចោទប្រកាន់​ទៅ​លើ​ប្រពន្ធ គឺ​មិន​មាន​ភាព​ច្បាស់លាស់​ទៅ​លើ​អ្នក​ណា​ម្នាក់​ឡើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា អង្គការ​មួយ​របស់​អូស្ដ្រាលី​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ចំណែក​នគរបាល​ក៏​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជន​អគតិ​នេះ​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ៕