ឈ្មួញ​​​ឈើ​​​កំពូល​​​ម្នាក់​​​បដិសេធ​​​នៅ​ក្នុងតុលាការ​ថា មិន​​​មែន​​​ជា ​​​ម្ចាស់​​​ឈើ​​​ដែល​​​គេ​​​សង្ស័យ​​ឡើយ

អ្នក​​​ជំនួញ​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុក​​​ស្តម្ភ​​​ម្នាក់​​​ដែល​​​សង្ស័យ​​​ថា ជួញ​ដូរ​ឈើ​​​ខុស​​​ច្បាប់​​​បាន​​​បដិសេធ​​​ថា មិន​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឈើ​​​ចំនួន​ពីរ​គំនរ​ដែល​គ្មាន​​​ឯកសារ​​​​​​​​​​​ ខណៈ​​​ត្រូវ​​​បាន​​​សាក​​​ សួរ​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ក្រចេះ​​​ កាល​​​ពី​​​ម្សិលមិញ ជាករណី​​​​​ដំបូង​​​​​​ដែល​​​តុលាការ​​​បាន​​​សាក​​​សួរ​​​ឈ្មួញ​​ឈើ​​​កំពូល​​​ម្នាក់​​​ ចាប់​​​តាំង​​​ពី​​​​​​រដ្ឋាភិបាលបាន​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​ពីរ​​​ខែ​​​កន្លង​​​មក​។

លោក​​​ វុន ប៊ុន​​ថៃ​ ឈ្មួញ​​​ឈើ​​​ដ៏​​​ល្បី​​​ឈ្មោះ​​​ បំផុត​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ជុំ​​​វិញ​​​គំនរ​​​ឈើ​​​គ្មាន​​​ឯកសារ​​​ដែលអាជ្ញាធរ​​​បាន​​​រក​​​ឃើញ​​​នៅ​​​លើ​ចម្ការ​​​ចំនួន​​​ពីរ​​​ក្នុង​​​ខេត្ត​​​នេះ ក្នុង​​​នោះ​​​មួយ​​​ជា​​​របស់​​​ក្រុម​​​ហ៊ុន China Dynamic និង​​​មួយ​​​ទៀត​​​ជា​​​របស់​​​ក្រុមហ៊ុន C&V ។

​ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​ និង​​​លោក​​​ ប៊ុន​​ថៃ​សុទ្ធ​​​តែ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ដើម្បី​​​សុំ​​​​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​។

ប៉ុន្តែ លោក ហាក់ ហ៊ន ព្រះរាជអាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​​​ឈ្មួញ​​​ឈើ​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឧកញ៉ា  វុន ប៊ុនថៃ បាន​​​មក​​​បង្ហាញ​​​ខ្លួន​​​នៅ​​​តុលាការ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​សម្រាប់​​​ការ​​​សាក​​​សួរ​​​ ប៉ុន្តែ គាត់​​​បាន​​​បដិសេធ​​​ថា ឈើ​​​ដែល​​​រក​​​ឃើញ​​​នៅ​​​លើ​​​ដី​​​ចម្ការ​​​របស់​​​ក្រុមហ៊ុន​​​ C&V និង​​​ក្រុមហ៊ុន​​​ China Dynamic មិន​​​មែន​​​​​​ជា​​​របស់​​​គាត់​​​ទេ​​​”។  ឧកញ៉ា​​​ គឺ​​​ជា​​​ងារ​​​មួយ​​​ដែល​​​ព្រះរាជទាន​​​ដោយ​​​ព្រះ​​​មហាក្សត្រ​​​ និង​​​ដែល​​​ទទួល​​​បាន​​​ដោយសារ​​​ ការ​​​បរិច្ចាគ​​​ប្រាក់​​​​អប្បបរមា ​​​១០០.០០០ ដុល្លារ​​​ចូល​​​រដ្ឋ​​​។

ព្រះរាជ​​​អាជ្ញារង​​​រូប​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា លោក ប៊ុនថៃ​ បាន​​​ទទួល​​​ស្គាល់​​​ថា ខ្លួន​​​ជា​​​ម្ចាស់​​​រោង​​​អារឈើ​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ និង​ទទួលស្គាល់​ថា បាន​​​ទិញ​​​ឈើ​​​ជា​​ប្រចាំ ​​ពី​​​​ក្រុម​ហ៊ុន​គ្រប់គ្រង​ចម្ការ​​​ទាំង​​​ពីរ​​​នេះ​​​ប៉ុន្តែ មិន​​​បាន​​​ទិញ​​​ឈើ​​​ដែល​​​ស្ថិត​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”លោក​​​ឧកញ៉ា​​​បាន​​​បង្ហាញ​​​យើង​​​នូវ​​​​ឯកសារ​​​មួយ​​​​​​​បញ្ជាក់​​​ថា ឈើ​​​របស់​​​គាត់​​​ស្រប​​​ច្បាប់​​​ ហើយ​​​ថា គាត់​​​មិន​​​មែន​​​ជា​​​អ្នក​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ឈើ​​​ដែល​​​រក​​​ឃើញ​​​ទាំង​​​នេះ​​​ឡើយ​​​”។

តំណាង​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​ចម្ការ​​​ទាំង​​​ពីរ​​​នេះ​​​ក៏​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​មក​​​សាក​​​សួរ​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ​​​ ប៉ុន្តែ មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​ឡើយ​​​។ លោក​​​ ហាក់ ហ៊ន បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ចេញ​​​ដីកា​​​កោះ​​​ហៅ​​​ពួកគេ​មក​​​សាក​​​សួរ​​​ជា​​​លើក​​​ទី​​២​​​ ហើយថា​​​​​​​នឹង​ប្រគល់​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​ឲ្យ​​​ចៅក្រម​​​សើុប​​​សួរ​​​​​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​បាន​​​មក​​​បង្ហាញ​​​ខ្លួន​​​តាម​​​ដីកា​​​កោះ​​​លើក​​​ទី​​​២នេះ​​​​។

លោក​​​ ប៊ុនថៃ​ ជា​​​អ្នក​​​ជំនួញ​​​លើក​​​ដំបូង​​​ដែលត្រូវ​​​បាន​​​សាក​​​សួរ​​​ដោយ​​​តុលាការ​​​ចាប់​​​តាំង​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​​​​នូវ​​​ការ​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​មួយ​​​ទទួល​​​បន្ទុក​​​លុប​​​បំបាត់​​​​​​ស្តុក​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​​​​ភាគ​​​បូពា៌​​​នៃ​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​មករា​​​។

អ្នក​​​ភូមិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ភ្ជាប់​​​​​​​​​អ្នក​​​មាន​​​ប្រាក់​​​ និង​​​អ្នក​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​ប្រទេស​​​ទៅ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​ខុស​​​ច្បាប់​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ។ ទោះ​​​បី​​​ជា​​​ក្រុម​​​ការងារ​​​ពិសេស​​​ថ្មី​​​នេះ​​​បាន​​​កំណត់​​​ថា លោក ប៊ុន​​​ថៃ​ និង​​​ឧកញ៉ា​​​ផ្សេង​​​ទៀត​​​ជា​​​ជន​​​សង្ស័យ​​​ក៏​​​ដោយ​​​ក៏​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​តែ​​​មាន​​​មន្ទិល​​​​​​ថា សកម្មភាព​​​របស់​​​ក្រុម​​​នេះ​​​នឹង​​​មិន​​​នា​​​ំ​​​ទៅរក​​​ការ​​​ផ្តន្ទា​ទោស​​​​​​ដ៏​​​មាន​​ន័យ​នោះ​​​ដែរ​​​ ហើយ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​ដូច្នេះ​​​មែន​​​ក៏​​​ដោយ វា​​​មាន​​​តែ​​​ធ្វើ​​​ឲ្យ​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​ខុស​​​ច្បាប់​​​របស់​​​បុគ្គល​​​មាន​​​អំណាចដ៏សំខាន់​មួយ​​​ចំនួន​​​កាន់​​​តែ​​​រឹង​​​មាំ​​​ទៅវិញទេ​។

លោក ទ្រី ភាព ឈ្មួញ​​​ឈើ​​​ដែល​​​ល្បី​​​ឈ្មោះ​​​ បំផុត​​​ខាង​​​រឿង​​​មិន​​​ល្អ​​​នៅ​​​កម្ពុជា ​​​ភាគ​​​ច្រើន​​​រួច​​​ផុត​​​ពី​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​នេះ​​​ ហើយ​​​នៅ​​​តែ​​​រក្សា​​​បាននូវ​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្តាច់​​​មុខ​​​ជាមួយ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​សិទ្ធិ​​​ដំបូង​​​គេ​​​ដើម្បី​​​ប្រមូល​​​ទិញ​​​ឈើ​​​គ្មាន​​​ឯកសារ​​​ដែល​​​អាជ្ញាធរ​​​រឹប​​​អូស​​​បាន​​​។

នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ជា​​​ខេត្ត​​​ជាប់​​​ខេត្ត​​​ក្រចេះ ​​​លោក ហៀង សុភ័ក្រ​​​ ព្រះរាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា រូប​​​លោក​​​​​​ក៏​​​បាន​​​កោះ​​​ហៅ​​​លោក  ប៊ុន ថៃ មក​​​សាក​​​សួរ​​​ដែរ​​​ ពាក់​​​ព័ន្ធ​​​គំនរ​​​ឈើ​​​ដាច់​​​ដោយ​​​ឡែក​​​ផ្សេង​​​ៗ​​​ទៀត​​​ ជា​​​មួយ​​​នឹង​​​ឧកញ៉ា​​​ម្នាក់​​​ទៀត​​​គឺ​​​លោក លឹម ប៊ុណ្ណា ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ខ្ញុំ​​​ទទួល​​​បាន​​​ឯកសារ​​​ពី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​រួច​​​ហើយ​​​ហើយ​​​ថ្មី​​​ៗ​​​នេះ​​​ខ្ញុំ​​​បាន​​​ចេញ​​​ដីកា​​​កោះ​​​ហៅ​​​ចំនួនពីរ​​​ដើម្បី​​​ហៅ​​​លោក​​​ វុន ប៊ុនថៃ និង​​​លោកឧកញ៉ា លឹម ប៊ុណ្ណា មក​សាកសួរ​”។ លោក​​​បាន​​​បន្ថែមថា លោក​​​មិនចាំ​ថ្ងៃ​​​ណាត់​​​ជួប​​​របស់​​​តុលាការ​​​ទេ​។

កាល​​​ពីខែ​​​មករា ​​​អាជ្ញាធរ​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ ឃ្មុំ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​៨៤​​​ដុំ​​​កប់​​​នៅ​​​ក្នុង​​​ដី​​​ដែល​​​លោក​​​ ប៊ុនថៃ​ បាន​​​ប្រើ​​​ប្រាស់​​​ជាច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ដើម្បី​​​ស្តុក​​​ឈើ​​​ និង​​​​កន្លែង​​​កប់​​​ឈើ​​​ទី​​​២​​​​ចម្ងាយ​​​១គីឡូម៉ែត្រ​​​ពី​​​រោង​​​អារឈើ​​​មួយ​​​ក្នុង​​​ចំណោម​​​រោង​​​អារឈើ​​​របស់​​​គាត់​​។

រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​លោក លឹម ប៊ុណ្ណា កាន់​​​កាប់​​​ឈើ​​​បន្សល់​ទុក​ដោយ​ក្រុម​ហ៊ុន​កសិកម្ម​​​​​​ខ្មែរ​​​​​​អង្គរ​​​​​​ ដែល​​​ចម្ការ​​​របស់​​​ខ្លួន​​​​ត្រូវ​​​បាន​​​ដក​​​ហូត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​ក្នុង​​​ហេតុផល​​​គេ​មិន​បញ្ជាក់​ប្រាប់​​​​ ហើយ​​​​​ក៏​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ក្រុម​​​ការ​​​ងារ​​​ថ្មី​នេះ​​​​​​ដែរ​នោះ​៕ស៊ុយឈាង​

The post ឈ្មួញ​​​ឈើ​​​កំពូល​​​ម្នាក់​​​បដិសេធ​​​នៅ​ក្នុងតុលាការ​ថា មិន​​​មែន​​​ជា ​​​ម្ចាស់​​​ឈើ​​​ដែល​​​គេ​​​សង្ស័យ​​ឡើយ appeared first on ខេមបូឌា ដេលី.