ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ​មួយចំនួន​ដាក់​ទំនិញ​ច្រើនជាង​ដឹក​មនុស្ស​

​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ​មួយចំនួន​ដែល​ដឹក​ភ្ញៀវ​ពី​ក្រុង​ហូជីមិញ​ប្រទេស​យួន​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត​កំពុង​ធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួន​រិះគន់​យ៉ាងខ្លាំង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​។ ដោយហេតុថា នៅក្នុង​រថយន្តក្រុង​ទាំងនោះ​ត្រូវគេ​ដក​កៅអី​ចេញ​ពាក់កណ្ដាល​ដើម្បី​យក​កន្លែង​ដាក់​ទំនិញ​ផ្សេងៗ​ជាច្រើន​ប្រភេទ​ឡើង​ពេញ​រថយន្ត​តែម្តង​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផាសុកភាព​អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង ព្រោះ​ការផ្ទុក​ទំនិញ​យ៉ាងច្រើន​ធ្វើ​ឲ្យ​មាន​ភាព​ស្អុះស្អាប់ ហើយ​មាន​ជះក្លិន​ពី​ទំនិញ​ទៀតផង​។

​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ពី​ក្រុង​ហូជីមិញ​មក​កម្ពុជា​តាម​ច្រក​បាវិត បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹក​អ្នកទេសចរ​បច្ចុប្បន្ននេះ គឺ​គេ​ដក​កៅអី​ពាក់កណ្ដាល​ដើម្បី​យក​កន្លែង​ដាក់​ទំនិញ​ពី​ប្រទេស​យួន​ចូល​កម្ពុជា​។ បើតាម​ពួកគាត់​ដឹង​ទំនិញ​ទាំងនោះ​ភាគច្រើន គឺជា​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដោយ​ម្ចាស់​ក្រុមហ៊ុន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​នៅ​ច្រកព្រំដែន និង​គយ​ចល័ត​នៅតាម​ដងផ្លូវ​ជាដើម​។ មានន័យថា​ក្រុមហ៊ុន​មួយចំនួន​យក​យីហោ​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​ភ្ញៀវទេសចរ ដើម្បី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ភ្ញៀវទេសចរ​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ដោយសារ​រថយន្តក្រុង​ដឹកទំនិញ​ច្រើនជាង​ដាក់​ភ្ញៀវ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​ក្រសួងទេសចរណ៍ ពិនិត្យឡើងវិញ​រាល់​ទង្វើ​របស់​ក្រុមហ៊ុន​ទាំងនោះ​។ ដោយហេតុថា​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ទាំងនោះ គឺ​ទទួលបាន​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​ពី​ប្រទេស​យួន​ចូល​ស្រុក​ខ្មែរ និង​ពី​ស្រុក​ខ្មែរ​ចូលទៅ​ប្រទេស​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ​។ ប៉ុន្តែ​ការពិត​គេ​បែរជាយក​អាជ្ញាប័ណ្ណ​ទៅប្រើ​ប្រាស់​សម្រាប់​ដឹកទំនិញ​គេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ច្រើនជាង​ដឹក​ភ្ញៀវ​ទៅទៀត​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​បាវិត បាន​ទទួលស្គាល់ថា ពិត​ជាមាន​ក្រុមហ៊ុន​ទេសចរណ៍​មួយចំនួន​ប្រើប្រាស់​រថយន្តក្រុង​រប​ស់​ខ្លួន​សម្រាប់​ដឹកទំនិញ​ច្រើនជាង​ដឹក​អ្នកដំណើរ​ពិតមែន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្តក្រុង​ខ្លះ​ដឹក​ភ្ញៀវ​ពី​ក្រុង​ហូជីមិញ​មក​រាជធានី​ភ្នំពេញ​ត្រឹមតែ​ជាង​១០​នាក់​ប៉ុណ្ណោះ ក្រៅពីនេះ​គេ​ដក​កៅអី​ចេញ​ដើម្បី​ដាក់​ទំនិញ​ឲ្យ​បាន​ច្រើន ហើយ​ភាគច្រើន​ជា​ទំនិញគេចពន្ធ​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ក្រុមហ៊ុន​រថយន្ត​ទេសចរណ៍​ដឹកជញ្ជូន​អ្នកដំណើរ​កំពុង​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់ខ្លួន ដើម្បី​ដឹកជញ្ជូន​ទំនិញ​យ៉ាង​រលូន​ទៅវិញ​៕

12498737_1533794510249459_2042184884_n