រដ្ឋាភិបាល​នឹង​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​៨​ក្រសួង​នៅ​ខែ​ក្រោយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​​ថា​ នឹង​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ចំនួន​ ៨​ក្រសួង នៅ​ដើម​ខែ​មេសា និង​ដាក់​ឲ្យ​អភិបាល​ខេត្ត​ចំនួន ​៤​រូប ​ឲ្យ​ចូល​និវត្ត​​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នា​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ មីនា។

លោក​បន្ត​ថា ទោះបីជា​រដ្ឋមន្ត្រី​ទាំង​ ៨​រូប​នោះ ដឹង​ខ្លួន​ថា នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​ពី​តំណែង​ក្ដី តែ​ត្រូវ​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​​រហូត​មុន​ថ្ងៃ​ទី​៤ មេសា ទើប​ត្រូវ​ប្រកាស​ផ្លាស់​ប្ដូរ​ចេញ៖ «ការ​កែ​សម្រួល​គណៈរដ្ឋមន្ត្រី ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៤ មេសា ២០១៦ ខាងមុខ​នេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ។ មិនមែន​មាន​រដ្ឋមន្ត្រី​អាក្រក់​ទាំងអស់​ទេ ប៉ុន្តែ​មាន​រដ្ឋមន្ត្រី​ស្ទក់​ស្រពន់​មួយ​ចំនួន​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​សម្រួល ដើម្បី​អោយ​ការងារ​ប្រទេស​ជាតិ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់»

កាល​ពី​យប់​ថ្ងៃ​ទី​១៦ មីនា អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ​គណៈរដ្ឋមន្ត្រី នៅ​ពាក់​កណ្ដាល​អាណត្តិ​ទី​​៥​នេះ។

ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ក៏​រិះគន់​យ៉ាង​ខ្លាំង​ដល់​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក លោក អ៊ុក រ៉ាប៊ុន ថា ជា​ក្រសួង​ដែល​អន់​ជាង​គេ ក្នុង​ចំណោម​ក្រសួង​ទាំងអស់។

ចំណែក​អភិបាល​ចំនួន​៤ គឺ​ខេត្ត​កំពង់ស្ពឺ កំពត បន្ទាយមានជ័យ និង​ស្វាយរៀង ក៏​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ចេញ ដោយ​ពួកគេ​ដល់​​អាយុ​ចូល​និវត្តន៍។

កាល​ពី​ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​ប្រកាស​ថា នឹង​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ចំនួន​៦ គឺ​អភិបាលខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយ​ជ័យ​ នៅ​ឆ្នាំ​២០១៦​នេះ ដោយ​អះអាង​ថា ពួកគេ​ដល់​អាយុ​ចូល​និវត្តន៍​ដូចគ្នា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។