អ្នកនាំពាក្យ ៖ សំណើ​រុះរើ​គណៈរដ្ឋមន្ត្រី​នឹង​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​រសៀល​នេះ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សំណើសុំ​ផ្លាស់​ប្តូរ​គណៈរដ្ឋមន្ត្រី (​ប្តូរ​រដ្ឋមន្ត្រី​) គឺ​រដ្ឋសភា​បាន​ទទួល​ហើយ ហើយ​ថា​រសៀល​ថ្ងៃ​ទី​១៧ មីនា ២០១៦​នេះ នឹង​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​និង​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បៀ​ប​វារ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នា​ពេល​ខាង​មុខ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​៧-៨​រូប ប៉ុន្តែ​សម្តេច​មិន​បង្ហើប​ថា​តើ​រដ្ឋមន្ត្រីក្រសួង​ណាខ្លះ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៍បាន​ប្រកាស​ផ្លាស់​ប្តូរ​អភិបាលខេត្ត​ចំនួន​៤​រូប​ដែល​ដល់​អាយុ​ចូល​និវត្តន៍ ក្នុង​នោះ​មាន​ខេត្តកំពត កំពង់ស្ពឺ ស្វាយ​រៀង និង ខេត្តបន្ទាយមានជ័យ ៕