លោក ហ៊ុន​ សែន រិះគន់​អ្នក​កាសែតដែល​ថា​កម្ពុជា​ដូច ‘​នរក​លោកិយ’

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ​បាន​រិះគន់​ខ្លាំងៗ​លើ​អ្នក​កាសែត​បរទេស​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​​មើល​មិន​ឃើញ​​ការ​អភិវឌ្ឍ​នាពេល​ថ្មីៗ​របស់​ប្រទេស​កម្ពុជា ហើយ​ផ្ទុយ​ទៅវិញ​ចាត់ទុក​កម្ពុជា​ដូច​ “​នរក​លោកិយ”។

ថ្លែង​ក្នុង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​​ផ្លូវ​ការ​​ស្ថានីយ​អ្នក​ដំណើរ​ថ្មី​នៅ​អាកាស​យាន​​​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា របៀប​ដែល​គេ​ចាត់​ទុក​ប្រទេស​កម្ពុជា​ក្នុង​សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​អន្តរជាតិ​ គឺ​ប្រាស់​ចាក​ពី​ការ​ពិត។

លោក​បាន​មាន​ប្រសាសន៍​ថា “កម្ពុជា​មាន​ពីរ​ ទី១​គឺ​កម្ពុជា​ពិត​ និង​ទី២​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន​ ដែល​មនុស្ស​មួយ​ចំនួន​បាន​ទៅ​បរិហារកេរ្តិ៍ ឬ​និយាយ​អាក្រក់​ពី​កម្ពុជា​​ វា​សឹង​តែ​កម្ពុជា ជា​ឋាន​នរក​លោកិយ”។

“​កម្ពុជា​​លើ​​ទំព័រ​សារព័ត៌មាន​​នៅ​ក្រៅ​ប្រទេស តាម​រយៈ​​នៃ​ការ​សរសេរ​​ផ្សាយ​របស់​មនុស្ស​មួយ​ចំនួន​ រាប់​ទាំង​ជនជាតិ​កម្ពុជា​មួយ​ចំនួន​ គឺ​កម្ពុជា​នោះ​មិន​គួរ​ឲ្យ​ចង់​រស់​នៅ​ មិន​គួរ​ឲ្យ​ចង់​មក​ទស្សនកិច្ច​ទេ”។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ទទួល​ការ​ស្វាគមន៍​ពី​បុគ្គលិក​​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ កាលពី​ម្សិលមិញ។ រូបថតៈ Masayori Ishikawa

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ទទួល​ការ​ស្វាគមន៍​ពី​បុគ្គលិក​​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ កាលពី​ម្សិលមិញ។ រូបថតៈ Masayori Ishikawa

បន្ទាប់​មក លោក ហ៊ុន សែន បាន​សរ​សើរ​​​ការ​ពង្រីក​​អាកាសយានដ្ឋាន​​អន្តរជាតិ​នៅ​ក្រុង​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ​​ ដែល​បាន​ទទួល​ភ្ញៀវ​​ទេសចរ​បរទេស​​៤,៧​លាន​នាក់​ដែល​មក​ទស្សនកិច្ច​ប្រទេស​នេះ​កាលពី​ឆ្នាំ​មុន។ លោក​ក៏​បាន​លើក​ឡើង​នូវ​​សមត្ថភាព​​នៃ​ផ្លូវ​យន្តហោះ​ក្នុង​ក្រុង​ភ្នំពេញ​​ដែល​អាច​ឲ្យ​​យន្តហោះ​​​ធុនធំ​​ចុះ​ចត​បាន​ ដូច​ជា​យន្តហោះ​ដែល​ដឹក​ប្រធានា​ធិបតី​អាេមរិក​​លោក បារ៉ាក់ អូបាម៉ា និង​​លោក​ ចន ឃើរី ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​មក​​ប្រទេស​​​​​​កម្ពុជា​​ដើម្បី​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ជា​ដើម​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​​ប្រទេស​​​កម្ពុជា​​​មិន​មាន​សុវត្ថិភាព​ទេ​នោះ យន្តហោះ​​​ធំៗ​ដែល​ប្រើ​ដោយ​មេដឹកនាំ​​​នៃ​ប្រទេស​ផ្សេង​ទៀត​នឹង​មិន​អាច​ចុះ​ចត​​នៅ​ក្រុង​ភ្នំពេញ​ឡើយ។ “នេះ​គឺ​ជា​កម្ពុជា​ពិត​ មិន​មែន​កម្ពុជា​លើ​សារព័ត៌មាន​ទេ”។

ទោះ​ជា​បាន​ទទួល​ស្គាល់​ថា លោក​មាន​កំហុស​​​ដោយ​មិន​បាន​ទុក​ដី​នៅ​ជុំវិញ​​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​ នៅ​ពេល​​​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៥​ក៏​​​ដោយ ក៏​លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​មិន​មាន​ផែន​ការ​ពង្រីក​​នៅ​ពេល​អនាគត​ទេ​ ដោយ​សារ​មាន​ផល​ប៉ះពាល់​​លើ​សហគមន៍​នៅ​ជុំវិញ។

កាលពី​ពេលនោះ តំបន់​នេះ​ឥត​មាន​មនុស្ស​​រស់​នៅ​ទេ… ប៉ុន្តែ​យើង​​​ចេះ​តែ​ទុក​ឲ្យ​ប្រជា​ជន​​រស់​នៅ​រហូត​​ ពេល​នេះ​បើ​ចង់​ទៅ​ដោះ​​ច្បាស់​ជា​មាន​បាតុកម្ម​​ននាល​នៅ​ហ្នឹង​ អញ្ចឹង​ទេ​​សូម​ប៉ុណ្ណឹង​ទៅ​ចុះ”។

អ្នកស្រី ច្រាយ នីម ​តំណាង​​សហគមន៍​ថ្មគោល​ ដែល​បាន​​តវ៉ា​យូរ​មក​ហើយ​ប្រឆាំង​ការ​គំរាម​បណ្ដេញ​ចេញ​ក្នុង​ពេល​មាន​ផែន​ការ​ពង្រីក​អាកាសយានដ្ឋាន​​នេះ កាលពី​ម្សិល​មិញ​បាន​អំពាវ​នាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ផ្ដល់​ឯកសារ​ផ្លូវ​ការ។

អ្នកស្រី នីម បាន​និយាយ​ថា “ប្រសិន​បើ​រដ្ឋាភិបាល​មិន​សង់​ផ្លូវ​យន្តហោះ​បន្ថែម​ទៀត​​​​សម្រាប់​ការ​ពង្រីក​អាកាសយានដ្ឋាន​នេះ​ទេ ទី១​​​ខ្ញុំ​​​ចង់​សុំ​សម្ដេច​នាយករដ្ឋមន្ត្រី​ចេញ​ប្លង់​រឹង​​ឲ្យ​យើង ហើយ​ទី២​យើង​​​ចង់​​​បាន​​សេចក្ដី​បង្គាប់​ជា​ផ្លូវ​ការ​និង​លាយ​លក្ខណ៍​អក្សរ​​ មាន​ហត្ថលេខា​របស់​លោក​នាយករដ្ឋមន្ត្រី​ ដើម្បី​ឲ្យ​​ប្រាកដ​​ថា​គេ​នឹង​មិន​បណ្ដេញ​យើង​ទេ​នៅ​ពេល​អនាគត។

យោង​តាម​លោក ខែក នរិនដា ​អ្នក​នាំពាក្យ​​​នៅ​ក្រុមហ៊ុន​កម្ពុជា​ អ៊ែរផត បាន​ឲ្យ​ដឹង​ថា ស្ថានីយ​អ្នក​ដំណើរ​ថ្មី​​នៅ​​អាកាសយានដ្ឋាន​​ក្រុង​ភ្នំពេញ​​បាន​ប្រើ​រយៈ​ពេល​ប្រហែល​២ឆ្នាំ​​ដើម្បី​សាងសង់​ ហើយ​​ដាក់​ឲ្យ​ដំណើរ​ការ​ពេញលេញ​រយៈ​ពេល​ប្រហែល​២​​​ខែ​មក​ហើយ។

លោក​​បាន​មាន​ប្រសាសន៍​ថា ការ​ពង្រីក​ទាំង​ព្រលាន​យន្តហោះ​នៅ​ភ្នំពេញ ទាំង​នៅ​សៀមរាប បាន​​​ចំណាយ​អស់​​ប្រាក់​សរុប​១០០​​​​លាន​ដុល្លារ៕ និត (រាយការណ៍​បន្ថែម​ដោយ George Wright)

 

The post លោក ហ៊ុន​ សែន រិះគន់​អ្នក​កាសែតដែល​ថា​កម្ពុជា​ដូច ‘​នរក​លោកិយ’ appeared first on ខេមបូឌា ដេលី.