តុលាការ​កំពូល​​​​ច្រាន​​​ចោល​បណ្តឹង​​​សាទុក្ខ​​​របស់​​​​​​ស្ត្រី​​​សកម្ម​​​ជន​​​សិទ្ធិ​​​ដីធ្លី១៣នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់

ការ​​​តតាំង​​​ផ្លូវ​​​ច្បាប់​​​របស់​​​សកម្ម​​​ជន​​​សិទ្ធិ​​​ដីធ្លី​​​១៣​​​នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​តុលាការ​​​កំពូលបាន​​​​​​​តម្កល់​​​ការ​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ពី​​​បទ​​​ប្រឆាំង​​​រាជការ​​​​​​សាធារណៈ​​​ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ និង​​​កាន់​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់​​​លើ​​​អចលនវត្ថុ​​​​សាធារណៈ​​​។

ចៅ​​​ក្រម​​​ សឹង បញ្ញាវុធ បាន​​​ប្រាប់​​​តុលាការ​​​ថា “តុលាការ​​​កំពូល​​​បាន​​ច្រាន​​​ចោល​​​​​​បណ្តឹង​​​សាទុក្ខ​​​​​​របស់​​​មេធាវី​​​តំណាង​​​ចុង​​​ចោទ​​​ ហើយ​​​បាន​​​តម្កល់​​​សាល​​​ដីកា​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​”។

ស្ត្រី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្បែរ​​​តំបន់​​​បឹង​​​កក់​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១២ ពេល​​​កង​​​សន្តិសុខ​​​ព្យាយាម​​​បំបែក​​​ពួក​​​គាត់​​​អំឡុង​​​ការ​​​តវ៉ា​​​ជុំវិញ​​​ការ​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ជិត​​​៣.០០០​​​ គ្រួសារ​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​​​​ គម្រោង​​​អភិវឌ្ឍន៍​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​ម្នាក់​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

cam-photo-boeng-kak-channaស្ត្រី​​​ “បឹង​​​កក់​​​១៣” ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ និង​​​បញ្ជូន​​​ទៅ​​​កាន់​​​ពន្ធនាគារ​​​ភ្លាម​​​ៗ​​​​​​ ប៉ុន្តែ ត្រូវ​បាន​​​ដោះ​​​លែង​​​វិញ​​​១ខែ​​​ក្រោយ​​​មក ​​​បន្ទាប់​ពី​សាលា​​​ឧទ្ធរណ៍​​​បាន​​​តម្កល់​​​ការ​​​ចោទ​​​ប្រកាន់​​​ ប៉ុន្តែកាត់​​​បន្ថយ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ ​​​​ខណៈ​ពេល​រង​សម្ពាធ​​​យ៉ាង​​​​​​ខ្លាំង​​​ទាំង​​​នៅ​​​ក្នុង​​​ប្រទេស​ ​​​និង​​​ក្រៅ​​​ប្រទេស​​​​នោះ​។

វីដេអូ​​​ស្តី​​​ពី​​​ហេតុការណ៍​​​តវ៉ា​​​នេះ​​​បាន​​​បង្ហាញ​​​ថា ស្ត្រី​​​ទាំង​​​នេះ​​​នាំ​​​គ្នា​​​ច្រៀង​​​បទ​​​ចម្រៀង ​​​តវ៉ា​​​ខណៈ​​​ព័ទ្ធជុំវិញទៅដោយ​នគរ​​​បាល​​​ និង​​​កង​​​សន្តិសុខ​​​​​​ មុន​​​ពេល​​​សន្តិសុខ​​​ម្នាក់​​​រុញ​​​​ដៃ​​​ស្ត្រី​​​ម្នាក់ ដែលជាហេតុធ្វើ​ឲ្យ​ផ្ទុះ​ការ​​​​​​ប្រវាយប្រតប់​គ្នា​ទៅវិញ​​​ទៅ​​​មក​​​​។

ចៅ​​​ក្រម​​​ បញ្ញាវុធ បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​របស់​​​ចុង​​​ចោទ​​​ដែល​​​ថា ពួកគាត់​​​មិន​​​បាន​​​ប្រវាយ​​​ប្រតប់​​​ជាមួយ​​​នគរ​​​បាល ខណៈ​​​ព្យាយាម​​​សាង​​​សង់​​​ផ្ទះ​​​នៅ​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​ដោយ​​​ពន្យល់​​​ថា សាក្សី​​​ដែល​​​មេធាវី​​​របស់​​​សាលារាជធានី​​​​​​ហៅ​​​មក​​​ បាន​​​ផ្តល់​​​សក្ខី​​​កម្ម​​​គាំទ្រ​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ដំបូង​​​។

ដោយ​​​សំដៅ​​​ដល់​​​សាក្សី​​​ដែល​​​និយាយ​​​ថា ស្ត្រី​​​ទាំង​​​នេះ​មាន​​​ពិរុទ្ធភាព​​​នោះ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យោង​​​តាម​​​សក្ខី​​​កម្ម​​​របស់​​​ គង់​​​ ស៊ីថា យិន​​​ សុង និង​​​ ម៉ៅ មូ​ ចុង​​​ចោទ​​​ទាំង​​​១៣​​​នាក់​​​នេះ​​​កំពុង​​​រៀប​​​ចំ​​​សាង​​​សង់​​​ផ្ទ​​​ះ​​​​​​​​​​ ឈើ​​​មួយ​​​ខ​​​្នង​​​​​​​​​ ហើយ​​​ពេល​​​អាជ្ញាធរ​​​ទៅ​​​ឃាត់​​​ពួក​​​គាត់​​​ពួកគាត់​បាន​​​ប្រវាយ​​​ប្រតប់​​​ជាមួយ​​​នគរ​​​បាល”​​​។

ដោយ​​​សង្ឃឹម​​​ថា ឈ្មោះ​​​របស់​​​ខ្លួន​​​ត្រូវ​​​តុលាការ​​​កំពូល​​​លុប​​​ចោល​​​វិញ​​​នោះ​​​ ស្ត្រី​​​ទាំង​​​នេះ​​​ និង​​​អ្នក​​​គាំទ្រ​​​របស់​​​ខ្លួន​​​មាន​​​កំហឹង​​​យ៉ាង​​​ខ្លាំង​​​ ដោយ​​​សារ​​​សាលដីកា​​​កាល​​​ពី​​​ម្សិល​​​មិញ។​​​ពេល​​​ទទួលបាន​ដំណឹង​​​ពី​​​លទ្ធផល​​​ អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​មានគ្នា​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ស្រែក​​​​​​ទាម​​​ទារ​​​រក​​​យុត្តិធម៌ ខណៈ​​​ចុង​​​ចោទ​​​រិះគន់​​មន្ត្រី​​​តុលាការ​​​ថា កំពុង​​​ការ​​​ពារ​​អ្នក​​​មាន​​​អំណាច​​​។

អ្នកស្រី សុង ស្រីលាភ បាន​​​និយាយ​​​ពេល​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​ថា “អ្នក​​​ឯង​​​សម​​​តែ​​​រលាយ​​​សាប​​​សូន្យ​​​ចំពោះ​​​អ្វី​​​ដែល​​​អ្នក​​​ឯង​​​បាន​​​ធ្វើ​​​។ [ តុលាការ]​​​​​​ ការ​​​ពារ​​​អ្នក​​​ពុក​​​រលួយ​​​ដែល​​​មាន​​​លុយ​​​”។

ចុង​​​ចោទ​​​ម្នាក់ទៀត​ឈ្មោះ បូវ​​​ សោភា  បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​នឹង​​​ស្នើ​​​ការ​​​ព្រះ​រាជ​​​ទាន​​​​​​លើក​​​លែង​​​ទោស​​​ពី​​​ព្រះ​​​មហា​​​ក្សត្រ​​​ នរោត្តម​​​ សីហមុនី​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ”យើង​​​នឹង​​​ដាក់​​​ញត្តិ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ស្នើ​​​សុំ​​​ការព្រះរាជ​ទាន​​​លើក​​​លែង​​​ទោស​​​ពី​​​ព្រះ​​​មហាក្សត្រ​​​ដើម្បី​​​លុប​​​ឈ្មោះ​​​របស់​​​យើង​​​ចេញ​​​ពី​​​បញ្ជី​​​ពិរុទ្ធភាព​​​ព្រោះ​​​យើង​​​មិន​​​​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​”៕​​​ ស៊ុយឈាង​

 

The post តុលាការ​កំពូល​​​​ច្រាន​​​ចោល​បណ្តឹង​​​សាទុក្ខ​​​របស់​​​​​​ស្ត្រី​​​សកម្ម​​​ជន​​​សិទ្ធិ​​​ដីធ្លី១៣នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់ appeared first on ខេមបូឌា ដេលី.