តើ​មហាសេដ្ឋី​លេខ ៩៤ ពិភពលោក Charoen Sirivadhanabhakdi ស្ថាបនិក​ស្រាបៀ Chang មាន​ប្រវត្តិ​ដូច​ម្តេច​ខ្លះ?

លោក Charoen Sirivadhanabhakdi គឺ​ជា​មហាសេដ្ឋី​សញ្ជាតិ​ថៃ​ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស លោក​គឺ​ជា​វិនិយោគិន និង ជា​ប្រធាន​ក្រុមហ៊ុន Thai Beverage ដែល​ជា​ក្រុមហ៊ុន​ផលិត និង​វេច​ខ្ចប់​ដ៏​ធំ​នៅ​អាស៊ីអាគ្នេយ៍​ដោយ​បាន​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​បណ្តា​ប្រទេស​អឺរ៉ុប​ជា​ច្រើន។ បន្ថែម​ពី​លើ​នេះ​លោក​នៅ​ជា​ ប្រធាន​ក្រុមហ៊ុន Fraser and Neave Ltd ដែល​ជា​ក្រុមហ៊ុន​វេច​ខ្ចប់​ដៃ​គូ​របស់​ក្រុមហ៊ុន​នៅ​សិង្ហបុរី​ទៀត​ផង​ ហើយ​លោក​នៅ​មាន​ផ្សា​ទំនើប​មួយ​ដ៏​ធំ​ក្នុង​ទីក្រុង​បាងកក​មាន​ឈ្មោះ​ថា Pantip Plaza។ មក​ដល់​ដើម​ឆ្នាំ ២០១៦ លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៩៤ ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ ១១,៩ ពាន់​លាន​ដុល្លារ​អាមេរិក។ តើ​មហាសេដ្ឋី​វ័យ​ជាង ៧០ ឆ្នាំ រូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​ខ្លះ​ក្នុង​ជីវិត​របស់​លោក។

 

លោក Charoen Sirivadhanabhakdi កើត​នៅ​ថ្ងៃ​ទី ០២ ឧសភា ឆ្នាំ ១៩៤៤ ក្នុង​ប្រទេស​ថៃ ក្នុង​គ្រួសារ​ថៃ​កាត់​ចិន ដែល​ជា​គ្រួសារ​ក្រីក្រ​មួយ​លក់​ឥវ៉ាន់​តាម​ចិញ្ចើម​ផ្លូវ ដែល​ជា​គ្រួសារ​ភៀសខ្លួន​ពី​ប្រទេស​ចិន​ភាគ​ខាង​ត្បូង មក​រស់​នៅ​បាងកក។ លោក Charoen Sirivadhanabhakdi បាន​ឈប់​រៀន​ក្នុង​វ័យ ៩ ឆ្នាំ ដើម្បី​ធ្វើ​ការងារ ហើយ​បច្ចុប្បន្ន​នេះ​លោក​និយាយ​ភាសា​ចិន Teochew និង ភាសា​ថៃ។

 

លោក Charoen បាន​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ដំបូង​ខាង​ផ្នែក​ចែកចាយ​ស្រា​វីស្គី​ថៃ ឲ្យ​រោង​ចក្រ​ផលិត​ស្រា​មួយ​ក្នុង​ស្រុក ដោយ​លោក​ទទួល​បាន​សិទ្ធ​ផ្ដាច់​មុខ​ក្នុង​ការ​ចែកចាយ​។ តាម​រយៈ​ទំនាក់​ទំនង​ដែល​លោក​បាន​ទាក់​ទង​នឹង​មន្ត្រី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ក្នុង​ការ​ចែកចាយ​លោក​ទទួល​បាន អាជ្ញាប័ណ្ណ​ ឲ្យ​ផលិត​ស្រា​ខ្លួន​ឯង​ ប៉ុន្តែ​រាល់​ស្រា​ដែល​ផលិត​បាន​គឺ​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ​នា​សម័យ​កាល​នោះ​ ដោយ​លោក Charoen ទទួល​បាន​សិទ្ធ​តែ ១៥% ប៉ុណ្ណោះ​ពី​អ្វី​ដែល​លោក​ផលិត​បាន​ក្នុង​ការ​ចែក​ចាយ​លើ​ទីផ្សារ។

 

នៅ​ឆ្នាំ ១៩៨៥ ចំនួន ៨៥%​ទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ត្រូវ​បាន​បើក​ឲ្យ​ដេញ​ថ្លៃ ដោយ​លោក Charoen បាន​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​យក​ដែល​ធ្វើ​ឲ្យ​លោក​មាន​សិទ្ធ​កាន់​កាប់​ក្រុមហ៊ុន ១០០% ។ នៅ​ឆ្នាំ ១៩៩១ លោក Charoen បាន​បង្កើត​ក្រុម​ផលិត​ភេសជ្ជៈ​មួយ​ជាមួយ​ក្រុមហ៊ុន​ដាណឺម៉ាក​មាន​ឈ្មោះ​ថា Carlsberg ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ថៃ។

 

៣ ឆ្នាំ​ក្រោយ​មក​ទៀត​ ដោយ​ផ្នែក​លើ​អ្វី​ដែល​លោក​បាន​រៀន​សូត្រ​ពី​ក្រុមហ៊ុន Carlsberg លោក​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ស្រាបៀ​ខ្លួន​ឯង​មួយ​មាន​ឈ្មោះ​ថា Chang ដោយ​ក្នុង​រយៈ​ពេល​តែ ៥ ឆ្នាំ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ស្រាបៀ​ Chang បាន​កាន់កាប់​ទីផ្សារ​ស្រាបៀ​នៅ​ក្នុង​ប្រទេស ថៃ​ដល់​ទៅ ៦០%។ នៅ​ឆ្នាំ ២០០៣ ក្រុមហ៊ុន Carlsberg បាន​ដក់​ប្រាក់​ទុន​ខ្លួន​ចេញ​ពី​ការ​វិនិយោគ​រួម​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក Charoen ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទិញ​យក​ក្រុមហ៊ុន​នេះ​ទាំង​ស្រុង​ក្នុង​តម្លៃ​ទឹកប្រាក់​ ១២០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៥។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com