អាមេរិកអំពាវនាវ ឲ្យកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតម្នាក់ ឲ្យបានលឿនបំផុត ក្រោយពីត្រូវបានកាត់ទោស យ៉ាងធ្ងន់ធ្ងរ

កូរ៉េខាងជើង៖ ប្រហែលជាប៉ុន្មានម៉ោងមុននេះ សហរដ្ឋអាមេរិក បានធ្វើការអំពាវនាវ ជាផ្លូវការមួយ ដើម្បីស្នើឲ្យ ប្រទេសកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតសញ្ជាតិអាមេរិកម្នាក់ ឲ្យបានលឿនបំផុត ក្រោយពីរូបគេ ត្រូវតុលាការសម្រេច ដាក់ទោសយ៉ាងធ្ងន់ធ្ងរ រួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា និស្សិតម្នាក់ឈ្មោះថា Otto Warmbier អាយុ២១ឆ្នាំ ត្រូវបានចាប់ខ្លួន ពីបទព្យាយាម លួចយកនូវស្លាកសញ្ញាផ្សព្វផ្សាយនយោបាយ ពីសណ្ឋាគារមួយ នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីអំឡុងពេលដែលរូបគេធ្វើដំណើរកំសាន្ត នៅទីនោះក្នុងខែមករា។

អាមេរិកអំពាវនាវ ឲ្យកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតម្នាក់ ឲ្យបានលឿនបំផុត ក្រោយពីត្រូវបានកាត់ទោស យ៉ាងធ្ងន់ធ្ងរ
Otto Warmbier ពេលកំពុងនៅក្នុង សវនាការកាត់ក្តី

ផ្អែកលើការដកស្រង់ ចេញពីរបាយការណ៍ នៃសារព័ត៌មានជាតិ របស់កូរ៉េខាងជើង បានបង្ហាញថា Warmbier ត្រូវបានថ្កោលទោស នៅក្នុងមាត្រាមួយនៃទោសឧក្រិដ្ឋ ទាក់ទងនឹងការ បះបោរដើម្បីផ្តួលរំលំរបបគ្រប់គ្រងរដ្ឋ ហើយជាលទ្ធផល រូបគេត្រូវបានតុលាការកំពូល ប្រកាសសាលក្រម សម្រេចទោសតម្រូវឲ្យ ធ្វើការធ្ងន់ធ្ងរ រយៈពេល១៥ឆ្នាំ។

ជុំវិញករណីនេះដែរ លោក Josh Earnest អ្នកនាំពាក្យឲ្យសេតវិមានរបស់សហរដ្ឋអាមេរិក បានចោទទៅលើកូរ៉េខាងជើង ជុំវិញការប្រើប្រាស់ពលរដ្ឋអាមេរិក ធ្វើជាកូនអុកដើម្បីបន្តកិច្ចការនយោបាយ។ តែយ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ ក៏បាននិយាយទៀតថា “ពួកយើងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឲ្យរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ធ្វើការលើកលែងទោស និងផ្តល់នូវការត្រាប្រណីជាសាធារណៈ ដល់និស្សិតម្នាក់នោះ ព្រមទាំងអាចធ្វើការ ដោះលែងរូបគេ ឲ្យបានលឿនបំផុត”។

គូសបញ្ជាក់ផងដែរថា ការសម្រេចទោស ទៅលើនិស្សិតអាមេរិក រូបនេះយ៉ាងធ្ងន់ធ្ងរ អាចបណ្តាលមកពី ភាពតានតឹងរវាង ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន។ ក្នុងនោះដែរ អ្នកទេសចរអាមេរិក ដែលធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងជើង គឺស្របច្បាប់ ក៏ប៉ុន្តែនាយកដ្ឋានរដ្ឋអាមេរិក បានធ្វើការផ្តល់ដំបូន្មានយ៉ាងមុតមាំ ដើម្បីកុំឲ្យ ពលរដ្ឋរបស់ខ្លួន ធ្វើដំណើរកំសាន្តទៅទីនោះផងដែរ៕

អាមេរិកអំពាវនាវ ឲ្យកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតម្នាក់ ឲ្យបានលឿនបំផុត ក្រោយពីត្រូវបានកាត់ទោស យ៉ាងធ្ងន់ធ្ងរ
អាមេរិកអំពាវនាវ ឲ្យកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតម្នាក់ ឲ្យបានលឿនបំផុត ក្រោយពីត្រូវបានកាត់ទោស យ៉ាងធ្ងន់ធ្ងរ
Otto Warmbier ពេលនាំខ្លួនចេញពី តុលាការក្រោយប្រកាសសាលក្រម

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត