រក​ចោរលួច​ទូរស័ព្ទ​តម្លៃ​អស់​រាប់​ម៉ឺន​ដុល្លារ​មិនឃើញ បង្ក​​​ក្តី​បារម្ភ​ស្ទើរ​រាល់ថ្ងៃ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្ទះល្វែង​ក្នុង​បុរី​ស្ទឹង​សង្កែ ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​និង​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​អសន្តិសុខ ដោយសារ​តែ​មាន​ក្រុម​ចោរ​ហារ​រយ​ដើ​រលួយ​ទ្រព្យសម្បត្តិ​ស្ទើរ​រាល់​យប់ ដែល​សមត្ថ​កិច្ច​ហាក់​មិន​មាន​វិធានការ​ទប់ស្កាត់ ឬ​មិន​អាច​បង្ក្រាប​បាន ។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា អ្នក​រស់នៅ​ក្នុង​បុរី​ស្ទឹង​សង្កែ​ស្ទើរ​គ្រប់​ផ្ទះ បាន​បាត់បង់​ទ្រព្យសម្បត្តិ ចាប់តាំងពី​ចូល​ទៅ​រស់នៅ​ក្នុង​បុរី​នេះ ។  ក្រុម​​​​ចោរ​តែង​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ពេល​យប់ ដូច​ជា​សម្លៀក​បំពាក់ ឬ​សម្ភារ​ផ្សេង​ៗ ដែល​ទុក​នៅ​ខាងក្រោយ​ផ្ទះ ។

ប្រជាពលរដ្ឋ​បន្ត​ថា ពួក​គាត់​ធ្លាប់​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​ជា​បន្តបន្ទាប់​ដែរ តែ​សមត្ថកិច្ច​ហាក់​ធ្វើ​មិនដឹងមិនឮ ហើយ​គ្មាន​វិធាន​ការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ ។ ដោយសារ​តែ​ការ​មិន​អើពើ​របស់​សមត្ថកិច្ច​បែប​នេះ ទើប​ធ្វើ​ឱ្យ​ក្រុម​ចោរ​កាន់តែ​បាន​ដៃ​រហូត​ហ៊ាន​ចូល​លួច​ទូរស័ព្ទ​ដៃ ក្នុង​ហាង​លក់​ទូរស័ព្ទ​ដ៏​ធំ​មួយ ដែល​ម្ចាស់​ហាង​ជា​ជំនួយការ​ផ្ទាល់​លោក​អភិបាលខេត្ត អស់​រាប់​រយ​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​អស់​ជាង​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ  ។ ចោរគាស់ផ្ទះជំនួយ​ការអភិបាលខេត្តបាត់ដំបង​យកទូរស័ព្ទ​ដៃ​គិត​ជាបា្រក់ជាង៦ម៉ឺនដុល្លារ

រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​តែ​មិន​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​នៅឡើយ ។  បច្ចុប្បន្ន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​ស្ទឹង​សង្កែ កំពុង​បារម្ភ​ទ្វេរ​ដង​អំពី​បញ្ហា​អសន្តិសុខ​នេះ ក្រោយ​ពី​មាន​ចោរ​ចួ​ល​លួច​ទូរស័ព្ទ​រាប់រយ​គ្រឿង នៅ​ក្នុង​ហាង​របស់​មន្ត្រី​ជំនួយ​ការ​លោក​អភិបាលខេត្ត​នោះ​មក ខណៈ​ក្រុម​ចោរ​កំពុង​មាន​សេរីភាព​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច មេត្តា​ជួយ​អន្តរាគមន៍​តាម​ឃ្លាំមើល​សកម្មភាព​ក្រុម​ចោរ ដែល​តែង​ធ្វើ​សកម្មភាព​នៅ​ក្នុង​បូ​រី​ស្ទឹង​សង្កែ​ផង ព្រោះ​ពេល​នេះ ពួក​គាត់​កំពុង​រស់នៅ​ជាមួយនឹង​ភាព​ភ័យ​ខ្លាច​ស្ទើរ​រៀង​រាល់​យប់ ។