សារមន្ទីរ​ព្រះ​នរោត្ដម សីហ​នុ អង្គរ ត្រូវ​បាន​ធ្វើការ​ជួសជុល​ឡើង​វិញ

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្តី​ពី​ការ​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ អង្គរ ជាមួយ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អីុ​អុង និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា ក្រោម​អធិបតីភាព​លោក ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក Hiroshi Yokoo ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ជា​ប្រធាន​ក្លិប​មូលនិធិ អីុអុង និង​លោក​សាស្ត្រាចារ្យ​Yoshiaki Ishizawa ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​សាកល​វិទ្យា​សូ​ហ្វ៊ី​យ៉ា ។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​ដោយ​យោង​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ រវាង​ភាគី​៤​គឺ អាជ្ញាធរ​ជាតិ​អប្សរា មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អីុអុង សាកលវិទ្យា​ល័យ​​សូ​ហ្វ៊ី​យ៉ា និង​ក្រុមហ៊ុន​សា​តូ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ ។

តាម​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អីុ​អុង ទទួល​បន្ទុក​ចំណាយ​ទាំងស្រុង​លើ​ការងារ​ជួសជុល​ដំបូល​លេច​ទឹក ជញ្ជាំង​ជ្រាប​ទឹក លាបថ្នាំ ជួសជុល​បង្អួច និង​កម្រាល​ឥដ្ឋ​សាល​ពិព័រណ៍ ។ អាជ្ញាធរ​ជាតិ​អប្សរា ទទួល​បន្ទុក​ដឹក​ជញ្ជូន​ចម្លាក់​មុន​និង​ក្រោយ​ការងារ​ជួសជុល សម្របសម្រួល​ការងារ​ផ្សេង​ៗ និង​ចូលរួម​ជួសជុល​ចំណុច​ផ្សេង​ៗ​ទៀត តាម​លទ្ធភាព​ជាក់ស្តែង ។ ចំណែក​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា ទទួល​បន្ទុក​ផ្តល់​ប្រឹក្សា​លើ​ការងារ​ជួសជុល និង​លើ​ដំណើរការ​ពិព័រណ៍​សារមន្ទីរ​បន្ទាប់​ពី​ជួសជុល​ហើយ ។

លោក Hiroshi Yokoo មាន​ប្រសាសន៍​ថា ការ​រួមចំណែក​នៃ​ក្លិប​១%​របស់​ក្រុមហ៊ុន​អីុ​អុង​នោះ គឺជា​សកម្មភាព​ដើម្បី​ចូលរួម​តបស្នង​ដល់​សង្គម ។ ការ​ដែល​យើង​បាន​មក​ជួសជុលសា​ជា​ថ្មី​ម្តងទៀត​នេះ គឺជា​មោទនភាព​របស់យើង វា​ធ្វើ​ឱ្យ​យើង​សប្បាយចិត្ត និង​ធ្វើ​ឱ្យ​ចិត្ត​យើង​ជ្រះថ្លា​ដូច​បាន​ធ្វើបុណ្យ​ទាន​ផ្សេង​ៗ​ដែរ ។ លោក​បន្ថែម​ថា ការងារ​ជួសជុល​អាច​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

លោក​បណ្ឌិត ស៊ុំ ម៉ា​ប់ បាន​ថ្លែងអំណរគុណ​និង​អបអរសាទរ​ចំពោះ​មូលនិធិ​ក្លិប​១%​នៃ​ក្រុមហ៊ុន​អីុ​អុង ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ការងារ​អភិរក្ស​បេ​តិក​ណ្ឌ​វប្បធម៌ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ដូច​ជា​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែរ ។ មិន​ត្រឹមតែ​សារមន្ទីរ​ប៉ុណ្ណោះ​ទេ នៅ​ឆ្នាំ​២០០៣​កន្លង​មក មូលនិធិ​នេះ​ក៏​បាន​ចូលរួម​ដាំ​កូន​ឈើ​អនុស្សាវរីយ៍​មួយ​កន្លែង​នៅ​ក្បែរ​សួន​គ្រឿងទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក ស៊ុំ ម៉ា​ប់ បន្ត​ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នៅ​ពេល​ខាង​មុខ មូលនិធិ​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស  ជួយ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក ក៏​ដូច​ជា​ជួយ​លើកតម្កើង​ជីវភាព​ប្រជាជន​ក្នុង​រមណីយដ្ឋាន​អង្គរ តាម​រយៈ​ក្រុមការងារ​សហគមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ជាដើម ។

គួរ​រំឭក​ថា សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ អង្គរ​នេះ បាន​ចាប់ផ្តើម​កសាង​ឡើង​នៅ​ឆ្នាំ​២០០៧ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា ដោយ​«​មូលនិធិ​នៃ​ក្លិប​១%»​របស់​ក្រុមហ៊ុន​អីុ​អុង ដើម្បី​ដាក់​តាំង និង​តម្កល់​វត្ថុ​បុរាណ ដែល​បាន​រក​ឃើញ​ក្នុង​ពេល​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា កាលពី​ឆ្នាំ​២០០០ និង​២០០១​នៅ​ប្រាសាទបន្ទាយក្តី ៕